(ភ្នំពេញ)៖ ពេញមួយឆ្នាំ២០២០ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជា បានកើតឡើងចំនួន ៣,១៧៩ករណី ថយចុះចំនួន៩៤២ករណី បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩។ នេះបើតាមការឲ្យដឹងពី នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។
នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន បានគូសបញ្ជាក់ទៀតថា ក្នុងចំណោមករណីគ្រោះថ្នាក់ចរាចរណ៍ទាំងអស់នេះ បានបណ្ដាលឲ្យមនុស្សរងរបួស ចំនួន៤,៦៨៤នាក់ ថយចំនួន១,៤៥៥នាក់ ក្នុងនោះមនុស្សស្លាប់ ចំនួន១,៩៨១នាក់ ថយចុះ៣៣៥នាក់។
នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន បានអះអាងថា ការថយចុះចំនួនគ្រោះថ្នាក់ចរាចរណ៍ ក្នុងឆ្នាំ២០២០នេះ គឺដោយសាររាជរដ្ឋាភិបាល ក៏ដួចជាក្រសួងមហាផ្ទៃ បានធ្វើការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក។ ទន្ទឹមគ្នានោះ ក៏មានការចូលរួមពីសំណាក់ប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់ផ្លូវផងដែរ ទើបគ្រោះថ្នាក់ចរាចរណ៍អាចថយចុះបាន។
បើទោះបីចំនួនគ្រោះថ្នាក់នេះ មានការថយចុះក៏ពិតមែន ប៉ុន្ដែនាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន ក៏នៅតែបន្ដអំពាវនាវឲ្យប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ចរាចរណ៍ ឲ្យបានគ្រប់ៗគ្នា ជៀសវាងការខ្លាចនគរបាលចរាចរណ៍ និងខ្លាចទទួលរងនូវការពិន័យជាប្រាក់។
សូមរំលឹកថា ដោយសារគ្រោះថ្នាក់ចរាចរណ៍ប៉ុន្មានឆ្នាំកន្លងទៅ មានការកើនឡើងគួរឲ្យព្រួយបារម្ភនោះ រាជរដ្ឋាភិបាលបានសម្រេចយកឆ្នាំ២០២០ គឺជាឆ្នាំដែលរឹតបន្ដឹងច្បាប់ចរាចរណ៍ តាមរយៈការបង្កើននូវប្រាក់ផាកពិន័យតាមអនុក្រឹត្យលេខ៣៩៕