(បន្ទាយមានជ័យ)៖ ក្រោយពីទឹកបានស្រក ប្រជាកសិកទទួលបានពូជស្រូវ ប្រភេទសែនក្រអូប និងអ៊ីអ៊ែរ ជាស្រូវដែលមិនប្រកាន់រដូវ ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរខេត្ត ស្រុក ក្រុង បាននាំគ្នាផុសផុលចុះសាបព្រោះ រហូតមកដល់ពេលនេះ បានលូតលាស់ល្អ ខ្លះដាំបាន២០ថ្ងៃ ខ្លះទៀត៣០ថ្ងៃ ដោយស្រូវសែនក្រអូប ប្រើរយៈពេល៣ខែ និងស្រូវអ៊ីអ៊ែរប្រើរយៈពេល២ខែកន្លះ ទើបប្រមូលផល តែអ្វីដែលជាការព្រួយបារម្ភនៅពេលនេះ គឺការខ្វះទឹកខណៈដែលនៅតាមអូរ ប្រឡាយមេមួយចំនួនកំពុងខះ រីងជាបណ្តើៗ នៅសល់បន្តិចបន្តួចមិនអាចផ្គត់ផ្គង់តាមតម្រូវការបាននោះទេ។
ប្រជាកសិករ រស់នៅឃុំរហាត់ទឹក ស្រុងមង្គលបុរី ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ដោយសារស្ថានភាពទឹក នៅតាមប្រឡាយមេមួយចំនួនរីង បានធ្វើឲ្យស្រូវមិនទទួលយកឬស៊ីជី ជាហេតុនាំឲ្យស្រូវមួយចំនួនកំពុងឡើងក្រហមបណ្តើៗ អាចប្រឈមនឹងការងាប់នៅពេលខាងមុខដ៏ខ្លី បើមិនមានវិធានការជួយសង្គ្រោះឲ្យបានទាន់ពេលទេនោះ។
ទាំងនេះ បានធ្វើឲ្យពួកគាត់ដែលជាប្រជាកសិករ មានការព្រួយបារម្ភជាខ្លាំង ដោយពួកគាត់ពឹងផ្អែកទៅលើការធ្វើស្រែមួយមុខ សម្រាប់ជីវភាពក្នុងគ្រួសារ តែបើស្រូវរងការខូចខាត នោះពួកគាត់ប្រឈមនឹងការខាតបង់ច្រើន ដោយចំណាយថវិការទិញនិងជួលសម្ភារសព្វបែបយ៉ាងនោះ។ ដូច្នេះពួកគាត់ស្នើឲ្យអាជ្ញាធរនិងមន្ត្រីពាក់ព័ន្ធ ជួយរកដំណោះស្រាយ។
ពាក់ព័ន្ធបញ្ហាខាងលើនេះ បើតាមអភិបាលរងស្រុក បានឲ្យដឹងថា ស្រូវរបស់ប្រជាកសិករប្រឈម នឹងការខ្វះទឹកដោយសារតែ ការបង្កបង្កើនផលរបស់ប្រជាកសិករ សម្រុកធ្វើច្រើន ពេលទឹកសំបូរពួកគាត់នាំគ្នាបូបទឹកចេញពីស្រែ ហាលដីព្រោះស្រូវ ដល់ពេលបូបទឹកចូលស្រែ ក៏សម្រុកបូបដូចគ្នា ហើយធ្វើលើសផែនការ ដែលក្នុងផែនការស្រុកតម្រូវ១ម៉ឺនហិកតា ឬលើសតិចតួច តែប្រជាកសិករធ្វើជាង២ម៉ឺនហិកតា។
តែទោះយ៉ាងនេះក្តី លោកនឹងខិតខំជួយសម្រួលបង្ហូរទឹក ពីដងស្ទឹងមង្គលបូរី និងសំណង់អូរដូនពៅ ស្រុកបរវេស ខេត្តបាត់ដំបង ដែលអាចធ្វើទៅបានឲ្យលទ្ធភាព៕