(ភ្នំពេញ)៖ ស្ថិតក្នុងវ័យ៦៥ឆ្នាំ និងកំពុងមានជំងឺទាចទឹកធ្ងន់ធ្ងរប្រចាំកាយ តារាសម្តែងជំនាន់ដើម អ្នកស្រី ឃុន ណារី ហៅយាយ ស្វិត បានថ្លែងអំពាវនាវ សុំជំនួយឧបត្ថម្ភ ពីសប្បុរសជនទាំងទឹកភ្នែក ខណៈមកទទួលអំណោយថវិកា ពីលោក អ៊ឹម ជីវ៉ា ធ្វើឡើងនៅវត្តនាគវន្តថា «សព្វថ្ងៃនេះខ្ញុំមានជំងឺក្រិនថ្លើម និងទាចទឹក ហើយកំពុងតែជួបបញ្ហា ខ្វះខាតគ្មានលទ្ធភាព ព្យាបាលជំងឺឡើយជាខ្លាំង»។
អ្នកស្រី ឃុន ណារី បាននិយាយថា គិតរហូតមកទល់បច្ចុប្បន្ននេះ គាត់ចូលសិល្បៈជិត២០ឆ្នាំហើយ។ រឿងដែលអ្នកស្រីថតភាគច្រើនតួសម្តែងធ្វើជាម្តាយ ម៉ែដោះ ឬសម្តែងជាតួយាយជាដើម។ ម្យ៉ាងទៀតសព្វថ្ងៃ ក៏កំពុងសម្តែងឲ្យស្ថានីយទូរទស្សន៍ប៉ុស្តិ៍CTN ក្នុងរឿង«កុលាបបួនទង» និងថតឲ្យផលិតកម្ម ចក្រវ៉ាពេជ្រ គឺរឿងស្ទឹងស្នេហា(តួជាម៉ែដោះ) ដែលមានចាក់បញ្ចាំង នៅស្ថានីយប៉ុស្តិ៍លេខ៥។
អ្នកស្រីបានរៀបរាប់ទាំងទឹកភ្នែកទៀតថា «ដោយហេតុតែជំងឺខ្ញុំ កាន់តែមានស្ថានភាពធ្ងន់ធ្ងរ ធ្វើទុកឈឺចាប់ស្ទើររាល់ថ្ងៃ ក៏បានរត់ទៅរកពេទ្យ ដើម្បីពិនិត្យតែជាលទ្ធផលត្រូវបាន ក្រុមគ្រួពេទ្យប្រាប់ថា កុំឲ្យគិតច្រើនហើយបើឃ្លានចង់ហូបអ្វីគឺហូបទៅ។ ដោយឡែកការសម្តែង ក៏មិនអាចថតបានទៀតដែរ ព្រោះជំងឺកាន់តែធ្វើទុកខ្លាំង នៅក្នុងខ្លួនជារៀងរាល់ថ្ងៃ.»។
អ្នកស្រី ឃុន ណារី បានបញ្ជាក់ថាជំងឺរបស់អ្នកស្រី មានរយៈពេលយូរឆ្នាំហើយ គ្រាន់តែកន្លងមកមិនធ្វើទុកខ្លាំង ដូចអំឡុងមួយឆ្នាំចុងក្រោយនេះទេ។ ដូច្នេះដើម្បីបានបន្តជីវិតរស់នៅ ចិញ្ចឹមប្តីជាយោធិនពិការ បាត់បង់សមត្ថភាព និងមើលថែកូនស្រីម្នាក់ ដែលកំពុងតែរៀន តារាសម្តែងអ្នកស្រី ឃុន ណារី ហៅយាយ ស្វិត បានលើកម្រៀមដៃដប់ សំពះសូមក្តីមេត្តាពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងសប្បុរជននានា ទាំងអ្នករស់នៅក្នុងស្រុក និងក្រៅស្រុកឲ្យជួយឧបត្ថម្ភប្រាក់ ព្យាបាលជំងឺគាត់ផង។
អ្នកស្រី ឃុន ណារី បានបន្ថែមថា រាល់ថ្ងៃគ្រួសារអ្នកស្រី គ្មានទ្រព្យសម្បត្តិអ្វីសល់ សម្រាប់ជាទីពឹងឡើយ ហើយកាលពីអ្នកស្រីមិនទាន់ធ្លាក់ខ្លួន ឈឺធ្ងន់ធ្ងដេកដួលនោះ គឺគ្រាន់អាចពេលចេញសម្តែងម្តងៗ បានលុយ២០ឬ៣០ ដុល្លារចិញ្ចឹមប្តី និងឲ្យកូនទៅសាលា។ ប៉ុន្តែដល់ពេលឥឡូវអ្នកស្រី ត្រូវធ្លាក់ខ្លួនឈឺមិនអាចធ្វើការងារអ្វីបាន ដូច្នេះគឺគ្មានប្រាក់ព្យាបាលជំងឺ និងផ្គត់ផ្គង់គ្រួសារទេ។ ហេតុនេះមានតែការអំពាវនាវ សុំក្តីសណ្តោសអាណិត ពីសំណាក់សប្បុរជន តាមរយៈសារព័ត៌មានប៉ុណ្ណោះ៕