(ភ្នំពេញ)៖ បណ្តឹងរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ឱ្យដោយសុំលុបឈ្មោះប្រជាពលរដ្ឋមួយចំនួនចេញពីបញ្ជីឈ្មោះបោះឆ្នោត ឆ្នាំ២០២០ គឺជាបណ្តឹងខុសអង្គច្បាប់។ នេះជាការបញ្ជាក់របស់ លោក សោម សូរីដា អគ្គលេខាធិការរង គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០នេះ ក្នុងពិធីរៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធស្តីពីការផ្តល់សុពលភាព និងប្រកាសផ្សាយបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២០ ចំនួនអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងចំនួនការិយាល័យបោះឆ្នោត។
ការបញ្ជាក់បែបនេះ របស់លោក សោម សូរីដា បានធ្វើឡើងក្រោយបណ្តឹងចំនួន៩៥ របស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ដោយសុំលុបឈ្មោះពលរដ្ឋ ២,៧៣៣រូបចេញពីបញ្ជីឈ្មោះបោះឆ្នោត ត្រូវក្រុមប្រឹក្សាធម្មនុញ្ញច្រានចោលទាំងអស់ និងបិទផ្លូវតវ៉ា ដោយរក្សានូវសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
បណ្តឹងទាំង៩៥នេះ ត្រូវបានក្រុមប្រឹក្សាលើកយកមកពិនិត្យនៅថ្ងៃទី២១ ខែធ្នូ ចំនួន ២៨បណ្តឹង, ថ្ងៃទី២៣ ខែធ្នូ ដោះស្រាយ ២៣បណ្តឹង និងថ្ងៃទី២៥ ខែធ្នូ ចំនួន ៤៤បណ្តឹង។
លោក សោម សូរីដា បានសង្កត់ធ្ងន់ៗយ៉ាងដូច្នេះថា៖ «តែដោយឡែកចំពោះសេចក្តីថ្លែងការណ៍របស់ LDP ដែលបដិសេធមិនទទួួលស្គាល់ ខ្ញុំបានបញ្ជាក់ហើយ អ្វីដែលកើតឡើងកន្លងមកអំពីបណ្តឹងរបស់ LDP អំពីសកម្មភាពរបស់គណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ ដែលវាខុសប្លែកពីធម្មតា តាំងពីចំនួនភ្នាក់ងារដែលគាត់ដាក់នៅតាមការិយាល័យចុះឈ្មោះបោះឆ្នោត នៅតាមឃុំ សង្កាត់ តាំងពីសកម្មភាពរបស់គាត់ ដែលធ្វើឱ្យរំខានក្នុងដំណើរការ ដែលកន្លងមកមិនដែលកើតមាន អំពីការថតយកឯកសាររបស់អ្នកចុះឈ្មោះបោះឆ្នោត ការបង្កនូវភាពអាណាធិបតេយ្យ ខ្វះសណ្តាប់ធ្នាប់នៅកន្លែងចុះឈ្មោះបោះឆ្នោត...!។
«ប៉ុន្តែ យ៉ាងណាក៏ដោយ គ.ជ.ប នៅតែមានការអត់ធ្មត់ ហើយនឹងសម្របសម្រួលដោយណែនាំឱ្យវិលមករកយន្តការនៃទំនាក់ទំនងគ្រប់ភាគីពាក់ព័ន្ធ និង គ.ជ.ប។ សេចក្តីថ្លែងការណ៍របស់គាត់ បានលើកឡើងនូវអ្វីដែលដាក់មក គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញ អញ្ចឹងការប្តឹងជំទាស់របស់គាត់ ដើម្បីលុបឈ្មោះប្រជាពលរដ្ឋដែលបានបំពេញលក្ខខណ្ឌគ្រប់គ្រាន់ ដើម្បីមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ដោយគ្មានឯកសារភស្តុតាង ដោយគ្រាន់តែជាការអះអាងរបស់បុគ្គលម្នាក់ ឬមនុស្សមួយក្រុម ដើម្បីឱ្យ គ.ជ.ប ពិចារណាលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត គឺជាការស្នើ ឬជំទាស់មួយមិនអាចទទួលយកបាននោះទេដោយសារអង្គហតុ វាប្រាស់ចាក់អង្គច្បាប់»។
ពាក់ព័ន្ធនឹងចំណុចនេះ លោក សោម សូរីដា បានលើកឡើងពីទិដ្ឋភាពច្បាប់ស្តីពីបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ត្រង់មាត្រា៥០ បានចែងថា ដើម្បីបោះឆ្នោត ប្រជាពលរដ្ឋទាំងឡាយត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងមានបណ្ណបោះឆ្នោត។ លក្ខខណ្ឌនៃការចុះឈ្មោះបោះឆ្នោតរួមមាន៖ មានសញ្ជាតិខ្មែរ, មានអាយុ ១៨ឆ្នាំឡើងទៅគិតទៅដល់ថ្ងៃបោះឆ្នោត, មានអាសយដ្ឋានច្បាស់លាស់ក្នុងព្រះរាជាណាចក្រកម្ពុជា, ត្រូវទៅចុះឈ្មោះបោះឆ្នោតដោយខ្លួនឯងផ្ទាល់, មិនត្រូវស្ថិតនៅក្នុងស្ថានភាពជាប់ពន្ធនាគារ, ពុំមែនជាជនវិកលចរិក ឬជនដែលស្ថិតក្រោមអាណាព្យាបាលដែលមានលិខិតបញ្ជាក់ពីស្ថាប័នមានសមត្ថកិច្ច។
មន្ត្រីជាន់ខ្ពស់ គ.ជ.ប រូបនេះ បានគូសបញ្ជាក់ថា ចំណុចដែលគួរពិចារណា គឺគ្រប់គណបក្សនយោបាយទាំងអស់បើទោះបីជាទទួលស្គាល់ ឬមិនទទួលស្គាល់ ក៏បញ្ជីបោះឆ្នោតនៅតែមានសារសំខាន់សម្រាប់គណបក្សនយោបាយទាំងអស់ រួមទាំងគណបក្សដែលមិនទទួលស្គាល់បញ្ជីបោះឆ្នោត ព្រោះបញ្ជីបោះឆ្នោត គឺបានរក្សាឈ្មោះរបស់ប្រជាពលរដ្ឋដែលបានបំពេញលក្ខខណ្ឌតាមច្បាប់គ្រប់គ្រាន់ ដើម្បីឈ្មោះក្នុងបញ្ជីបោះឆ្នោតរួចជាស្រេច។
លោក សោម សូរីដា ក៏បានគូសបញ្ជាក់ថាបន្ថែមថា៖ «ក្នុងករណីដែលមានការប្តឹងជំទាស់ទៅលើលក្ខខណ្ឌណាមួយនៅក្នុងចំណោមលក្ខខណ្ឌទាំង៣ អ្នកប្តឹងយោងតាមមាត្រា៦១ ត្រូវបង្ហាញឯកសារភស្តុតាង ដើម្បីនិរាសករណ៍ឯកសារ ដែលអ្នកសុំចុះឈ្មោះបោះឆ្នោត បានប្រើជាឯកសារគាំទ្រដល់លក្ខខណ្ឌដែលគាត់បានបំពេញ អញ្ចឹងតាមរយៈការប្តឹងកន្លងមកនេះ យើងមើលឃើញថា គឺជាអះអាងដោយមនុស្សម្នាក់ ភ្នាក់ងារគណបក្សម្នាក់ ឬក៏មួយក្រុមទៅលើប្រជាពលរដ្ឋដែលបានបំពេញលក្ខខណ្ឌក្នុងការចុះឈ្មោះបោះឆ្នោត អញ្ចឹងករណីនេះយើងអាចទទួលយកបានទេ?»។
តែទោះជាយ៉ាងណាលោកបានបន្ថែមថា ការចេញសេចក្តីថ្លែងការណ៍របស់គណបក្សនយោបាយមួយវា គឺជាសិទ្ធិនយោបាយ ដែលកំណត់ដោយច្បាប់រដ្ឋធម្មនុញ្ញ ឬកំណត់នៅក្នុងច្បាប់ស្តីពីគណបក្សនយោបាយ ក៏ប៉ុន្តែការបញ្ចេញមតិសូមគោរពទៅតាមបទបញ្ញាត និងកាតព្វកិច្ចរបស់គណបក្សនយោបាយជាដើម។
សូមរំលឹកថា កាលពីខែតុលា ឆ្នាំ២០២០ កន្លងទៅនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានរៀបចំការចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះអ្នកបោះឆ្នោតសម្រាប់ឆ្នាំ២០២០។ ដំណើរការចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះអ្នកបោះឆ្នោត បានធ្វើឡើងពីថ្ងៃទី០១ ដល់ថ្ងៃទី១៩ ខែតុលា។
គ.ជ.ប បានផ្តល់សុពលភាព និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវបញ្ជីបោះឆ្នោតឆ្នាំ២០២០ ក្រោយពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ ដែលមានចំនួនអ្នកបោះឆ្នោត សរុបចំនួន ៨,៨៣១,៩៧១នាក់ ស្មើនឹង ៨៥,០៦ភាគរយ នៃចំនួនស្ថិតិប៉ាន់ស្មាន ចំនួន ១០,៣៨២,៧៥២នាក់ ក្នុងនោះស្រីចំនួន ៤,៧១២,៧៣២នាក់ និងការិយាល័យបោះឆ្នោតសរុប ចំនួន ២៣,៤២៥ការិយាល័យ»។
ពាក់ព័ន្ធដំណើរការចុះឈ្មោះបោះឆ្នោតថ្មីនេះ មានពាក្យបណ្តឹងជាច្រើនបានធ្វើឡើងផងដែរ។ ក្នុងនោះគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានប្តឹងច្រើនជាងគេ ដោយទាមទារឱ្យលុបឈ្មោះពលរដ្ឋមួយចំនួនចេញពីបញ្ជីបោះឆ្នោត ដោយអះអាងថាមានភាពមិនប្រក្រតីនៃការចុះឈ្មោះ ដូចជាអ្នកមិនមានអាស័យក្នុងឃុំសង្កាត់ដែលចុះឈ្មោះ តែបានចុះឈ្មោះជាដើម។
បណ្តឹងរបស់តំណាងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យទាំងអស់ ត្រូវបាន គ.ជ.ប ច្រានចោល និងមិនអនុវត្តន៍តាមការទាមទារនោះឡើយ៕