(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ជំរុញឲ្យនាយទាហាន ពលទាហានទាំងអស់ ចេះប្រើប្រាស់ប្រព័ន្ធអ៊ិនធើណែត និង Facebook ខណៈបណ្តាញនេះ បានផ្តល់ព័ត៌មាន និងចំណេះដឹង បានយ៉ាងឆាប់រហ័ស។
ការថ្លែងអំពាវនាវរបស់ប្រមុខកងទ័កម្ពុជា បានធ្វើឡើងក្នុងពិធីបូកសរុបលទ្ធការងារយោធាឆ្នាំ២០១៥ និងផ្សព្វផ្សាយផែនការសកម្ម ភាពការងារយោធាឆ្នាំ២០១៦ របស់កងពលធំអន្តរាគមន៍លេខ២ នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ដែលមាននាយទាហាន ពលទាហាន ប្រមាណជាង២០០នាក់ចូលរួម។
នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានបញ្ជាក់ពីតួនាទីដ៏សំខាន់ របស់បច្ចេកវិទ្យាព័ត៌មានថា «បច្ចុប្បន្នបច្ចេកវិទ្យាព័ត៌មានមានការរីក ចម្រើនយ៉ាងឆាប់រហ័ស ដូច្នេះសូមឲ្យថ្នាក់ដឹកនាំនាយទាហាន និងពលទាហានទាំងអស់ នៃកងយោធពលខេមរភូមិន្ទ ត្រូវសិក្សា ដើម្បីចេះប្រើអ៊ិនធើណែត និងបណ្តាញសង្គម Facebook។ ពីព្រោះថា បណ្តាញទាំងនេះ វាបានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន លើផ្នែកព័ត៌មាន និងធ្វើឲ្យយើងអាចសិក្សារៀនសូត្រ តាមប្រព័ន្ធនេះ (Internet) មួយវិញទៀតធ្វើយ៉ាងណាឲ្យពិភពលោក ស្ថិតនៅលើដៃ របស់យើង»។
នាយឧត្តមសេនីយ៍ ក៏បានជំរុញឲ្យយោធាទាំងអស់ធ្វើអត្តសញ្ញាណប័ណ្ណស៊ីវិលគំរូថ្មី ដើម្បីងាយស្រួលក្នុងការធ្វើកិច្ចការរដ្ឋបាល និងធ្វើការបោះឆ្នោតជាដើម។ នាយឧត្តមសេនីយ៍ បានលើកឡើងថា «បណ្តាកងឯកភាពត្រូវសហការជាមួយស្ថាប័ន មានសមត្ថកិច្ច ពាក់ព័ន្ធដើម្បីជំរុញឲ្យនាយទាហាន ពលទាហានទាំងអស់ នៃកងយោធពលខេមរភូមិន្ទ ត្រូវធ្វើអត្តសញ្ញាណប័ណ្ណស៊ីវិលឲ្យបាន គ្រប់ៗគ្នាប្រយោជន៍ ដើម្បីប្រើប្រាស់ជាផ្លូវការក្នុងកិច្ចការដ្ឋបាលស៊ីវិល ជាពិសេសដើម្បីចូលរួមបោះឆ្នោតថ្នាក់ជាតិ នាពេលខាងមុខនេះ»។
នៅក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ប៉ុល សារឿន ក៏បានជំរុញដល់យោធាទាំងអស់ ត្រូវលើកកម្ពស់មនសិកាស្នេហាជាតិ ស្មោះត្រង់ដាច់ខាតចំពោះជាតិ ឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ជាពិសេសត្រូវអនុវត្តន៍តានគោលនយោបាយ របស់ប្រមុខរាជរដ្ឋាភិបាល ដែលបានកើតឡើងចេញពីការបោះឆ្នោតរបស់ប្រជាពលរដ្ឋនោះ។
នាយឧត្តមសេនីយ៍ ប៉ុល សារឿន ក៏បានជំរុញឲ្យយោធាទាំងអស់ យកចិត្តទុកដាក់បន្ថែមទៀតក្នុងការទប់ស្កាត់ប្រជាពលរដ្ឋខ្មែរ កុំឲ្យលួចឆ្លងដែនខុសច្បាប់ទៅប្រទេសជិតខាង ជាពិសេសនោះចូលទៅលួចកាប់ឈើប្រទេសគេ បណ្តាលឲ្យគេបាញ់និងចាប់ខ្លួន ជាញឹកញយមកនោះ៕