(ស្ទឹងត្រែង)៖ កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ចុះអនុវត្តដីការបស់តុលាការខេត្ត ក្នុងសំណុំរឿងមួយ ឈានដល់ឃាត់ខ្លួនមនុស្សចំនួន៣នាក់ នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។
សមត្ថកិច្ច បានបញ្ជាក់ថា ពេលកម្លាំងកងរាជអាវុធហត្ថ ចុះអនុវត្តដីការបស់តុលាការខេត្ត ទៅលើស្ត្រីម្នាក់ក្នុងសំណុំរឿងមួយនោះ ក៏ស្រាប់តែមានកូនប្រុសចំនួន២ នាក់ របស់គាត់មករារាំងសមត្ថកិច្ច ក្នុងការអនុវត្តដីកាទើបឈានដល់ការឃាត់ខ្លួន មនុស្សដល់ទៅ៤នាក់។
យោងតាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់លោកស្រី សាយ ស្រីល័ក្ខណ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តស្ទឹងត្រែង ដីកាបង្គាប់ឲ្យនាំខ្លួនលេខចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ ទៅលើស្ត្រីឈ្មោះ ក្រឹម អៃសះ អាយុ៤៧ឆ្នាំ ជាជនជាតិខ្មែរឥស្លាម ជាកសិករមានទីកន្លែងកំណើតភូមិឈើទាលភ្លោះ ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ។ បច្ចុប្បន្នមានទីលំនៅភូមិឃុំអូរឫស្សីកណ្ដាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។
ជននេះ ត្រូវបានដាក់ឲ្យស្ថិត ក្រោមការពិនិត្យពីបទធ្វើឲ្យខូចខាត ដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យបាត់ជំនឿលើសេចក្តីសម្រេច របស់តុលាការប្រព្រឹត្តនៅភូមិអូរឫស្សីកណ្ដាល ឃុំអូរឫស្សីកណ្ដាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១៩ខែធ្នូ ឆ្នាំ ២០១៩។
ជនត្រូវចោទរូបនេះ ពុំបានចូលមកបង្ហាញខ្លួនតាមដីកាបង្គាប់ឲ្យចូលខ្លួន របស់តុលាការទេ។
ពេលសមត្ថកិច្ចចុះអនុវត្តដីកា ស្រាប់តែមានកូនប្រុសចំនួន២នាក់ មករារាំងសមត្ថកិច្ចទើបមានការឃាត់ខ្លួន។ ទី១៖ ឈ្មោះ ហៀត អាមីន ភេទប្រុស អាយុ៣៦ឆ្នាំ កាន់ប័ណ្ណសារព័ត៌មាន អង្គភាពរក្សាសន្តិភាព និងទី២៖ ឈ្មោះ ហៀត ណាអ៊ីន ភេទប្រុស អាយុ៣២ឆ្នាំ។
នៅចំពោះមុខសមត្ថកិច្ចជនទាំង២នាក់ ពិនិត្យទឹកនោមឃើញថា មានសារធាតុញៀន។ ដោយឡែកស្ត្រីជាម្ដាយ ដែលជាជនត្រូវចោទ បានប្រាប់អ្នកសារព័ត៌មានថា សំណុំរឿងខាងលើនេះ ទាក់ទងនឹងវិវាទដីធ្លី។
កម្លាំងកងរាជអាវុធហត្ថ បានបញ្ជាក់ថា យុវជន២នាក់ ដែលបានឃាត់ខ្លួនខាងលើនេះ គឺដោយសារតែយុវជនទាំង២នាក់នេះ មករារាំងពេលសមត្ថកិច្ច ចុះអនុវត្តដីកា។
សមត្ថកិច្ចបានបន្តទៀតថា បាននាំខ្លួនយុវជនទាំង២នាក់ មកបញ្ជាការដ្ឋានកងរាជអាវុធខេត្តស្ទឹងត្រែង ក៏បានធ្វើតេស្តរកសារធាតុញៀន ឃើញថា ពិតជាមានផ្ទុកនូវសារធាតុញៀន ក្នុងខ្លួនពិតប្រាកដមែន។
បច្ចុប្បន្នកម្លាំងកងរាជអាវុធហត្ថ កំពុងធ្វើការសួរនាំនៅបញ្ជាការដ្ឋានកងរាជអាវុធខេត្តស្ទឹងត្រែង ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕