លោក អូបាម៉ា នឹងបំពេញទស្សនកិច្ចលើកដំបូងនៅ គុយបា ក្នុងពេលឆាប់ៗនេះ
18-02-2016 11:54
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា កំពុងតែរៀបចំផែនការក្នុងការបំពេញទស្សនកិច្ច ទៅកាន់គុយបា ក្នុងពេលសមរម្យណាមួយនៅខែមីនា ខាងមុខនេះ ដែលលោកនឹងក្លាយជាប្រធានាធិបតីអាមេរិកទីមួយ ដែលនឹងជាន់ប្រទេសដីកោះមួយនេះឡើងវិញ បន្ទាប់ពីរយៈពេលជាង ៨០ឆ្នាំ។ នេះបើតាមស៊ិនហួរ ដកស្រង់សេចក្តីរាយការណ៍ ពីសារព័ត៌មានក្នុងស្រុកអាមេរិក នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ ២០១៦។
តាមពិតដំណើរទស្សនកិច្ចដ៏កម្របំផុតនេះ គ្រោងធ្វើឡើងចាប់ពីថ្ងៃ ទី២១ ដល់ ២២ ខែមីនា ខាងមុខ មុននឹងលោក អូបាម៉ា ធ្វើដំណើរបន្តទៅកាន់ប្រទេសអាហ្សង់ទីន ដែលស្ថិតនៅទ្វីបអាមេរិកខាងត្បូង។ យ៉ាងណាក៏ដោយ សារព័ត៌មាន ABC របស់អាមេរិក មិនបានបញ្ជាក់ពីផែនការលម្អិតនោះទេដោយគ្រាន់តែបញ្ជាក់ថា មន្ត្រីសេតវិមានអាមេរិក នឹងចេញសេចក្តីប្រកាសព័ត៌មានមួយ នៅក្នុងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ៕