(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០នេះ តាមរយៈ Facebook បានផ្ញើសារជូនពរដល់បងប្អូនជនរួមជាតិទាំងក្នុង និងប្រទេស ជួបតែសេចក្តីសុខ សេចក្តីចម្រើន នៅក្នុងឱកាសចូលឆ្នាំសកល ២០២១។

បន្ថែមពីនេះ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បន្តយកចិត្តទុកដាក់ការពារកុំឲ្យឆ្លងកូវីដ-១៩ ដោយឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ជឹល ទឹកអាល់កុល ពាក់ម៉ាស រក្សាគម្លាតសុវត្ថិភាព និងត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួនត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល។

ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី នៅក្នុងឱកាសចូលឆ្នាំសកលនេះផងដែរ ក៏បានជូនពរសូមបងប្អូនមានសុខសុវត្ថិភាព ក្នុងការធ្វើដំណើរទៅកំសាន្តជិតឆ្ងាយ នៅទូទាំងប្រទេស។

សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook ទាំងស្រុងយ៉ាងដូច្នេះថា «នៅក្នុងឱកាសចូលឆ្នាំសកល ២០២១ នេះ ខ្ញុំព្រះករុណា និងភរិយា សូមប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរបងប្អូនជនរួមជាតិទាំងក្នុងនិងប្រទេស ជួបតែសេចក្តីសុខ សេចក្តីចម្រើន សុភមង្គលជាមួយនឹងពរ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ទន្ទឹមនឹងនេះដែរ សូមបងប្អូនប្រជាពលរដ្ឋបន្តយកចិត្តទុកដាក់ការពារកុំឲ្យឆ្លងកូវីដ-១៩ ដោយ ឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ជឹល ទឹកអាល់កុល ពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាព ជាពិសេសត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួនត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល។ នៅក្នុងឱកាសចូលឆ្នាំសកលនេះ សូមបងប្អូនមានសុខសុវត្ថិភាព ក្នុងការធ្វើដំណើរទៅកំសាន្តជិតឆ្ងាយ នៅទូទាំងប្រទេស»