(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានថ្លែងថា កងកម្លាំងនគរបាលខេត្តកណ្ដាលទាំងអស់ មានកាតព្វកិច្ចធំបំផុត ក្នុងការការពារ រាជរដ្ឋាភិបាលកម្ពុជា ឲ្យបានល្អ និងម៉ឺងម៉ាត់បំផុត ការពារសន្តិសុខសង្គមឲ្យបានល្អ បំរើប្រជាពលរដ្ឋ ពិសេសអនុវត្តន៍ឲ្យបានល្អបំផុត នូវគោលនយោបាយ៩ចំណុច របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងទិសដៅធ្វើឲ្យមានស្ថេរភាពសង្គម មានការអភិវឌ្ឍន៍ទៅមុខជាលំដាប់។
លោកអភិបាលខេត្ត បានថ្លែងយ៉ាងដូច្នេះ នៅក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ ជាមួយកងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០នេះ នៅឯស្នងការដ្ឋាននគរបាលខេត្តកណ្ដាល។
លោកអភិបាលខេត្ត ក៏បានកោតសរសើរកងកម្លាំងនគរបាលខេត្តកណ្ដាលទាំងអស់ ដែលបានលះបង់កម្លាំងកាយ កម្លាំងកាយចិត្ត ធ្វើការងារបានល្អ ក្នុងការជួយសង្គមយើង ឲ្យមានសុខសន្តិភាព មានស្ថេរភាពសង្គមល្អ បង្ក្រាបបាននូវភាពរាល់រូបភាពអសកម្ម ការបង្ករបញ្ហាសង្គមជាដើម ដែលកម្លាំងបង្ក្រាប បានជាបន្តបន្ទាប់។ នេះសបញ្ជាក់ឲ្យឃើញពីតម្លៃ នៃការលះបង់យ៉ាងធំធេង របស់កងកម្លាំងនគរបាលខេត្តកណ្ដាលចំពោះសង្គម ដែលកម្លាំងធ្វើការទាំងយប់ទាំងថ្ងៃ គ្មានថ្ងៃសំរាកបានស្រួលខ្លួនដូចប្រជាពលរដ្ឋឡើយ ។
លោកអភិបាលខេត្ត ក៏បានប្រាប់ដល់កម្លាំងទាំងអស់ ត្រូវខិតខំបន្តធ្វើការងារឲ្យបានល្អថែមទៀត ព្រោះអស់លោក លោកស្រី ជាបង្អែកសន្តិសុខសំរាប់ពលរដ្ឋទូទៅ មិនថាខាងចរាចរណ៍ក៏ដូច្នោះដែរ ព្រោះកម្លាំងបានលះបង់សេចក្ដីសុខរបស់ឈរហាលក្ដៅ ហាលភ្លៀង ធ្វើយ៉ាងណាជួយសម្រួលចរាចរណ៍ ដែលកកស្ទះជារៀងថ្ងៃឲ្យមានសណ្ដាប់ធ្នាប់ល្អ ។
លោកអភិបាលខេត្ត បានបញ្ជាក់ថែមទៀតថា អស់លោក-លោកស្រី ពិតមានសំណាងណាស់ ដែលបានបំពេញកាតព្វកិច្ច ជាកងកម្លាំងនគរបាលជាតិ, ជាមន្ត្រី ដែលមានភ័ពសំណាងជាងគេ មានមោទកភាព ព្រោះការងារច្រើនណាស់ដែលសុទ្ធតែត្រូវការខាងកម្លាំងនគរបាល ចូលរួមដោះស្រាយជាមួយគ្នា ខណៈដែលកម្លាំង នគរបាលត្រូវប្ដេជ្ញាចិត្តបំរើជាតិ មាតុភូមិ បំរើពលរដ្ឋ និងថ្នាក់ដឹកនាំប្រកបដោយមបេះដូងសន្តិភាព បេះដូងស្នេហាជាតិ ស្រលាញ់ជាតិ មាតុភូមិ និងប្រជាជន។
លោកអភិបាលខេត្ត បានបញ្ជាក់ទៀតថា កងកម្លាំង ក៏ត្រូវប្រុងជើងការជានិច្ច ដើម្បីទប់ស្កាត់ក្រុមឧទ្ទាមណានោះ ដែលមានបំណងមិនល្អ មកចំពោះរាជរដ្ឋាភិបាល កម្ពុជាស្របច្បាប់ ដែលដឹកនាំគណបក្សប្រជាជនកម្ពុជា ខណៈក្រុមឧទ្ទាមអស់នោះ តែងតែប៉ងផ្ដួលរំលំ និងបង្កើតចលាចលក្នុងសង្គមជាតិ ក្នុងទិសដៅបង្កាច់បង្ខូចឈ្មោះ ហើយឆ្លៀតឱកាសដ៏ថោកទាប ដើម្បីចង់ច្បាមយកប្រជាប្រិយភាព និងដណ្ដើមអំណាចទាំងខុសច្បាប់ ដែលរូបនេះវាខុសច្បាប់ ហើយកងទ័ពមានកាតព្វកិច្ចការពារ និងកំទេចជាដាច់ខាត ទប់ស្កាត់មិនឲ្យមានការចលាចលណាមួយកើតឡើងបានឡើយ។
ទន្ទឹមនឹងសារនេះដែរ លោកអភិបាលខេត្ត ក៏បានថ្លែងអំណរគុណដល់កម្លាំងនគរបាលទាំងអស់ នៅខេត្តកណ្ដាល ដែលជាខ្នងបង្អែកយ៉ាងរឹងមាំ និងខែលការពារសន្តិសុខយ៉ាងរឹងមាំ និងតែងតែជួយខ្នះខ្នែ ដល់ការងារសង្គមទូទៅដែលត្រូវការជាចាំបាច់ ខណៈទទួលបានការសាទរពីប្រជាជនយើង យ៉ាងច្រើនកុះករ។
ស្ថិតនៅក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល ក៏បានថ្លែងប្ដេជ្ញាចិត្ត ស្មោះស្ម័គ្រចំពោះថ្នាក់ដឹកនាំប្រទេសជាតិ ថ្នាក់ដឹកនាំទាំងអស់ ប្រកបដោយបេះដូងស្មោះត្រង់ គោរពអស់ពីចិត្ត ប្ដេជ្ញាការពារថែរក្សាសន្តិភាព សន្តិសុខសង្គម-ជាតិ និងបណ្ដុះបណ្ដាលកម្លាំង ក្រោមឱវាទឲ្យកាន់តែមានសមត្ថភាពខ្លាំងៗ និងពិសេសគោរពអនុវត្តន៍តាមបទបញ្ជាថ្នាក់លើ និងគោលនយោបាយ៩ចំណុច របស់រាជរដ្ឋាភិបាលកម្ពុជាឲ្យបានល្អបំផុត៕