(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានចាត់ទុកថា ការទទួលបានតំណក់ប្រេងលើកដំបូងរបស់កម្ពុជា ជាការបើកនូវសករាជប្រវត្តិសាស្ត្រថ្មី ក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្មប្រេងកាត ដែលជាធនធានដ៏មានតម្លៃរួមចំណែកលើកកម្ពស់សេដ្ឋកិច្ច-សង្គមកម្ពុជា។

នេះបើតាមលិខិតរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ផ្ញើទៅកាន់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

លិខិតរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានឲ្យដឹងថា ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានសំដែងនូវការចូលរួមអបអរសមិទ្ធផលជាប្រវត្តិសាស្រ្តថ្មី
ដែលព្រះរាជាណាចក្រកម្ពុជាទទួលបានតំណក់ប្រេងលើកដំបូង ស្របពេលថ្ងៃខួបអនុស្សាវរីយ៍លើកទី២២ នៃការអនុវត្តដោយជោគជ័យនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលបាននាំមកនូវការបង្រួបបង្រួមជាតិ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ការទទួលបានតំណក់ប្រេងលើកដំបូងនេះ ជាការបើកនូវសករាជប្រវត្តិសាស្ត្រថ្មី សម្រាប់ព្រះរាជាណាចក្រកម្ពុជា ក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្មប្រេងកាត ដែលជាធនធានដ៏មានតម្លៃរួមចំណែកលើកកម្ពស់សេដ្ឋកិច្ច-សង្គមកម្ពុជា ជាពិសេសការលើកកម្ពស់វិស័យអាទិភាព វិស័យអប់រំនិងវិស័យសុខាភិបាល
ដែលវិស័យសំខាន់សម្រាប់ការអភិវឌ្ឍកម្ពុជា»

សម្តេចប្រធានព្រឹទ្ធសភា ថែមទាំងបានវាយតម្លៃខ្ពស់បំផុត ចំពោះសម្តេចតេជោ ចំពោះការដឹកនាំដ៏ឆ្នើម និងឈ្លាសវៃប្រកបដោយគុណបំណាច់ដ៏ថ្លៃថ្លា និងវីរភាពដ៏ឧត្តុង្គឧត្តម ក្នុងការនាំមកនូវជោគជ័យធំថ្មី១ជាបន្តបន្ទាប់សម្រាប់ប្រជាជាតិកម្ពុជាទាំងមូល។

សូមជម្រាបថា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ស្របពេលចំថ្ងៃខួបលើកទី២២ នៃនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន, សម្តេចបានប្រកាសពីជោគជ័យ នៃការទទួលបានដំណក់ប្រេងលើកដំបូងរបស់ខ្មែរ។ នៅពេលនេះ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ កម្ពុជាបានចាប់ផ្តើមទទួលដំណក់ប្រេងលើកដំបូងរបស់ខ្លួនហើយ ស្ថិតនៅតំបន់ប្លុក A នៃឈូងសមុទ្រកម្ពុជា ដោយក្រុមហ៊ុន Kris Energy ដែលបានខួងប្រេងចេញពីបាតសមុទ្រ ក្នុងខេត្តព្រះសីហនុ។

សម្តេចតេជោ ក៏បានលើឡើងពីប្រវត្តិនៃកិច្ចព្រមព្រៀងប្រេងកាតដំបូងរបស់កម្ពុជា ដោយត្រូវបានចុះនៅឆ្នាំ ២០០២ ជាមួយសម្ព័ន្ធក្រុមហ៊ុន មានក្រុមហ៊ុន Chevron Oversea Petroleum (Cambodia) Ltd., LG Caltex Oil Corporation, Moeco Cambodia Co., Ltd. និង KrisEnergy)។

សម្ព័ន្ធក្រុមហ៊ុននេះ ដឹកនាំដោយក្រុមហ៊ុន Chevron របស់អាមេរិក។ នៅឆ្នាំ២០១០ ក្រុមហ៊ុន Chevron បានប្រកាសរកឃើញជម្រករ៉ែប្រេង មានលក្ខណៈពាណិជ្ជកម្ម ជាលើកដំបូងរបស់កម្ពុជា និងបានកសាងគម្រោងផែនការអភិវឌ្ឍ និងអាជីវកម្ម ដើម្បីស្នើសុំរាជរដ្ឋាភិបាលពិនិត្យ និងសម្រេច។ តាមផែនការនោះផលិតកម្មប្រេងដំបូង គ្រោងចាប់ផ្តើមនៅអំឡុងខែធ្នូ ឆ្នាំ២០១២។ ប៉ុន្តែដោយការពិនិត្យលក្ខណៈបែងចែកផលសេដ្ឋកិច្ច និងសង្គតភាពច្បាប់ពាក់ព័ន្ធ និងផែនការអភិវឌ្ឍ និងអាជីវកម្មស្នើ ឡើងដោយក្រុមហ៊ុន Chevron នៅពេលនោះ បានតម្រូវឲ្យភាគីទាំងពីរត្រូវចរចារ កែសម្រួលលក្ខខណ្ឌកិច្ចព្រមព្រៀងមួយចំនួនឡើងវិញ ដើម្បីឲ្យមានសង្គតភាព ជាមួយបទប្បញ្ញត្តិច្បាប់កម្ពុជាផង និងមានសមធម៌ កាន់តែប្រសើរនៅក្នុងការបែងចែកផលសេដ្ឋកិច្ច ពីផែនការអាជីវកម្មនេះផង ដំណើរការអនុវត្តតាមផែនការ ផលិតប្រេងនៅខែធ្នូ២០១២ ក៏ត្រូវបានរាំងស្ទះមិនអាចអនុវត្តបាន។

ការចរចារកិច្ចព្រមព្រៀងប្រេងកាត ក៏ត្រូវបានប្រព្រឹត្តិទៅយ៉ាងស្វិតស្វាញរវាងភាគីទាំងពីរ (រាជរដ្ឋាភិបាល និងក្រុមហ៊ុន) ទាំងលើទិដ្ឋភាពច្បាប់ បច្ចេកទេស និងសេដ្ឋកិច្ច។ នៅក្នុងរយៈពេលចរចារដ៏តឹងតែងនេះ ក្រុមហ៊ុន Chevron Oversea Petroleum (Cambodia) Ltd., LGCaltex Oil Corporation និងក្រុមហ៊ុន Mocco Cambodia Co., Ltd. បានស្នើសុំដកខ្លួនចេញបន្តបន្ទាប់គ្នា នៅឆ្នាំ ២០១៤ និង២០១៦។ ការចរចារត្រូវបានបន្តអូសបន្លាយ ពេលយ៉ាងយូរតាំងពីឆ្នាំ២០១០ រហូតដល់ថ្ងៃទី២៣ ខែសីហាឆ្នាំ ២០១៧ ទើបសម្រេចបាននូវកិច្ចព្រមព្រៀងថ្មី និងគម្រោងផែនការអភិវឌ្ឍ និងអាជីវកម្មអណ្តូងប្រេងថ្មី ដែលបើកផ្លូវឲ្យដំណើរការសាងសង់ និងអភិវឌ្ឍផ្លាតហ្វមអណ្តូងប្រេង អាចចាប់ផ្តើមបាន។

ហេដ្ឋារចនាសម្ព័ន្ធផលិតកម្មប្រេងធំៗ និងសំខាន់ៗ ដែលបានសាងសង់ តម្លើង និងរៀបចំរួចរាល់ជាស្ថាពរនៅក្នុងតំបន់ប្លុក A សម្រាប់ដំណើរការផលិតកម្មជារួមមាន៖

* ផ្លាតហ្វមអណ្តូងប្រេង ផលិតនៅកោះបាតាង នៃប្រទេសឥណ្ឌូនេស៊ី ចាប់ផ្តើមសាងសង់នៅអំឡុងខែធ្នូឆ្នាំ ២០១៩ និងបានបញ្ចប់នៅខែសីហា ២០២០។ ផ្លាតហ្វមនេះ បានដឹកចូលមកដល់តំបន់ប្លុក A និងបានបញ្ចប់ការតម្លើងរួចរាល់ជាស្ថាពរនៅថ្ងៃទី៧ កញ្ញា ២០២០។

* កប៉ាល់ផលិតកម្មប្រេងបានតម្លើង ជួសជុល និងបំពាក់សម្ភារៈ បរិក្ខារួចរាល់នៅខែកញ្ញា ២០២០ នៅប្រទេសសឹង្ហបុរី និងបានដឹកមកដល់និងតម្លើងរួចរាល់នៅប្លុក A នៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២០។ កប៉ាល់ស្តុកប្រេង បានរៀបចំនិងត្រៀមចាំរួចរាល់នៅប្លុក A នៅថ្ងៃទី ៩ ខែវិច្ឆិកា ២០២០។

អណ្តូងប្រេងទីមួយបានបញ្ចប់ការសាងសង់នៅថ្ងៃទី២៣ ធ្នូ ២០២០ និងចាប់ផ្តើមផលិតចេញប្រេងដំបូងនៅថ្ងៃទី២៩ ខែធ្នូ២០២០នេះ។ ក្រៅពីនេះមានអណ្តូងប្រេងចំនួនពីរទៀត ក៏បានខួងជម្រៅដល់ស្រទាប់ជម្រករ៉ែប្រេងរួចហើយដែរ។ ការចាប់ផ្តើមផលិតកម្មប្រេងនេះ គឺជាពរជ័យសម្រាប់កម្ពុជា។

សម្តេចតេជោនាយករដ្ឋមន្ត្រីចាត់ទុកថា នេះជាការចាប់ផ្ដើមមួយជំហានដំបូង ដ៏សំខាន់សម្រាប់កម្ពុជា ឆ្ពោះទៅបង្កើតបាននូវសមត្ថភាពជាតិ និងខឿនឧស្សាហកម្មប្រេងកាត ឧស្ម័ន និងថាមពលនៅកម្ពុជា។ ផលប្រយោជន៍សំខាន់ៗរួមមាន៖ ចំណូលថវិកាជាតិ ផលសេដ្ឋកិច្ចទទួលបានពីការបង្កើតបាននូវពិពិធកម្មខឿនឧស្សាហកម្មក្នុងវិស័យប្រេងកាត និងការកសាងសមត្ថភាពជាតិ នៅក្នុងវិស័យនេះ។ ការរកឃើញ និងអាជីវកម្មធនធានរ៉ែប្រេងនៅកម្ពុជាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល គឺជាពរជ័យសម្រាប់ប្រជាជន និងប្រទេសជាតិ មិនមែនជាបណ្តាសារ ដូចការលើកឡើងរបស់ជនអគតិមួយចំនួននោះទេ។

សម្តេចសង្កត់ធ្ងន់ថា ចូលឆ្នាំសកលថ្មី២០២១ខាងមុខ ទោះយើងមិនបានសប្បាយរីករាយ ដូចឆ្នាំមុនៗដោយសារតែកូវីដ-១៩ តែយើងទទួលបានកាដូដ៏ធំសម្រាប់ជាតិយើង នោះគឺប្រេងដែលផលិតចេញលើកដំបូង ក្នុងទឹកដីយើង។ ឆ្នាំថ្មី សមិទ្ធផលថ្មីសម្រាប់សេដ្ឋកិច្ចកម្ពុជា ចាប់ពីដើមឆ្នាំ២០២១តទៅ៕