(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា (NBC) នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០នេះ បានព្យាករណ៍ថា ក្នុងឆ្នាំ២០២១ សេដ្ឋកិច្ចកម្ពុជារំពឹងងើបឡើវិញក្នុងរង្វង់៤ភាគរយ នៅឆមាសទី១ ឆ្នាំ២០២០ ហើយអត្រាអតិផរណារំពឹងថា មានកម្រិតក្រោម៣ភាគរយ។
ប៉ុន្ដែតាមរយៈរបាយការណ៍ របស់ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា ការរំពឹងងើបឡើងវិញ នៃសេដ្ឋកិច្ចកម្ពុជាក្នុងរង្វង់៤ភាគរយនេះ អាស្រ័យលើបរិការណ៍ដែលថ្នាំបង្ការ មានប្រសិទ្ធិភាពអាចទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩ប៉ុណ្ណោះ។
នេះបើយោងតាមរបាយការណ៍ NBC ស្ដីពី «វឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ច និងវិស័យធនាគារឆ្នាំ២០២០ និងទស្សនវិស័យឆ្នាំ២០២១» ដែលចេញផ្សាយនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០នេះ។
ការព្យាករណ៍ពីការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា របស់ធនាគារជាតិនៃនេះ បន្ទាប់ពីមូលនិធិរូបិយវត្ថុអន្តរជាតិរំពឹងថា សេដ្ឋកិច្ចពិភពលោកអាចងើបឡើងវិញក្នុងឆ្នាំ២០២១ ប៉ុន្តែមានភាពមិនស្មើសាច់នៅឡើយ និងអាចប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់។
របាយការណ៍របស់ធនាគារជាតិបញ្ជាក់ថា «ក្នុងបរិការណ៍ដែលថ្នាំបង្ការមានប្រសិទ្ធភាព អាចទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ បានក្នុងឆមាសទី១ ឆ្នាំ២០២១ នោះសេដ្ឋកិច្ចកម្ពុជារំពឹងថា នឹងអាចងើបឡើងវិញក្នុងរង្វង់៤% ហើយអត្រាអតិផរណារំពឹងថា មានកម្រិតក្រោម៣% ដែលជាកម្រិតទាបអាចគ្រប់គ្រងបាន ជាមួយនឹងស្ថិរភាព អត្រាប្តូរប្រាក់ និងការរក្សាបានកម្រិតខ្ពស់ នៃទុនបម្រុងអន្តរជាតិ»។
ចំណែកឯស្ថាប័នហិរញ្ញវត្ថុអន្តរជាតិនានា បានព្យាករណ៍ថា អត្រាកំណើនសេដ្ឋកិច្ចកម្ពុជា អាចសម្រេចបានពី៤% ទៅ៦,៨%។ ទោះយ៉ាងណាការព្យាករទាំងនេះ អាស្រ័យជាចម្បងលើ ប្រសិទ្ធភាពនៃថ្នាំបង្ការ, ល្បឿននៃការងើបឡើងវិញនៃកំណើន ក្នុងប្រទេសជាដៃគូសេដ្ឋកិច្ច ជាមួយកម្ពុជា និងការពង្រឹងមូលដ្ឋានសេដ្ឋកិច្ចក្នុងស្រុក។
យោងតាមរបាយការណ៍ធនាគារជាតិបញ្ជាក់ថា «មូលនិធិរូបិយវត្ថុអន្តរជាតិរំពឹងថា សេដ្ឋកិច្ចពិភពលោកអាចងើបឡើងវិញក្នុងឆ្នាំ២០២១ ប៉ុន្តែមានភាពមិនស្មើសាច់នៅឡើយ និងអាចប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់។ បញ្ហាទាំងនេះអាចបន្តដាក់សម្ពាធលើ វិស័យខាងក្រៅរបស់កម្ពុជា ដែលក្នុងនោះវិស័យទេសចរណ៍អាចបន្តធ្លាក់ចុះដោយសារការទទួលបានថ្នាំបង្ការទាមទារនូវពេលវេលា, ការលេចចេញមេរោគកូវីដ-១៩ ប្រភេទថ្មី, ការស្ទាក់ស្ទើរក្នុងការធ្វើដំណើរ របស់ទេសចរអន្តរជាតិ ដោយសារការភ័យខ្លាចឆ្លង និងការថយចុះចំណូល និងសន្សំ»។
វិស័យកម្មន្តសាល រំពឹងថានឹងងើបឡើងជាលំដាប់ ជាពិសេសវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ខណៈដែលវិស័យកសិកម្មរំពឹងថា នឹងបន្តមានកំណើនល្អដូចឆ្នាំ២០២០ដែរ។ ទន្ទឹមនេះការនាំចេញផលិតផលកសិកម្ម ជាពិសេសអង្ករ និងកៅស៊ូ រំពឹងថាមានសន្ទុះកំណើនខ្ពស់ ដែលគាំទ្រដោយការធ្វើពិពិធកម្មទីផ្សារកសិផលកម្ពុជា និងកំណើនតម្រូវការកៅស៊ូ ក្នុងស្ថានភាពនៃការប្រសើរឡើង នៃសេដ្ឋកិច្ចពិភពលោក។
វិស័យសំណង់ និងអចលទ្រព្យរំពឹងថា ងើបឡើងសន្សឹមៗ ស្របពេលជាមួយនឹងកំណើន វិនិយោគផ្ទាល់បរទេស, ការងើបឡើងវិញនៃចំណូល និងការរំពឹងទុកពីការរីកចម្រើន សេដ្ឋកិច្ចជារួមនាពេលអនាគត។ ម៉្យាងទៀតវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន ក៏ដូចជាវិស័យដឹកជញ្ជូន នឹងអាចបន្តកើនឡើងវិញប៉ុន្តែក្នុងល្បឿនយឺត ដោយសារ
ការធ្លាក់ចុះទេសចរអន្តរជាតិ បើទោះបីជាទេសចរក្នុងស្រុក មានភាពសកម្មជាងមុនក៏ដោយ៕