(ភ្នំពេញ)៖ ក្រុមហ៊ុនមីជាតិ បានប្រកាសលទ្ធផលម្ចាស់ជ័យលាភីនៃកម្មវិធីប្រកួតប្រជែងផលិតវីដេអូ «តោះ!ធ្វើល្អ» ដែលបានធ្វើឡើងនៅរោងចក្រមីជាតិ ក្រោមការចូលរួម ពីថ្នាក់ដឹកនាំនៃក្រុមហ៊ុន គណៈកម្មការវាយតម្លៃ និងក្រុមយុវជនដែលបានចូលរួមក្នុងការប្រកួតប្រជែងជាច្រើនរូប។
ការជួយគ្នាក្នុងគ្រាអាសន្ន គឺជាការបង្ហាញអំពីទឹកចិត្តថ្លៃថ្លា ដែលមនុស្សគ្រប់គ្នាត្រូវប្រកាន់ភ្ជាប់ ដែលនេះជាខ្លឹមសារនៃវីដេអូជ័យលាភីមួយក្នុងចំណោមវីដេអូ ជ័យលាភីទាំង៣ នៃកម្មវិធីប្រកួតប្រជែងផលិតវីដអូ «តោះ!ធ្វើល្អ» ដែលរៀបចំឡើងដោយក្រុមហ៊ុនមីជាតិ។
កម្មវិធីប្រកាសជ័យលាភីកាលពីពេលថ្មីៗកន្លងទៅនេះ លោក ហុង សុវណ្ណ ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុនមីជាតិ បានឱ្យដឹងថា កម្មវិធីប្រកួតប្រជែង «តោះ!ធ្វើល្អ» បានប្រព្រឹត្តទៅក្រោមប្រធានបទ «ចូលរួមលើកកម្ពស់ក្រមសីលធម៌សង្គមឲ្យកាន់តែប្រសើរ» ជាកម្មវិធីប្រកួតប្រជែងផលិតវីដអូខ្លី ដែលបានបង្កើតឡើងនៅដើមខែតុលា ឆ្នាំ២០២០ ក្នុងគោលបំណងជំរុញ និងចូលរួមលើកកម្ពស់សីលធម៌សង្គមតាមរយៈការផលិត និងផ្សព្វផ្សាយវីដេអូខ្លី។
ការប្រកួតប្រជែងនេះទទួលបានការគាំទ្រច្រើន និងបានចូលរួមពីសំណាក់យុវជន ដែលមានឆន្ទះចូលរួមក្នុងការរក្សា និងលើកកម្ពស់សីលធម៌សង្គមឲ្យកាន់តែប្រសើរ។ ជាក់ស្តែងមានវីដេអូចំនួន៤៤ បានចូលរួមប្រកួត និងឆ្លងកាត់ការវាយតម្លៃ។ វីដេអូដែលល្អជាងគេចំនួន១០ ត្រូវបានជ្រើសរើសពីក្នុងវគ្គជំរុះជុំទី១ និងផ្សព្វផ្សាយលើទំព័រ ហ្វេសប៊ុកមីជាតិ (https://www.facebook.com/meechiet.com.kh/) ក្នុងចេតនាដាក់ពិន្ទុ និងបញ្រ្ជៀបខ្លឹមសារវីដេអូទាំងនោះ ទៅកាន់សាធារណៈជន តាមរយៈការឆ្លុះបញ្ចាំងនិងជំរុញការប្រព្រឹត្តល្អក្នុងសង្គម។
លោក ហុង សុវណ្ណ បានបន្ថែមថា វីដេអូទាំងអស់ ដែលបានចូលរួមការប្រកួតប្រជែងសុទ្ធសឹងជាវីដេអូមានគុណភាព និងបានបង្កប់នូវខ្លឹមសារល្អជាសារអប់រំ ដូចជា ការជួយគ្នា ការយល់អធ្យាស្រ័យគ្នា ការលើកទឹកចិត្ត ការគោរពគ្នា ការឲ្យតម្លៃគ្នា ការស្រលាញ់រាបអានគ្នាជាដើម។
លោក ឡាវ វ៉ាន់ នាយកគ្រប់គ្រងក្រុមហ៊ុនមីជាតិ មានប្រសាសន៍ដែរថា ការប្រតិបត្តិសីលធម៌សង្គម គឺជាកត្តាសំខាន់ដើម្បីចូលរួមធ្វើឲ្យសង្គមរស់នៅដោយក្តីរីករាយ។ ការចូលរួមលើកកម្ពស់សីលធម៌សង្គម ជាកាតព្វកិច្ចរបស់យើងម្នាក់ៗដែលត្រូវបំពេញរាល់ថ្ងៃ គ្រប់ទង្វើល្អទោះជាសកម្មភាពតូច ឬធំគឺសុទ្ធតែមានគុណតម្លៃ មិនអាច កាត់ថ្លៃបាន។ មានតែការរួមគ្នាបង្កើត អនុវត្ត និងកែលំអរជាប្រចាំទើបសង្គមមានការរស់នៅប្រកបដោយភាពក្សេមក្សាន្តទាំងអស់គ្នា។
មីជាតិក្នុងនាម ជាក្រុមហ៊ុនឯកជនខ្មែរមួយ តែងតែរីករាយបង្កើត និងគាំទ្ររាល់សកម្មភាពដែលផ្តល់ប្រយោជន៍ដល់សង្គម និងប្រជាជនខ្មែរ។ មីជាតិ សង្ឃឹមថាទង្វើល្អ សុជីវធម៌ និងសីលធម៌សង្គម នឹងបន្តរីកសាយភាយពេញក្នុងសង្គមជានិរន្ត។
សូមបញ្ជាក់ថា ចំពោះជ័យលាភីនៃកម្មវិធីប្រកួតប្រជែងផលិតវីដអូ «តោះ!ធ្វើល្អ» គឺលេខ១ បានទៅលើក្រុមផលិតករនៃវីដេអូ “ទឹកចិត្ត” មកពីខេត្តសៀមរាប ទទួលបានទឹកប្រាក់ ៤លានរៀល។ លេខ២ បានទៅលើក្រុមផលិតករនៃវីដេអូ “មុនចោលសំរាមលើដី គិតពីស្ត្រីម្នាក់នេះផង” មកពីរាជធានីភ្នំពេញ ទទួលបានទឹកប្រាក់ ២លានរៀល។ លេខ៣ បានទៅលើក្រុមផលិតករនៃវីដេអូ “មីឆាដែលឆ្ងាញ់ជាងគេ” មកពីខេត្តសៀមរាប ទទួលបានទឹកប្រាក់ ១លាន២សែនរៀល។ សម្រាប់វីដេអូទាំង៧ ដែលឆ្លងកាត់វគ្គជម្រុះចុងក្រោយ មួយក្រុមៗបានទទួលនូវទឹកប្រាក់ ៤សែនរៀល និងផលិតផលមីជាតិមួយចំនួនពីក្រុមហ៊ុនផងដែរ៕