Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគ្គលេខាធិការ UN លោកបាន គីមូន ថ្កោលទោសធ្ងន់ៗ លើការបំផ្ទុះគ្រាប់បែកនៅតួកគី ដែលឆក់ជីវិតមនុស្សជិត ៣០នាក់

18-02-2016 11:46

(យូអិន)៖ អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ (UN) លោក បាន គីមូន បានប្រកាសថ្កោលទោសក្នុងកម្រិតធ្ងន់បំផុត ចំពោះការបំផ្ទុះគ្រាប់បែកអត្តឃាត លើរថយន្តមួយគ្រឿង ក្នុងរដ្ឋធានីអង់ការ៉ា (Ankara) ប្រទេសតួកគី ដែលបានបណ្តាលឲ្យមនុស្សជិត ៣០នាក់ បាត់បង់ជីវិត និង ៦១នាក់ផ្សេងទៀតរងរបួស។ នេះបើតាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ​២០១៦។

ក្រៅការពីសម្តែងសមានទុក្ខជូនដល់រដ្ឋាភិបាល និងប្រជាជាតិតួកគីនោះ លោក បាន គីមូន ក៏បានបង្ហាញក្តីសង្ឃឹមខ្ពស់ផងដែរថា អាជ្ញាធរនឹងស្វែងរកជន ឬក្រុមភេរវករ ដែលបានបង្កសោកនាដកម្ម នេះឡើង មកកាត់ទោសចំពោះមុខច្បាប់ឲ្យបាន។ ចំពោះការវាយប្រហារនោះដែរ បានកើតឡើង កាលពីល្ងាចថ្ងៃពុធ ចំកណ្តាលទីក្រុងអង់ការ៉ា នៅពេលដែលមនុស្សម្នា កំពុងធ្វើដំណើរទៅមកកកកុញ។

ដោយឡែកសម្រាប់សហគមន៍អឺរ៉ុប លោកស្រី ហ្វេឌែរីកា ម៉ូហ្គែរីនី (Federica Mogherini) បានដែលជាប្រធាននយោបាយការបរទេសនោះ ក៏បានសម្តែងមរណទុក្ខជូនដល់ប្រជាជាតិតួកគី ហើយលោកស្រី បានបញ្ជាក់ក្នុង សេចក្តីថ្លែងការណ៍របស់ខ្លួនដូច្នេះថា «យើងសូមឲ្យអ្នករងរបួសទាំងឡាយបានជាសះស្បើយឆាប់ៗ។ ការបួងសួងសុំសេចក្តីសុខរបស់យើង សូមបានទៅដល់ប្រជាជន និង រដ្ឋាភិបាលតួកគី»។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ ពុំទាន់មានតំរុយដែលត្រូវបានរកឃើញ ឬក្រុមណាមួយ បានចេញមុខមកទទួលខុសត្រូវចំពោះការវាយប្រហារដ៏អាក្រក់នេះឡើយ៕