(កំពង់ឆ្នាំង)៖ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានផ្ញើសារជូនពរមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋទូទាំងខេត្ត ក្នុងឱកាសអបអរសាទរចូលឆ្នាំសកល២០២១។
លោកអភិបាលខេត្ត បានថ្លែងថា «ខ្ញុំព្រះករុណាខ្ញុំ ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត សូមធ្វើអភិវន្ទនកិច្ចគោរពថ្លែងអំណរព្រះគុណ និងអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះការចូលរួមគ្រប់សកម្មភាព ដែលធ្វើឱ្យសម្រេចបានជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងការអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល ក្នុងឆ្នាំ២០២០កន្លងមក»។
ជាមួយគ្នានេះ លោកអភិបាលខេត្ត បានណែនាំឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ នៅទូទាំងខេត្តកំពង់ឆ្នាំង ខិតខំបំពេញភារកិច្ចតាមតួនាទីរៀងៗខ្លួន ដោយប្រតិបត្តិតែអំពើល្អ អំពើជាកុសល មានប្រយោជន៍សម្រាប់ខ្លួន សម្រាប់អ្នកដ៏ទៃ និងតាំងចិត្តប្រព្រឹត្តអំពើល្អប្រកបដោយ មេត្តា ករុណា មុទិតា ឧបេក្ខា សម្រាប់ ជាតិ សាសនា ព្រះមហាត្រ និងសម្រាប់សង្គមជាតិទាំងមូល។
លោកសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅគោរពជូនចំពោះ សម្ដេចចៅហ្វាវាំង សម្តេច ឯកខត្តម លោកជំទាវ លោក លោកស្រី ក្រសួង ស្ថាប័នថ្នាក់ជាតិ ក្រុមការងារថ្នាក់កណ្តាល ក្រុមការងារថ្នាក់ជាតិវិស័យឯកជន ក្រុមហ៊ុន អង្គការជាតិ-អន្តរជាតិ សង្គមស៊ីវិល និងសប្បុរសជនគ្រប់មជ្ឈដ្ឋានដែលបានយកអស់កម្លាំងកាយ កម្លាំងចិត្ត ជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាងដល់ប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំងក្នុងឆ្នាំចាស់កន្លងមក ទទួលបានការរីកចម្រើនលើគ្រប់វិស័យ គួរឱ្យកត់សម្គាល់៕