(កំពង់ធំ)៖ អភិបាលរងខេត្តកំពង់ធំ លោក គង់ វិមាន បានចុះទៅដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋរស់នៅឃុំចំណារក្រោម និងឃុំព្រះដំរី ស្រុកស្ទោង ដោយក្នុងនោះលោកអភិបាលរងខេត្ត បានជំរុញទៅក្រុមសេវាករអគ្គិសនី ត្រូវបង្កើនការតខ្សែបណ្តាញអគ្គិសនីទៅដល់តាមផ្ទះប្រជាពលរដ្ឋឲ្យបានលឿន សម្រាប់ការប្រើប្រាស់ជាប្រចាំថ្ងៃ។
ភ្នាក់ងារ Fresh News បានរាយការណ៍ថា «លោក គង់ វិមាន នៅថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០១៦ បានដឹកនាំក្រុមការងារប្រជុំ ព្រមទាំងស្តាប់នូវការលើកឡើងពីបញ្ហាប្រឈមនានា និងត្រួតពិនិត្យ ដើម្បីយកទៅដោះស្រាយជូនប្រជាពលរដ្ឋដែលប្រើប្រាស់បណ្តាញអគ្គិសនី សេវាករផ្គត់ផ្គង់អគ្គិសនី ឃុន ណៃហៀក ដែលមានទីតាំងនៅភូមិព្រះដំរី ឃុំព្រះដំរី ស្រុកស្ទោង ខេត្តកំពង់ធំ ដែលសេវាករអគ្គិសនីនេះគ្របដណ្តប់ក្នុងការផ្គត់ផ្គង់ក្នុងឃុំចំណារក្រោម ចំណារលើ ឃុំបន្ទាយស្ទោង ឃុំព្រះដំរី ក្នុងស្រុកស្ទោង ឃុំដំរីស្លាប់ ក្នុងស្រុកកំពង់ស្វាយ ឃុំដូង និងឃុំសាមគ្គី ក្នុងស្រុកប្រាសាទបល្ល័ង្ក» ។
លោក គង់ វិមាន បានប្រាប់ទៅសេវាករជំរុញការតពង្រីកបណ្តាញអគ្គិសនី ឲ្យបានដល់គ្រប់ភូមិ ដាក់ផែនការដល់សេវាករផ្គត់ផ្គង់អគ្គិសនី ប្រញាប់រៀបចំបណ្តាញបន្ថែមដល់កន្លែងផ្សេងៗទៀត យ៉ាងយូរក្នុងខែ៦ឲ្យរួច ហើយសេវាករហាមលក់ខ្សែឲ្យប្រជាពលរដ្ឋ គឺយកតែតម្លៃសេវាប្រាក់កក់ និងសេវាភ្ជាប់ចរន្តបានហើយ និងចេញវិក័យប័ត្រឲ្យត្រឹមត្រូវនិងតម្លៃដែលបានយក ជៀសវាងការភ័ណ្ឌច្រឡំ ។
លោកបានបញ្ជាក់ថា «សូមឲ្យសេវាករ សហការជាមួយអាជ្ញាធរត្រូវជួយដោះស្រាយជូនប្រជាពលរដ្ឋ ត្រូវផ្សព្វផ្សាយជាសាធារណៈនូវសេវាបញ្ចុះតម្លៃតាមការកំណត់របស់អាជ្ញាធរអគ្គិសនី និងត្រូវបិទផ្សាយគ្រប់ទីកន្លែង» ។
លោកក៏បានអរគុណដល់ក្រុមហ៊ុនដែលបានជួយជាថវិកា សម្រាប់បង់ថ្លៃអគ្គិសនីដល់សាលាឃុំ និងប៉ុស្តិ៍នគរបាលព្រះដំរី ហើយក្នុងនោះដែរ លោកបានជួយឧបត្ថម្ភម៉ាស៊ីនបូមទឹកមួយគ្រឿង កំលាំង២២សេស សម្រាប់បូមទឹកពីទំនប់ ៣០កញ្ញា ទំលាក់តាមស្ទឹងស្ទោង ឲ្យប្រជាពលរដ្ឋប្រើប្រាស់ និងសំរាប់ដាក់ក្នុងអាងប្រព្រឹត្តកម្មរបស់រដ្ឋាករទឹកស្ទោង៕