(ក្រចេះ)៖ លោក គង់ គឹមនី អភិបាលរងខេត្ត និងជាប្រធានក្រុមការងារ ចុះដោះស្រាយជំលោះដីធ្លីថ្នាក់ខេត្ត ដោយមានការសម្របសម្រួល ពីព្រះរាជ្ញារង នៃសាលាដំបូងខេត្ត បានដឹកនាំកងកម្លាំង, មន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរដែនដីភូមិ ឃុំ ប៉ុស្តិ៏រដ្ឋបាល និងសហការីក្រុមការងារ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០នេះ បានចុះទៅអនុវត្តវិធានការជាក់ស្ដែង ដល់ទីតាំងដែលបងប្អូនប្រជាពលរដ្ឋ ចូលទន្រ្ទានកាន់កាប់ដីឯកជនរបស់រដ្ឋ ដែលបានផ្ដល់សិទ្ធសម្បទានសេដ្ឋកិច្ច ជូនក្រុមហ៊ុនការម៉ាដេនូ វេនឈ័រ ខេមបូឌា លីមីធីត និងក្រុមហ៊ុនអេហ្គ្រីន ដែលមានទីតាំង នៅស្រុកសំបូរ ខេត្តក្រចេះ។
លោក គង់ គឹមនី បានបញ្ជាក់ឲ្យដឹងថា នៅក្នុងប្រតិបត្តិការចុះបង្ក្រាប ទប់ស្កាត់នៃការចូលទន្រ្ទាន កាន់កាប់ដីឯកជនរបស់រដ្ឋ ដែលបានផ្ដល់សិទ្ធសម្បទានសេដ្ឋកិច្ច ជូនក្រុមហ៊ុននេះ មិនមែនជាការបំរើផលប្រយោជន៍ ឲ្យទៅក្រុមហ៊ុនណាមួយនោះទេ គឺជាវិធានការនែគ្រប់គ្រង់ ថែរក្សាមិនឲ្យបាត់បង់អចលនវត្ថុ ដែលជាកម្មសិទ្ធិរបស់រដ្ឋ ជាការគ្រប់គ្រងឲ្យបាននូវផ្ទៃដីរបស់រដ្ឋ និងជាការពិនិត្យ ស្រាវជ្រាវទីតាំងដី ដែលប្រជាពលរដ្ឋបានចូលទន្រ្ទានកាន់កាប់ ដីរដ្ឋដោយខុសច្បាប់ ព្រមទាំងជាការទប់ស្កាត់ និងបង្ក្រាប វេកមុខរកជនខិលខូចដែលញុះញង់ឲ្យប្រជាពលរដ្ឋ រំលោភបំពានចូលកាប់ រុករានទន្ទ្រានកាន់កាប់ដីព្រៃរដ្ឋទាំងបំពានច្បាប់ ដើម្បីនាំខ្លួនទៅអនុវត្តន៍តាមច្បាប់ ដោយមិនត្រូវលើកលែងឲ្យជនខិលខូចទាំងនោះជាដាច់ខាត។
លោកអភិបាលរងខេត្ត បានផ្ដាំផ្ញើដល់អាជ្ញាធរមូលដ្ឋានត្រូវពិនិត្យមើល ប្រសិនបើប្រជាពលរដ្ឋ ខ្វះដីពិតប្រាកដ ត្រូវដាក់ពាក្យស្នើសុំដីសម្បទានសង្គមកិច្ច ជាមួយអាជ្ញាធរពាក់ព័ន្ធ ក្នុងឃុំ-ស្រុក។ ម៉្យាងវិញទៀតអាជ្ញាធរភូមិ ឃុំ និងម្ចាស់ក្រុមហ៊ុនខិតខំ ចុះពិនិត្យតាមដានជាប្រចាំនៅដែនដីរបស់ខ្លួន កុំឲ្យកើតមានឡើង នូវការកាប់រានព្រៃ ទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់ ពីសំណាក់ប្រជាពលរដ្ឋ និងខិតខំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឲ្យបានយល់ដឹងច្បាស់លាស់ពីទោសទ័ណ្ឌ នៃការកាប់រានព្រៃឬ ដុតឆ្ការព្រៃ ទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់។
ក្រុមការងារ បានចុះប្រតិបត្តិការដោយកំណត់គោលដៅ ចុះអនុវត្ត៣ទីតាំង៖
*ទីតាំងទី១៖ ត្រង់ចំណុច ២០២ ស្ថិតនៅក្នុងភូមិកោះច្បារ ឃុំកោះខ្ញែរមានផ្ទៃដី៥០០ ហិកតាត្រូវបានប្រជាពលរដ្ឋដាំបង្គោល និងហ៊ុមបន្លាលួសជុំវិញជាដីព្រៃ
*ទីតាំងទី២៖ ចំណុច២៦៩ ស្ថិតនៅក្នុងភូមិអន្លងកេស ឃុំកោះខ្ញែរ មានផ្ទៃដី១០ហិកតា ត្រូវបានប្រជាពលរដ្ឋទន្ទ្រានដាំដំណាំស្វាយចន្ទី ១ហិកតា និងសង់ខ្ទម១
*ទីតាំងទី៣៖ ចំណុច២០២ ភូមិស្រែរាល ភូមិអូរតាណឹង ឃុំក្បាលដំរី ផ្ទៃដីប្រហែល១ហិកតា ត្រូវបានប្រជាពលរដ្ឋ បានដាំបង្គោលរបងព័ទ្ធជុំវិញ ហើយធ្វើស្រែ ដាំដំណាំ និងសង់ខ្ទមរស់នៅ។
ជាលទ្ធផលក្រុមការងារ បានចុះរុះរើរបងព័ទ្ធដីព្រៃ រុះរើសសំណង់ជារោងចាំដី និងភ្ជួរចោលកូនស្វាយចន្ទីរដាំលើផ្ទៃដី ទំហំ១ហិកតា និងធ្វើការប្រគល់ជូនក្រុមហ៊ុន ដើម្បីដាំដុះកសិផលបន្ត និងបន្តស្រាវជ្រាវរកឈ្នោះ រកទីលំនៅអ្នកចូលទន្ទ្រានកាន់កាប់ដីព្រៃ និងឲ្យក្រុមហ៊ុនធ្វើការសម្អាតផ្ទៃដី ដែលនៅសេសសល់ស្របច្បាប់ ដែលរដ្ឋប្រគល់ជូនដើម្បីដាំដុះកសិផលរបស់ខ្លួន និងគ្រប់គ្រងផ្ទៃដីឲ្យបានត្រឹមត្រូវតាមច្បាប់កំណត់៕