(ភ្នំពេញ)៖ នាយកដ្ឋានជំងឺឆ្លង នៃក្រសួងសុខាភិបាលកម្ពុជា បានប្រកាសទប់ស្កាត់ការរីករាលដាលនៃវីរុស ហ្ស៊ីកា (Zika) នៅទូទាំងប្រទេស និងបានបញ្ជាក់ប្រាប់ ពីវិធីសាស្ត្រការពារកុំឲ្យឆ្លង ចំពោះមនុស្សទូទៅ ជាពិសេសទារក ខណៈដែលនៅលើពិភពលោក កំពុងតែប្រកាសបើកប្រតិបត្តិការ ស្វែងរកដំណោះស្រាយ ដើម្បីទប់ស្កាត់ការរីករាលដាល វិរុសហ្ស៊ីកា ពិសេសក្នុងតំបន់អាហ្វ្រិក និងប្រទេសប្រេស៊ីល។
ការប្រកាសជាចំហ ជូនដល់ប្រជាពលរដ្ឋទូទៅក្នុងប្រទេសកម្ពុជានេះ ត្រូវបានធ្វើឡើង នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦នេះ នៅឯក្រសួងសុខាភិបាល ដោយមានការចូលរួមធ្វើបទបង្ហាញ ដោយលោកវេជ្ជបណ្ឌិត លី សូវ៉ាន់ (Ly Sovann) ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ព្រមទាំងបណ្ដាញ សារព័ត៌មានជាច្រើននាក់។
លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បានលើកឡើងថា បច្ចុប្បន្ននេះ វីរុស Zika កំពុងរាត្បាតនៅប្រទេស ក្នុងតំបន់អាមេរិក ខាងត្បូង និងកណ្តាល ការរាត្បាតនេះរីកខ្លាំងឡើង នៅប្រទេសប្រេស៊ីលឆ្នាំ២០១៤។ ជំងឺនេះចម្លងតាមមូសខ្លា ដូចជំងឺគ្រុនឈាមដែរ និងមានរោគសញ្ញា ដូចជំងឺគ្រុនឈាម (គ្រុនក្តៅ ឈឺក្បាល ក្រហមភ្នែក កន្ទួលក្រហមលើស្បែក ឈឺសន្លាក់)។ នៅក្នុងតំបន់យើង រកឃើញជំងឺនេះនៅស្រុកយើង មួយករណីកាលពីឆ្នាំ ២០១០ ប៉ុន្តែជាសះស្បើយ និងចាប់ពីពេលនោះ ដល់បច្ចុប្បន្នពុំបានរកឃើញទៀតទេ។ ឯប្រទេសថៃវិញ ចាប់ពីឆ្នាំ២០១២ ដល់ ២០១៤ រកឃើញ ៧ករណីសុទ្ធសឹង តែជាសះស្បើយ និង ខែមករានេះរកឃើញ ១ករណីទៀត រកឃើញពេលធ្វើដំណើរទៅកោះតៃវ៉ាន់។
យើងមានមន្ទីរ ពិសោធន៍អាចធ្វើតេស្តបាន។ គ្រោះភ័យបណ្តាលមកពីជំងឺនេះនៅ ក្នុងប្រទេសយើង នៅមានកំរិតទាបនៅឡើយ តែវិធានការបង្ការត្រូវតែពង្រឹងជាប់ជានិច្ច ដែលយើងប្រើប្រព័ន្ធដែលមានស្រាប់ ។ វិធានការណ៍សុខាភិបាល គឺពង្រឹងប្រព័ន្ធតាមដានជំងឺ ធ្វើតេស្តអ្នកសង្ស័យជំងឺ បងប្អូនដែលធ្វើដំណើរត្រឡប់មកពី អាហ្វ្រិក និង អាមេរិក បើសង្ស័យសូមទៅពិគ្រោះជំងឺ នៅមន្ទីរពេទ្យ និងប្រាប់គ្រូពេទ្យអំពីប្រវត្តន៍ការធ្វើដំណើរ ឬទូរស័ព្ទមកលេខ ១១៥ ឬ០១២៤៨៨៩៨១ ឬ០៨៩៦៦៩៥៦៧។
លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បានសង្កត់ធ្ងន់ថា ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់សាធារណៈ ជនទាំងអស់ឲ្យបាន ជ្រាបថា ជំងឺហ្ស៊ីកា (Zika) ជាជំងឺឆ្លងបង្កដោយ វីរុសហ្ស៊ីកា រកឃើញដំបូងនៅលើសត្វស្វា ក្នុងឆ្នាំ១៩៤៧ និងលើមនុស្សក្នុងឆ្នាំ១៩៥២ នៅប្រទេស Uganda នៃទ្វីបអាហ្វ្រិក។ បន្ទាប់មកជំងឺនេះមានការផ្ទុះឡើងជារប៉េះរប៉ោះ នៅក្នុងទ្វីប អាហ្រ្វិក អាមេរិក និងអាស៊ីប៉ាស៊ីហ្វិក។ បច្ចុប្បន្ននេះ វីរុស Zika កំពុងរាតត្បាតនៅប្រទេស ក្នុងតំបន់អាមេរិកខាងត្បូង និងកណ្តាល ហើយការរាតត្បាតនេះ រីករាលដាលនៅប្រទេសប្រេស៊ីល នៅឆ្នាំ២០១៤។
លោកបន្តថា ជំងឺហ្ស៊ីកា ឆ្លងតាមរយៈមូសខ្លាខាំ ដែលជាប្រភេទមូសបង្កឲ្យមាន ជំងឺគ្រុនឈាម និងមានរោគសញ្ញាស្រដៀង នឹងជំងឺគ្រុនឈាមដែរ មានដូចជា គ្រុនក្តៅ ឈឺក្បាល មានកន្ទួលក្រហមលើស្បែក ក្រហមភ្នែក និងឈឺសន្លាក់ ជាដើម។ ភាគច្រើននៃជំងឺនេះ និងជាសះស្បើយឡើងវិញក្នុងអំឡុង២ទៅ៧ថ្ងៃ និងមានអត្រាស្លាប់មានកំរិតតិចតួចណាស់។ មានករណីតិចតួចបំផុត ដែលអាចវិវត្តន៍ ទៅជាទន់ដៃទន់ជើងហើយ បើកើតមានលើស្រ្តីមានផ្ទៃពោះ គឺអាចឲ្យទារកស្លាប់ក្នុងផ្ទៃ ឬក្បាលទារកអាចតូចជាងធម្មតា។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ មិនមានករណីជំងឺហ្ស៊ីកា នៅក្នុងប្រទេសកម្ពុជា នៅឡើយទេ ហើយក្រសួងសុខាភិបាល កំពុងបន្តតាមដានស្ថានភាពឆ្លង នៃជំងឺនេះដោយយកចិត្តទុកដាក់បំផុត។ ហានិភ័យបណ្តាលមកពីជំងឺហ្ស៊ីកានេះ នៅក្នុងប្រទេសកម្ពុជា នៅមានកំរិតទាបបំផុតនៅឡើយ តែយើង ក៏ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ ដោយសូមឲ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តវិធានការ ទប់ស្កាត់ និង បង្ការការចម្លងជំងឺហ្ស៊ីកានេះ ដូចជា ការពារជំងឺគ្រុនឈាមដែរ ដោយការពារខ្លួន កុំឲ្យមូសខ្លាខាំ ហើយ ចូលរួមបំបាត់ជម្រកមូសខ្លា ដូចជាធ្វើអនាម័យសំអាតជុំវិញផ្ទះ ការពារកុំឲ្យមានទឹកដក់ នៅជុំវិញផ្ទះលុបបំបាត់សំបកកំប៉ុង-សំបកកង់ឡាន-ត្រឡោកដូង ប្រើថ្នាំសម្លាប់សត្វល្អិត(សត្វមូស) ការស្លៀកសម្លៀកបំពាក់ឲ្យបានជិត និងត្រូវដេក្នុងមុង ជាដើម។
ជាមួយគ្នានេះ ក្រសួងសុខាភិបាល ក៏បានចេញសេចក្ដីប្រកាសព័ត៌មាន អំពីការបង្ការជំងឺឆ្លង បណ្ដាលមកពីវីរុស ហ្ស៊ីកា ទៅតាមប្រព័ន្ធផ្សព្វផ្សាយទាំងអស់ នៅក្នុងប្រទេស ។ ជូនដំណឹងស្ដីការត្រៀមលក្ខណៈ និងឆ្លើយតបទៅនឹងជំងឺឆ្លងថ្មី ដែលបណ្ដាលមកពីវីរុសហ្ស៊ីកា ដល់ប្រធានមន្ទីរសុខាភិបាល រាជធានី-ខេត្ត ទាំង២៥ ដើម្បីបន្តផ្សព្វផ្សាយ ដល់មន្រ្តីនៅតាមមន្ទីរពេទ្យ និងបណ្ឌលសុខភាព ដែលនៅក្រោមឱវាទ ។ ពង្រឹងសមត្ថភាពមន្ទីរពិសោធ ដើម្បីរកឃើញវីរុស ហ្ស៊ីកា និងការចុះអង្កេតផ្ទាល់តាមមូលដ្ឋាន ដើម្បីស្វែងយល់ពីលទ្ធផល នៃការកកើតមូលខ្លា ដែលអាចជាភ្នាក់ងារចម្លងវីរុស ហ្ស៊ីកា (Zika)៕