(ស្ទឹងត្រែង)៖ ក្រុមការងារពិសេសថ្នាក់ខេត្ត លុបបំបាត់ជំងឺគ្រុនចាញ់ ខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ បានរៀបចំកិច្ចប្រជុំ ក្រុមការងារពិសេស ថ្នាក់ខេត្ត លុបបំបាត់ជំងឺគ្រុនចាញ់ សម្រាប់ត្រីមាសទី៤ ឆ្នាំ២០២០ ដើម្បីតាមដាន និងគ្រប់គ្រងករណីជំងឺគ្រុនចាញ់ ឈានឆ្ពោះទៅរកការលុបបំបាត់ ករណីជំងឺគ្រុនចាញ់ ស្របតាមទិសដៅលុបបំបាត់ជំងឺ ក្នុងឆ្នាំ២០២៥ របស់រាជរដ្ឋាភិបាលកម្ពុជា។
កិច្ចប្រជុំ បានធ្វើឡើងនៅសាលប្រជុំមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង ក្រោមវត្តមានលោក ដួង ពៅ អភិបាលរងខេត្ត និងជាប្រធានក្រុមការងារពិសេសថ្នាក់ខេត្ត លុបបំបាត់ជំងឺគ្រុនចាញ់ និងមានការចូលពី លោក លោកស្រីអភិបាលរងក្រុងស្រុក អង្គការដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធជាច្រើននាក់។
លោកវេជ្ជ រិន រ៉ាវុឌ្ឍន៍ ប្រធានការិយាល័យបង្កា និងគ្របគ្រងជំងឺនៃមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង បានឲ្យដឹងថា ស្ថានភាពជំងឺគ្រុនចាញ់ក្នុងខេត្តស្ទឹងត្រែង រយៈ៣ខែចុងឆ្នាំ២០២០នេះ មានការថយចុះជាខ្លាំង បើប្រៀបធៀបរយៈពេលដូចគ្នានៅចុងឆ្នាំ២០១៩។ ហើយនេះបង្ហាញពីជោគជ័យមួយកម្រិតទៀត ក្នុងការចូលរួមលុបបំបាត់ជំងឺគ្រុនចាញ់ ស្របតាមទិសដៅដែលបានកំណត់។
លោកវេជ្ជ បានរំលឹកថា នៅក្នងអំឡុងរយៈពេល៣ខែចុង២០១៩ កន្លងមកឃើញថា មានអត្រាអ្នកកើតជំងឺគ្រុនចាញ់ មានរហូតដល់៦៩៣ករណី ក្នុងនោះ ករណីឆ្លងគ្រុនចាញ់កាចសាហាវ មាន១៧៨ករណី ដោយឡែកក្នុងរយៈ៣ខែចុង ឆ្នាំ២០២០ ចាប់ពីខែតុលា ដល់ខែធ្នូ មានករណីកើតជំងឺគ្រុនចាញ់ ធ្លាក់មកនៅត្រឹមតែ១៦៦ករណី និងករណីអ្នកកើតគ្រុនចាញ់កាចសាហាវ មានត្រឹមតែ១៥ករណីប៉ុណ្ណោះ។
លោក ដួង ពៅ អភិបាលរងខេត្តស្ទឹងត្រែង និងជាប្រធានក្រុមការងារពិសេសថ្នាក់ខេត្ត លុបបំបាត់ជំងឺគ្រុនចាញ់ បានថ្លែងថា ច្រើនឆ្នាំមកនេះ ការប្រយុទ្ធនឹងជំងឺគ្រុនចាញ់ នៅប្រទេសកម្ពុជា ទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ គឺកាត់បន្ថយបន្ទុកនៃជំងឺដោយបានធ្វើឲ្យអត្រាឈឺ និងស្លាប់ដោយសារជំងឺគ្រុនចាញ់ធ្លាក់ចុះ។
តាមរយៈលទ្ធផលដែលបានបង្ហាញ ដោយមន្ត្រីជំនាញពីបញ្ហាគ្រុនចាញ់នេះ បង្ហាញឲ្យឃើញពីការខិតខំប្រឹងប្រែង របស់អ្នកពាក់ព័ន្ធទាំងអស់ ក្នុងការចូលរួមលុបបំបាត់ជំងឺគ្រុនចាញ់ ឲ្យទទួលបានជោគជ័យទៅតាមផែនការ ដែលបានដាក់ចេញ។ ជាពិសេសរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល ព្រមទាំងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ដ និងបាណកសាស្រ្ដ បានធ្វើការបេ្ដជ្ញាចិត្ដ ដើម្បីសម្រេចគោលដៅនៃការលុបបំបាត់ជំងឺគ្រុនចាញ់ ប្រភេទមេរាគ ផ្លាស់ស្មូមដ្យូម ហ្វាល់ស៊ីប៉ារ៉ូម ឲ្យអស់ត្រឹមឆ្នាំ២០២០ និងការលុបបាត់ជំងឺគ្រុនចាញ់គ្រប់ប្រភេទមេរោគទាំងអស់ ត្រឹមឆ្នាំ២០២៥។
លោកក៏បានបន្ដទៀតថា ការលុបបំបាត់ ទាមទារឲ្យមានការរៀបចំ មានលក្ខណៈច្បាស់លាស់ ជាក់លាក់ និងចាំបាច់ ត្រូវមាន ការសម្របសម្រួលរវាងមជ្ឈមណ្ឌល ជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ដ្រ និងបាណកសាស្ដ្រ ជាមួយនឹង ដៃគូអភិវឌ្ឍន៍នានា។
លោកអភិបាលរងខេត្ត បានណែនាំដល់បុគ្គលិកគ្រប់ជាន់ថ្នាក់ ត្រូវមានទំនួលខុសត្រូវខ្ពស់លើការងារបញ្ហាប្រឈម និង ដំណោះស្រាយផ្សេងៗ ក្នុងការយល់ដឹង ពីជំងឺគ្រុនចាញ់ អ្នកពាក់ព័ន្ធ ពិសេសអាជ្ញាធរដែនដីជួយអប់រំឲ្យមានភាពទូលំទូលាយ សម្រាប់ប្រជាពលរដ្ឋ ណែនាំបន្ត តាមគ្រប់រូបភាព គ្រប់សកម្មភាព ដល់ប្រជាពលរដ្ឋដែលប្រឈមនឹងជំងឺគ្រុនចាញ់ នៅតាមមូលដ្ឋានដែលមានការលំបាក ក្នុងការគ្រប់គ្រងទិន្នន័យប្រជាជនប្រឈមនឹងជំងឺគ្រុនចាញ់។
ជាពិសេសអាជ្ញាធរដែនដី ជួយធ្វើក្នុងការរៀបចំ និងផ្តល់ព៌ត័មានពីបញ្ហាជំងឺគ្រុនចាញ់ និងត្រូវធ្វើបច្ចុប្បន្នភាព សកម្មភាព អន្តរាគមន៍នានា ដូចជាកាចែកមុង, អប់រំពីបញ្ហាការការពារពីជំងឺគ្រុនចាញ់ នឹងស្នើសុំអ្នកពាក់ព័ន្ធ៕