(កំពង់ឆ្នាំង)៖ ផ្លូវចាស់១មានខ្សែប្រវែងជាង៤គីឡូម៉ែត្រ ទទឹង៥ម៉ែត្រ ដែលមាននៅក្នុងប្លង់សុរិយាដី ដែលត្រូវបានបុគ្គលម្នាក់បិទរយៈពេលជាង ៥ឆ្នាំហើយនោះ នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០នេះ ត្រូវបានក្រុមការ ងារដឹកនាំដោយលោក សូត សង់ អភិបាលស្ដីទីស្រុកទឹកផុស ចុះបើកផ្លូវនេះឡើងវិញ ដើម្បីទុកជូនប្រជាពលរដ្ឋប្រើប្រាស់ជាសាធារណៈ ក្រោយពីមានការប្ដឹងទាមទារយៈពេលជាច្រើនខែកន្លងមក។
លោក សូត សង់ ក្នុងពេលចុះបើកផ្លូវនេះ នៅក្នុងភូមិខ្វិតទួលឃ្លាំង ឃុំក្បាលទឹក ស្រុកទឹកផុស បាននិយាយទៅកាន់លោក ខូវ គាត ម្ចាស់ដីថា ក្រុមការងារចុះមកនេះ គឺសំណូមពរឲ្យម្ចាស់ ដីបើកផ្លូវចាស់ដែលមានទទឹង៥ម៉ែត្រ នៅក្នុងប្លង់សូរិយោដីឡើងវិញ ដូច្នេះសូមម្ចាស់ដីសហការជាមួយក្រុមការងាររបស់យើងដោយមិនអាចធ្វើការបិទផ្លូវសាធារណៈនេះតទៅទៀតបានឡើយ។
ឆ្លើយតបជាមួយក្រុមការងារនាពេលនោះ លោក ប៊ុន ចាន់វីរៈ ត្រូជាកូនលោក ខូវ គាត បានសុំមើលពាក្យបណ្តឹងដែលប្រជាពលរដ្ឋសុំបើកផ្លូវ តែត្រូវបានលោក សូត សង់ អភិ បាលរងស្រុកទឹកផុស បានបញ្ជាក់តបវិញថា ក្នុងនាមអាជ្ញាធរដែនដី លោក និងក្រុមការងារចុះមកនេះគឺមកធ្វើការសម្របសម្រួលសុំឲ្យបើកផ្លូវចាស់ ៥ម៉ែត្រ គឺមាននៅក្នុងប័ណ្កកម្ម សិទ្ធិ ដូច្នេះបើលោកទាមទាររកពាក្យបណ្ដឹងនោះ វាជារឿងផ្សេងដែលអាចនឹងជាប់បណ្ដឹងអាជ្ញារបស់តុលាការ នឹងមានទោសទណ្ឌថែមទៀតដោយសារករណីដែលលោកបានបិទផ្លូវសាធារណៈនេះជាង៥ឆ្នាំមកហើយ។
បន្ទាប់ពីមានការពន្យល់ណែនាំជាច្រើនទាក់ ទងនឹងផ្លូវច្បាប់របស់ការងារចម្រុះទើបលោកប៊ុន ចាន់វីរៈ និងលោក ខូវ គាត យល់ព្រមបើកផ្លូវដែលលោកបានបិទជាង៥ឆ្នាំមកហើយនោះឡើងវិញ ដើម្បីឲ្យប្រជាពលរដ្ឋប្រើប្រាស់ជាសាធារណៈ។
ខណៈនោះដែរ មន្ត្រីជំនាញសុរិយោដីស្រុក បានចុះចុចនិយាមកាមជាក់ស្ដែងទៅតាមប្លង់ដីដែលមានផ្លូវចាស់ ដើម្បីកំណត់ចំណាំឲ្យអាជ្ញាធរមូលដ្ឋានបានដឹងដើម្បីទុកផ្លូវឲ្យប្រជាពលរដ្ឋប្រើប្រាស់ឡើងវិញ។
តាមការបញ្ជាក់របស់ក្រុមការងារចម្រុះបានឲ្យដឹងថា ផ្លូវចាស់របស់រដ្ឋដែលមាននៅក្នុងប្លង់មួយចំនួនស្ថិតនៅលើផ្លូវថ្មី ដែលលោក ខូវ គាត បានជួសជុលមួយចំនួនទៀតស្ថិត នៅក្នុងព្រៃក្នុងអូរ និងមួយចំនួនទៀត ត្រូវបានលោក ខូវ គាត ដាំដុះដំណាំពីលើ និងសាងសង់សំណង់រឹងផងដែរ។ ពាក់ព័ន្ធករណីនេះប្រហែលជាក្នុងពេលខាងមុខ តម្រូវឲ្យភាគីពាក់ព័ន្ធទាំងអស់មានការសម្រប សម្រួលគ្នាបន្តទៀត ទើបការបើកផ្លូវចាស់ខាងលើនេះ និងអាចធ្វើឲ្យប្រជាពលរដ្ឋធ្វើដំណើរបានដោយរលូន។
ដោយឡែកក្នុងការបើកផ្លូវចាស់នេះឡើងវិញ ប្រជាពលរដ្ឋដែលជាអ្នកប្ដឹងទាមទារសុំឲ្យបើកផ្លូវខាងលើនេះ ពួកសាទរយ៉ាងក្រៃលែង ចំពោះចំណាត់ការយ៉ាងម៉ឹងម៉ាត់របស់លោកអភិបាលខេត្ត ឆ្លៀតក្នុងឱកាសនេះដែរ ពួក គាត់ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងលោក សូត សង់ ដែលបានដឹកនាំក្រុមការងារចម្រុះចុះមកបើកផ្លូវចាស់នេះឡើវិញ បានដោយជោគជ័យ ព្រោះថាផ្លូវចាស់នេះត្រូវបានគេបិទរយៈពេលជិត៦ឆ្នាំមកហើយ ដូចនេះពួកគាត់គ្មាន អ្វីក្រៅពីម្រាមដៃដប់ សូមថ្លែង អំណរគុណ និងសូមបួងសួងជូនពរដល់ ឯកឧត្តមអភិបាលខេត្ត និងលោក សូត សង់ អភិបាលរងស្រុកទឹកផុស និងក្រុមការងារទាំងអស់សូមទទួលបានជោគជ័យគ្រប់ភារកិច្ច៕