(ភ្នំពេញ)៖ ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា នឹងរៀបចំការរាំរបាំ «អាវ៉ាអូដូរី» ដែលជារបាំប្រពៃណីរបស់ជប៉ុនមានអាយុកាលជាង ៤០០ឆ្នាំ ជាលើកដំបូងនៅរាជធានីភ្នំពេញ ដោយមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៨-២០ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។
យោងតាមប្រភពព័ត៌មានពីស្ថានទូតជប៉ុន បានឲ្យដឹងថា ពិធីរាំរបាំនេះ នឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន CJCC នៅរសៀលថ្ងៃទី១៨ និងថ្ងៃទី២០ ចាប់ពីម៉ោង ៦៖៣០នាទីល្ងាច រហូតដល់ម៉ោង ៨យប់។ ដោយឡែកសម្រាប់ថ្ងៃទី១៩ ខែកុម្ភៈ ពេលព្រឹកធ្វើនៅ CJCC ហើយពេលល្ងាចធ្វើនៅផ្សារទំនើប AEON។
ប្រភពដដែលបានបន្តថា ការសម្តែងរបាំនេះ អនុញ្ញាតឲ្យមានការចូលរួមទស្សនាដោយសេរី។ របាំ «អាវ៉ាអូដូរី» គឺជារបាំប្រពៃណី ដ៏ល្បីល្បាញមួយរបស់ជប៉ុន ដែលមានប្រវត្តិជាង ៤០០ឆ្នាំមកហើយ។ នេះជាលើកដំបូងហើយ ដែលរបាំមានកំណើតដំបូងនៅខេត្តតុកឹស៊ីម៉ា ប្រទេសជប៉ុន ត្រូវបានយកមកសម្តែងនៅក្នុងប្រទេសកម្ពុជា។
ស្ថានទូតជប៉ុនបានអះអាងថា អ្នកចូលរួមទស្សនារបាំនេះ មិនត្រឹមតែអាចរីករាយជាមួយការសម្តែងរបាំតែប៉ុណ្ណោះទេ តែក៏អាចទទួលបានពិសោធអំពីការចូលរួមរាំជាមួយក្រុមរាំផងដែរ។
ស្ថានទូតជប៉ុនរំពឹងថា ព្រឹត្តិការណ៍របាំអាវ៉ាអូដូរីនេះ នឹងជំរុញប្រជាជនកម្ពុជា ឲ្យយល់ដឹងអំពីវប្បធម៌ជប៉ុន នឹងបន្តលើកកម្ពស់នូវបម្លាស់ប្តូរវប្បធម៌រវាងជប៉ុន និងកម្ពុជាបន្ថែមទៀត៕