(ក្រចេះ)៖ លោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានលើកឡើងថា បរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍ គឺជាគោលការណ៍មួយដែលក្រសួងទេសចរណ៍បានប្រកាន់ខ្ជាប់ ដើម្បីលើកកម្ពស់ក្នុងការទប់ស្កាត់ផលប៉ះពាល់សុខភាព និងបរិស្ថានដែលកើតឡើងពីផលិតផលថ្នាំជក់ និងដើម្បីធានាឲ្យបានថា កម្ពុជាកំពុងអភិវឌ្ឍវិស័យទេសចរណ៍មួយដែលគ្មានផ្សែងបារី សាកសមជាមាសបៃតងដែលបានចូលរួមកសាងសេដ្ឋកិច្ចបៃតង និងសហគមន៍បៃតង។
ការលើកឡើងរបស់រដ្ឋលេខាធិការក្រសួងទេសចរណ៍រូបនេះ ធ្វើឡើងក្នុងពិធីបើកសិក្ខាសាលា និងពិធីចែកពានស្តីពីបរិស្ថានគ្មានផ្សែងបារី ក្នុងវិស័យទេសចរណ៍ដំណាក់កាលកូវីដ-១៩ នៅសាលាខេត្តក្រចេះ នាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ដែលមានការចូលរួមពីលោកស្រី ខាំ សុភាព អភិបាលរងខេត្តក្រចេះ។
លោក ហោ សារុន បានលើកឡើងថា ការរៀបចំសិក្ខាសាលានេះឡើង ដើម្បីជំរុញផ្សព្វផ្សាយការអនុវត្តច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ និងលិខិតបទដ្ឋានគតិយុត្តនានា ពិសេសសេចក្តីណែនាំស្តីពីបរិស្ថានគ្មានផ្សែងបារីដល់ម្ចាស់មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ទូទាំងប្រទេសកម្ពុជា ក្នុងគោលបំណងការពារសុខមាលភាពរបស់ប្រជាពលរដ្ឋ ការពារ និងទប់ស្កាត់ការរងផ្សែងផលិតផលថ្នាំជក់ ដែលបង្កឲ្យមានហានិភ័យសុខភាពដល់អ្នកនៅជុំវិញ និងកាត់បន្ថយផលប៉ះពាល់ដល់សុខភាព សេដ្ឋកិច្ចសង្គម និងបរិស្ថានដែលបណ្តាលមកពីផលិតផលថ្នាំជក់ ព្រមទាំងពិធីចែកពានបរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍ដែលជាការលើកទឹកចិត្ត និងជាសក្ខីភាពមួយបញ្ជាក់ថា ការអនុវត្តគោលការណ៍បរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍របស់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ មិនត្រឹមតែជាការប្រតិបត្តិ និងអនុវត្តតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាទាក់ទងនឹងការត្រួតពិនិត្យផលិតផលថ្នាំជក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបានការកោតសរសើរ និងការទទួលស្គាល់ផងដែរ។
មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ ដែលមានស្នាដៃឆ្នើមត្រូវទទួលពានទាំងនោះ ត្រូវបានជ្រើសរើសតាមរយៈការចុះត្រួតពិនិត្យវាយតម្លៃនៅមូលដ្ឋានដោយផ្ទាល់ ពីសំណាក់ក្រុមការងារបរិស្ថានគ្មានផ្សែងបារីក្រសួងទេសចរណ៍ សហការជាមួយមន្ទីរពាក់ព័ន្ធ និងដៃគូ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០។
ជាលទ្ធផល ក្រុមការងារជ្រើសរើសបានសណ្ឋាគារ ផ្ទះសំណាក់ចំនួន ១៥ កន្លែង ក្នុងចំណោម ២៨ កន្លែងដែលបានចុះត្រួតពិនិត្យ និងភោជនីយដ្ឋាន អាហារដ្ឋានចំនួន ១៥ កន្លែង ក្នុងចំណោម ៣១ កន្លែងដែលបានចុះត្រួតពិនិត្យ ដែលមានស្នាដៃឆ្នើមក្នុងការអនុវត្តបរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍។
ការជ្រើសរើសវាយតម្លៃផ្តល់ជូនសណ្ឋាគារ ភោជនីយដ្ឋានឆ្នើម ដែលទទួលពានបរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍ គឺផ្អែកទៅលើពិន្ទុនៃកម្រងសំណួរដែលបានរៀបចំឡើង ដោយមានសូចនាករ លក្ខណៈវិនិច្ឆ័យត្រឹមត្រូវ យោងទៅតាមច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ និងលិខិតបទដ្ឋានគតិយុត្តនានាក្រោមច្បាប់ រួមមាន៖ អនុក្រឹត្យ ប្រកាស សារាចរ សេចក្តីណែនាំជាដើម។
ចំណុចសំខាន់ៗដែលមូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ត្រូវប្រកាន់យកមានដូចជា៖
១៖ ត្រូវបិទផ្សាយ ឬដាក់បម្រាមហាមជក់នៅតាមផ្លូវចូល និងកន្លែងសមស្របដែលអាចមើលឃើញច្បាស់
២៖ មិនត្រូវដាក់តាំងឬបង្ហាញប្រដាប់គោះបារី
៣៖ ត្រូវបង្គាប់មិនឲ្យអ្នកជក់ ឬបង្ហុយផ្សែងផលិតផលថ្នាំជក់ក្នុងកន្លែងហាមឃាត់
៤៖ មិនត្រូវផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់ក្នុងបរិវេណមូលដ្ឋានរបស់ខ្លួន ទោះក្នុងទម្រង់ណាក៏ដោយ
៥៖ អាចដាក់តាំងបង្ហាញកញ្ចប់ផលិតផលថ្នាំជក់ធម្មតាបានតែមួយកញ្ចប់ក្នុងមួយម៉ាក
៦៖ ត្រូវដាក់តាំងបង្ហាញ ឬលក់តែផលិតផលថ្នាំជក់ណាដែលមានសារព្រមានសុខភាពជារូបភាព និងជាភាសាខ្មែរទំហំ ៥៥% បោះពុម្ពលើផ្នែកខាងលើផ្ទៃសំខាន់ទាំងពីរនៃកញ្ចប់ផលិតផលថ្នាំជក់៕