(កោះកុង)៖ លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាល ខេត្តកោះកុង បានប្រាប់ភ្នាក់ងារ Fresh News នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០នេះ ឲ្យដឹងថា គិតត្រឹមថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ពលករខ្មែរដែលធ្វើសំណាក់ស្រុក មកពីប្រទេសថៃ តាមច្រកទ្វារអន្តរជាតិចាំយាមច្រករបៀង និងតាមផ្ទៃទឹក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ធ្វើតេស្តចក្តាឡីស័ក មានចំនួនសរុប៣០នាក់ ដែលមន្ត្រីសុខាភិបាល បានយកសំណាកទៅធ្វើការពិនិត្យ នៅវិទ្យាស្ថានប៉ាស្ទ័រ ជាលទ្ធផល បានបញ្ជាក់ថា លទ្ធផលអវិជ្ជមានទាំងអស់។
លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង បានឲ្យដឹងបន្ថែមថា រយៈពេល២ថ្ងៃនេះ ពុំមានពលករសំណាក់ស្រុកឆ្លងដែនពីប្រទេសថៃ វិលចូលស្រុកកំណើតវិញ តាមច្រកទ្វារអន្តរជាតិ ច្រករបៀង និងតាមផ្ទៃទឹកនោះទេ។
លោកវេជ្ជបណ្ឌិត បានបន្ថែមថា អាជ្ញាធរខេត្តកោះកុង មន្ត្រីប្រចាំការណ៍តាមព្រំដែន មន្ត្រីសុខាភិបាលអាជ្ញាធរគ្រប់មូលដ្ឋាន មានការរឹតបន្តឹងជាប់ជានិច្ច តាមមាត់ច្រកអន្តរជាតិ ចាំយាមច្រករបៀង លើផ្ទៃទឹកទាំងអស់ ដែលមានព្រំទល់ជាប់ ជាមួយប្រទេសថៃ គឺឲ្យមានការប្រុងប្រយ័ត្នខ្ពស់ នៃការរីករាលដាលនៃជំងឺកូវីដ១៩ កុំឲ្យមានការឆ្លងចូលក្នុងសហគមន៍ ក្នុងប្រទេសយើង។
លោកថា ដូច្នេះអ្វីដែលសំខាន់ ពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នឲ្យខ្ពស់ ចេះថែរក្សាអនាម័យបរិស្ថាន ចេះការពារសុខភាពខ្លួនឯង និងអនុវត្តន៍តាមការផ្សព្វផ្សាយណែនាំអប់រំ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដែលចាក់ផ្សព្វផ្សាយគ្រប់ម៉ោងគ្រប់មូលដ្ឋាន។
លោកវេជ្ជបណ្ឌិត បានអំពាវនាវដល់ប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋានគ្រប់មូលដ្ឋាន ត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ដើម្បីការពារជំងឺឆ្លងកូវីដ១៩ កុំមានការរីករាលដាលពីព្រោះជំងឺកូវីដ១៩ ជាជំងឺឆ្លងសកលដែលគួរឲ្យភ័យខ្លាច៕