(ភ្នំពេញ)៖ រដ្ឋបាលស្រុកគិរីវង់ ខេត្តតាកែវ ព្រមទាំងក្រុមប្រឹក្សា មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ ព្រះសង្ឃ និងប្រជាពលរដ្ឋក្នុងស្រុក នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០នេះ សម្តែងនូវការអបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ទទួលបានសមិទ្ធផលប្រវត្តិសាស្ត្រីថ្មីនៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។
ក្នុងលិខិតអបអរសាទរលោកអភិបាលស្រុក បានគូសរំលេចថា «តាមរយៈភាពជោគជ័យជាប្រវត្តិសាស្រ្ត នៃការទទួលបានដំណក់ប្រេងជាលើកដំបូងនេះ គឺជាការចាប់ផ្តើមដ៏សំខាន់បំផុត សម្រាប់ប្រទេសកម្ពុជា ឆ្ពោះទៅបង្កើតបាននូវសមត្ថភាពជាតិ និងខឿនឧស្សាហកម្មប្រេងកាត ឧស្ម័ន និងថាមពល ដែលជាពរជ័យសម្រាប់ប្រជាជាតិ និងប្រជាជនកម្ពុជា ក្រោមម្លប់ដ៏ត្រជាក់ត្រជុំនៃ «សន្តិភាព» របស់សម្តេចតេជោនាយករដ្ឋមន្ត្រី បិតាស្ថាបនិក អគ្គមគ្គទេសក៍ និងជាប្រតិបត្តិករនយោបាយ ឈ្នះឈ្នះ ដែលបានតស៊ូរំដោះប្រទេសជាតិឲ្យរួចផុតពី របបប្រល័យពូជសាសន៍ និងបានខិតខំពុះពារកសាងសន្តិភាព ខឿនសេដ្ឋកិច្ច លទ្ធិប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គមដ៏គាប់ប្រសើរ»។
លោក ស៊ុត ខុន បានគូសបញ្ជាក់ថា នេះគឺជាស្នាដៃដ៏ធំធេងរបស់ប្រទេសកម្ពុជា និងជាសក្ខីភាពនៃស្នាដៃដ៏ពិសិដ្ឋរបស់សម្តេច អគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី ក្នុងការដឹកនាំ និងគ្រប់គ្រងមាតុភូមិកម្ពុជា ប្រកបដោយបញ្ញាញាណ ភាពអង់អាចក្លាហានមោះមុត គុណធម៌ និងស័ក្តិសិទ្ធភាពខ្ពស់ សម្រាប់ប្រទេសកម្ពុជាឈានឆ្ពោះទៅបង្កើតបាននូវសមត្ថភាពជាតិ និងខឿនឧស្សាហកម្មប្រេងកាត ឧស្ម័ន និងថាមពល។ តំណក់ប្រេងដំបូងក្នុងប្រវត្តិសាស្រ្តនេះ ធ្វើឱ្យយើងមានក្តីសង្ឃឹមថានឹងក្លាយជាធនធានដ៏មានតម្លៃដើម្បី បម្រើដល់ការអភិវឌ្ឍ ការកសាងជាតិ និងលើកតម្កើងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ក្នុងនាមក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់ អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋទូទាំង ស្រុកគិរីវង់ ពិតជាមានសេចក្តីរំភើបឥតឧបមា និងសូមសម្តែងនូវ អំណរសាទរប្រកបដោយមនោសញ្ចេតនា គោរពដឹងគុណដ៏ជ្រាវជ្រៅបំផុតជូនចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានខិតខំប្រឹងប្រែងដឹកនាំប្រទេសកម្ពុជា សម្រេចបានជោគជ័យទទួលបានសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រនេះ។
ក្នុងលិខិតអបអរសាទរ លោកអភិបាលស្រុក បានលើកឡើងថា ទាំងរូបលោក ព្រមទាំងក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ និងប្រជាពលរដ្ឋទូទាំងស្រុក ពិតជាមានមោទនភាពជាទីបំផុត និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមជួយប្រសិទ្ធពរជ័យបវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូន សម្តេចតេជោនាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់សូមបានសមប្រកបនូវសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ដើម្បីបន្តដឹកនាំ និងអភិវឌ្ឍន៍មាតុភូមិកម្ពុជា ក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តមបម្រើជាតិ និងប្រជាជន ឱ្យកាន់តែរីកចម្រើនឈានឆ្ពោះទៅរកភាពសម្បូរសប្បាយជានិច្ចនិរន្តរ៍៕