(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក វង សូត បានថ្លែងជំរុញឲ្យមន្រ្តីរាជការ គ្រប់លំដាប់ថ្នាក់ បន្តកិច្ចខិតខំ ប្រឹងប្រែងឲ្យអស់ពីកម្លាំងកាយចិត្ត អនុវត្តកម្មវិធីការងារជាអាទិភាព របស់ក្រសួងឲ្យមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ដើម្បីបម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋទូទៅ ជាពិសេស កុមារកំព្រា កុមារក្រីក្រ ជនពិការ ជនរងគ្រោះ និងងាយរងគ្រោះ ៕
ការថ្លែងជំរុញនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ក្នុងពេលដែលរូបលោកអញ្ជើញបើកសន្និបាតបូកសរុប លទ្ធផលការងារ ឆ្នាំ២០១៥ និងទិសដៅអនុវត្តបន្តឆ្នាំ២០១៦ របស់ក្រសួង។ ពិធីនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការ មន្ទីររាជធានី/ខេត្ត សរុបប្រមាណ ៤០០នាក់។
ថ្លែងបើកអង្គសន្និបាត លោក វង សូត បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការ គ្រប់លំដាប់ថ្នាក់ទាំងអស់ ដែលបានខិតខំអនុវត្តកម្មវិធីការងារអាទិភាពរបស់ក្រសួង ប្រកបដោយស្មារតីទទួលខុសត្រូវ រហូតទទួលបានលទ្ធផលគួរជាទីពេញចិត្ត និងកោតសរសើរចំពោះក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធផ្នែកឯកជន បណ្តាអង្គការជាតិ អន្តរជាតិ និងបណ្តាដៃគូអភិវឌ្ឍន៍នានា ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលបានចូលរួមសហការដើម្បីបុព្វហេតុ លើកស្ទួយការផ្តល់សេវាកម្មសង្គមកិច្ច ឲ្យកាន់តែមានប្រសិទ្ធភាព ស្របតាមតម្រូវការជាក់ស្តែង។
លោករដ្ឋមន្រ្តី បានឲ្យដឹងទៀតថា នៅក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចឆ្នាំ២០១៥ តាមការប្រមាណសេដ្ឋកិច្ចកម្ពុជាមានកំណើនក្នុងរង្វង់ ៧% អតិផរណាត្រូវបានរក្សាឲ្យស្ថិតក្នុងរង្វង់ ៣,៥% ទុនបម្រុងអន្តរជាតិក៏បានបន្តកើនឡើង។ ចំណូលមធ្យមសម្រាប់ប្រជាជនក្នុងម្នាក់បានកើនពី ១.១៣៨ ដុល្លារ ក្នុងឆ្នាំ២០១៤ និងឆ្នាំ២០១៥ កើនដល់ ១.២២៨ ដុល្លារ ក្នុងនោះអត្រាភាពក្រីក្រក៏បានថយចុះពី ១៤.៧% ក្នុងឆ្នាំ២០១៤ មកត្រឹម ១៣.៥% ក្នុងឆ្នាំ២០១៥ ។ ជារួមកម្ពុជា បាននិងកំពុងធ្វើដំណើរចាកចេញពីប្រទេសដែលមានចំណូលទាបទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប។
លោក វង សូត គូសបញ្ជាក់ថា ប្រការទាំងអស់នេះ បានបង្ហាញកាន់តែច្បាស់ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជាបានផ្តោតការ យកចិត្តទុកដាក់ខ្ពស់ និង បង្កើនកិច្ចខិតខំប្រឹងប្រែងទ្វេរដង ដើម្បីអភិវឌ្ឍន៍វិស័យសង្គមកិច្ច ឲ្យមានវិសាលភាពទូលំទូលាយ និងកាន់តែស៊ីជម្រៅថែមទៀត ដើម្បីធ្វើឲ្យសុខុមាលភាពរបស់ប្រជាជនមានស្ថានភាពកាន់តែប្រសើរឡើងតាមរយៈការពង្រឹងសេវា សង្គមកិច្ច សម្រាប់ជួយជនរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ ព្រមទាំងពង្រឹងប្រព័ន្ធសន្តិសុខសង្គមឲ្យកាន់តែរឹងមាំសម្រាប់ធានា រ៉ាប់រង ចំពោះហានិភ័យសង្គមជាយថាហេតុ និងដើម្បីធ្វើឲ្យសេវាសង្គមកិច្ច កាន់តែនៅកៀកនឹងប្រជាជនព្រមទាំងមានការចូលរួម ដ៏សកម្ម ពីប្រជាជនផងដែរ។
ចុងបញ្ចប់ នៃសុន្ទរកថា លោករដ្ឋមន្រ្តី វង សូត ក៏បានផ្តល់នូវអនុសាសន៍ល្អៗ ជូនដល់អង្គពិធីនិងស្នើឲ្យមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់បន្ត កិច្ចខិតខំប្រឹងប្រែងឲ្យអស់ពីកម្លាំងកាយចិត្ត អនុវត្តកម្មវិធីការងារជាអាទិភាពរបស់ក្រសួងឲ្យមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ដើម្បីបម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋទូទៅ ជាពិសេស កុមារកំព្រា កុមារក្រីក្រ ជនពិការ ជនរងគ្រោះ និងងាយរងគ្រោះ បានទាន់ពេលវេលា៕