(សៀមរាប)៖ ដោយមើលឃើញពីទុក្ខលំបាករបស់ប្រជាជនដែលបានស្ម័គ្រចិត្តរុះរើសំណង់មកស្នាក់នៅទីតាំងថ្មី ក្នុងភូមិធម្មជាតិរុនតាឯក ទើបថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០នេះ លោក ទៀ សីហា អភិបាលខេត្តសៀមរាប និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និងសហការី បាននាំយកអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេតុ្ត និងរដ្ឋបាលខេត្ត មកចែកជូនប្រជាពលរដ្ឋចំនួន ៧០គ្រួសារ ស្ថិតក្នុងឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

លោកអភិបាលខេត្តបានថ្លែងអំណរគុណចំពោះមន្ទីររៀបចំដែនដី អាជ្ញាធរជាតិអប្សរា អង្គភាពអគ្គិសនីកម្ពុជាខេត្ត មន្ទីរ-អង្គភាពពាក់ព័ន្ធនានាជុំវិញខេត្ត លោកអភិបាលស្រុកដែលបានខិតខំយ៉ាងសស្រាក់សស្រាំ ក្នុងការរៀបចំទីតាំងជូនប្រជាពលរដ្ឋប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ហើយលោកក៏បានថ្លែងអំណរគុណចំពោះសាខាកាកបាទក្រហមកម្ពុជាខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ដែលបានជួយឧបត្ថម្ភ និងសម្របសម្រួលជាមួយប្រជាពលរដ្ឋក្នុងការស្ម័គ្រចិត្តរុះរើសំណង់មកស្នាក់នៅទីតាំងថ្មី។

លោកបានគូរបញ្ជាក់ថា ប្រជាពលរដ្ឋដែលធ្វើការផ្លាប់ប្តូរទីតាំងនេះទទួលបានគោលនយោបាយដីទំហំ ២០ ម៉ែត្រគុណនឹង ៣០ ម៉ែត្រ ដែលស្ថិតក្នុងភូមិធម្មជាតិរុនតាឯក ស្រុកបន្ទាយស្រី ជាមួយនឹងការបោះបង្គោលព្រំយ៉ាងច្បាស់លាស់ ប្រព័ន្ធទឹក ភ្លើង និងរៀបចំហេដ្ឋារចនាសម្ព័ន្ធឱ្យសមស្របទៅតាមតម្រូវរបស់ប្រជាពលរដ្ឋ។

លោកបន្ដលើកឡើងថា សម្មភាពនេះគឺជាការចូលរួមពីប្រជាពលរដ្ឋក្នុងការអភិវឌ្ឍខេត្តសៀមរាប តាមរយៈការផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធចំនួន ៣៨ ខ្សែ និងការស្តារស្ទឹងសៀមរាប ដើម្បីលើកកម្ពស់សោភ័ណភាពក្រុងសៀមរាបឱ្យសាកសមជាទីក្រុងវៃឆ្លាតនាពេលខាងមុខ។ ម៉្យាងទៀតក៏ជាការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកទស្សនាឱ្យបានច្រើនកុះករបន្ទាប់ពីកូវីដ-១៩ បានចប់។

សូមបញ្ជាក់ថា នៅពេលថ្មីៗនាខែធ្នូ ឆ្នាំ២០២០នេះ ប្រជាពលរដ្ឋដែលរស់នៅលើដីចំណីស្ទឹងតាមបណ្តោយស្ទឹងសៀមរាបចាប់ពីចំណុចស្ពាននាគរហូតដល់ស្ពានអង្គរ ដែលស្ថិតក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប បានស្ម័គ្រចិត្តរុះរើសំណង់ នៅតាមបណ្តោយស្ទឹងសៀមរាប ក្នុងនោះកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០នេះ រដ្ឋបាលខេត្តបានការរៀបចំឱ្យប្រជាពលរដ្ឋ ៤០៥ គ្រួសារចូលរួមចាប់ឆ្នោត និងផ្តិតមេដៃឯកភាពទទួលយកដីឡូតិ៍នៅភូមិធម្មជាតិរុនតាឯកមានចំនួន ៤០៥ គ្រួសារ ស្មើនឹង ៩៤.១៨% នៃចំនួនសរុប ៤៣០ គ្រួសារ៕