(ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានជូនដំណឹងដល់ បេក្ខជនដែលបានប្រឡងជាប់សញ្ញាបត្រមធ្យម
សិក្សាទុតិយភូមិ សម័យប្រឡង ២១ ធ្នូ ២០២០ ប្រញ៉ាប់រួសរាន់ ទៅដាក់ពាក្យនៅតាមគ្រឹះស្ថានឧត្តមសិក្សា ដែលធ្លាប់បានជ្រើសរើសកន្លងមក ដើម្បីទទួលបានអាហារូបករណ៍។
តាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០នេះ បានឲ្យដឹងយ៉ាងដូច្នេះថា «ក្រសួងអប់រំ យុវជន និងកីឡា សូមជូនដំណឹង ដល់បេក្ខជន ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២១ ធ្នូ ២០២០ ជ្រាបថា៖
ក្នុងឆ្នាំសិក្សា២០២០-២០២១ ដើម្បីទទួលបានអាហារូបករណ៍ចូលរៀន ថ្នាក់បរិញ្ញាបត្រ មិនបង់ថ្លៃសិក្សា១០០% នៅតាមគ្រឹះស្ថានឧត្តមសិក្សា ដែលបេក្ខជន បានដាក់ពាក្យស្នើសុំកន្លងមក (នៅថ្នាក់ទី១២) សូមបេក្ខជនប្រញ៉ាប់រួសរាន់ ទៅដាក់ពាក្យនៅតាមគ្រឹះស្ថានឧត្តមសិក្សា ដែលបេក្ខជនបានជ្រើសរើស «មុខជំនាញទី១» កន្លងមក។
គ្រឹះស្ថានឧត្តមសិក្សានីមួយៗ នឹងធ្វើការជ្រើសរើសទៅតាមចំនួន និងប្រភេទអាហារូបករណ៍មានសិស្សទូទៅ សិស្សជានារីសិស្សក្រីក្រ សិស្សមកពីតំបន់ជួបការលំបាក និងសិស្សមានពិការភាព (ជាប់ដោយស្វ័យប្រវត្តិ) ដូចបានកំណត់នៅក្នុងសៀវភៅកម្រង ព័ត៌មានសម្រាប់បេក្ខជនស្នើសុំអាហារូបករណ៍ចូលរៀនថ្នាក់ បរិញ្ញាបត្រមិនបង់ថ្លៃសិក្សា១០០% នៅតាមគ្រឹះស្ថានឧត្តមសិក្សាសម្រាប់ឆ្នាំសិក្សា២០២០-២០២១ ដែលបានផ្សព្វផ្សាយកន្លងមក។ ក្នុងករណីបេក្ខជន មិនបានទៅដាក់ពាក្យទាន់ពេលវេលា នោះបេក្ខជននឹងបាត់បង់ឱកាសក្នុងការទទួលបានអាហារូបករណ៍»៕