(ភ្នំពេញ)៖ ក្នុងរយៈពេល២២២ថ្ងៃនៃការអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង នៅតាមបណ្តាសាលាដំបូងរាជធានីខេត្ត ទូទាំងប្រទេស គណ:កម្មការបានដោះស្រាយសំណុំរឿងព្រហ្មទណ្ឌដែលកកស្ទះទាំងដំណាក់កាលអយ្យការ ទាំងដំណាក់កាលស៊ើបសួរ និងទាំងដំណាក់កាលជំនុំជម្រះ ចំនួនសរុបជាង ៣៥ ១០០ សំណុំរឿង ស្មើនឹង ៨៩% នៃសំណុំរឿងព្រហ្មទណ្ឌដែលកកស្ទះទាំងអស់។ នេះបេីតាមរបាយការណ៍គណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត (គ.យ.ក.ស.) ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន ។
នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ គណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត (គ.យ.ក.ស.) បានបើកកិច្ចប្រជុំក្រោមអធិបតីភាព លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន គ.យ.ក.ស. ដោយមានការ ចូលរួមពីថ្នាក់ដឹកនាំក្រសួងយុត្តិធម៌, ប្រធានសាលាដំបូង, ព្រះរាជអាជ្ញាអមសាលាដំបូង និងប្រធានលេខាធិការដ្ឋានរដ្ឋបាល សាលាដំបូងពាក់ព័ន្ធមួយចំនួន ដើម្បីពិនិត្យមើលវឌ្ឍនភាព និងលទ្ធផលរយៈពេល ២២២ថ្ងៃ នៃការអនុវត្តយុទ្ធនាការ ដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត។
ជាលទ្ធផលក្នុងរយៈពេល២២២ថ្ងៃនៃការអនុវត្តយុទ្ធនាការនេះ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្តទូទាំងប្រទេស បានដោះស្រាយសំណុំរឿងព្រហ្មទណ្ឌដែលកកស្ទះទាំងដំណាក់កាលអយ្យការ ទាំងដំណាក់កាលស៊ើបសួរ និងទាំងដំណាក់កាលជំនុំជម្រះ មានចំនួនសរុបជាង ៣៥ ១០០ សំណុំរឿង ស្មើនឹង ៨៩% នៃសំណុំរឿងព្រហ្មទណ្ឌដែលកក ស្ទះ (សំណុំរឿងដែលត្រូវបានជំនុំជម្រះរួចមានចំនួនជាង ១២ ២០០ សំណុំរឿង ស្មើនឹង ៩៥% នៃសំណុំរឿងទាំងអស់ក្នុង ដំណាក់កាលជំនុំជម្រះ)។
បន្ថែមពីនេះ សាលាដំបូងរាជធានី ខេត្តទូទាំងប្រទេស ក៏បានដោះស្រាយសំណុំរឿងព្រហ្មទណ្ឌ ដែលចូលថ្មី ចំនួនជាង ៣៦៥០០ សំណុំរឿង ស្មើនឹង ៧៣% នៃសំណុំរឿងចូលថ្មីផងដែរ។
ជាមួយនឹងលទ្ធផលនេះ គ.យ.ក.ស. ក៏ បានប្រកាសអំពីជោគជ័យនៃការអនុវត្តយុទ្ធនាការដល់សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តចំនួន ១០ បន្ថែម ទៀត រួមមាន ខេត្តរតនគិរី, ខេត្តមណ្ឌលគិរី, ខេត្តក្រចេះ, ខេត្តកំពង់ចាម, ខេត្តពោធិ៍សាត់, ខេត្តបាត់ដំបង, ខេត្តប៉ៃលិន, ខេត្ត ឧត្តរមានជ័យ, ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ។
គិតមកដល់បច្ចុប្បន្ននេះ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តសរុប ចំនួន ១៥ ហើយក្នុងចំណោមសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្តចំនួន ២៤ បានប្រកាសបញ្ចប់ដោយ ជោគជ័យនៃការអនុវត្តយុទ្ធនាការនៅក្នុងស្ថាប័នរបស់ខ្លួន ដោយបានសម្រេចដោះស្រាយសំណុំរឿងព្រហ្មទណ្ឌដែលកកស្ទះ បានយ៉ាងតិច ៩៥% និងសំណុំរឿងដែលចូលថ្មី យ៉ាងតិច ៧០%។
តាមការគ្រោងទុក យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត នឹងត្រូវប្រើ រយៈពេល ១ឆ្នាំ ដោយចាប់ផ្តើមគិតពីថ្ងៃប្រកាសបើកយុទ្ធនាការ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ និងគ្រោងបញ្ចប់ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១។
ផ្អែកលើលទ្ធផលដែលសម្រេចបានរយៈពេល ២២២ថ្ងៃនេះ ជាមួយនឹងការខិតខំ ប្រឹងប្រែងរបស់សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្ត និងដោយមានការគាំទ្រពីគ្រប់តួអង្គពាក់ព័ន្ធ ទាំងអស់ គ.យ.ក.ស. មានក្ដីរំពឹងទុកយ៉ាងមុតមាំថា សាលាដំបូង និងអយ្យការអមសាលាដំបូងទូទាំងប្រទេស នឹងអនុវត្ត យុទ្ធនាការសម្រេចបានលទ្ធផលជោគជ័យ ដោយធ្វើការដោះស្រាយសំណុំរឿងកកស្ទះទាំងអស់ ហើយឈានទៅដល់ការ ប្រកាសបិទបញ្ចប់នៃការអនុវត្តយុទ្ធនាការតាមផែនការដែលបានគ្រោងទុក៕
លទ្ធផលលម្អិត និងសង្ខេបនៃការអនុវត្តយុទ្ធនាការ រយៈពេល ២២២ថ្ងៃ មានភ្ជាប់ជាឧបសម្ព័ន្ធនៃសេចក្ដីប្រកាសព័ត៌មានខាងក្រោមនេះ៖