(ភ្នំពេញ)៖ សិល្បករ-សិល្បការិនីជើងចាស់ ដែលមានជីវភាពខ្វះខាតក្រលំបាក និងបាត់បង់សមត្ថភាព ចំនួន៦នាក់រួមមាន លោក តា ប៉ិកគក់ ,លោកគ្រូ មាស សារ៉ាន់,លោកតា គុយ ហ៊ីន (អ្នកច្រៀងចាប៉ីដងវែង),អ្នកស្រី ផល្លា ជាតារាសម្តែង, លោកយាយ ឃុន នារី ហៅយាយស្វិត តារាសម្តែង,លោក សារ ម៉ុត តារាសម្តែង កាលពីរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦ទទួលបានថវិកា ឧបត្ថម្ភពីតារាសម្តែង និងជាពិធីករប្រុសរូបសង្ហា សកម្មលើកការងារមនុស្សធម៌ លោក អ៉ឹម ជីវ៉ា ។
ពិធីជួបជុំសិល្បករ-សិល្បការិនី ចំនួន៦រូបខាងលើនេះ ត្រូវបានធ្វើឡើងនៅបរិវេណវត្តនាគវន្ត កុដលេខ២៤ ដែលមានការចូលរួម ពីព្រះគ្រូ នីសុវណ្ណ មុនីរ៉េត ,លោកឧញ៉ា ទុំ សារ៉ុត (អតីតតារាកំប្លែងនាយ ឃ្លោក),លោកស្រី ថុង ស៊ីវទៀង និងតារាប្រុសលោក អ៉ឹម ជីវ៉ា ដែលជាអ្នកផ្តួចផ្តើមកម្មវិធីដើរលក់ស្ករគ្រាប់ ដើម្បីយកប្រាក់ចំណេញ ជួយឧបត្ថម្ភដល់ សិល្បករ-សិល្បការិនីចាស់ៗ បាត់បង់សមត្ថភាព ទាំង៦រូបខាងលើនេះ។
លោក អ៊ឹម ជីវ៉ា បានថ្លែងប្រាប់ឲ្យដឹងថា សម្រាប់ថវិកា ដែលត្រូវបានចែកជូន ដល់តារាសម្តែងចាស់ៗនេះ គឺបានមកពីការលក់ស្ករគ្រាប់ សិល្បៈ ដែលលោកបានដើរលក់នាពេលកន្លងមក។ នៅក្នុងនោះដែរ ក៏មានអំណោយចូលរួម របស់ព្រះគ្រូ នីសុវណ្ណ មុនីរ៉េត ព្រមទាំងសប្បុរសជនផ្សេងៗទៀតផងដែរ។ ចំពោះសម្ភារៈ និងថវិកាដែលសិល្បៈចាស់ៗ ទទួលបានរួមមាន មី១កេស ,ទឹកផ្លែឈើ ១កេស រួមនិងថវិកាម្នាក់២០០,០០០រៀល (ពីរសែនរៀល)។
តារាសម្តែងប្រុសលោក អ៉ឹម ជីវ៉ា បាននិយាយបន្តថា «ដោយមើលឃើញពីភាពក្រលំបាក របស់ សិល្បករ-សិល្បការិនីចាស់ៗ ទាំង៦រូបនេះ ហើយក៏មានការស្នើសុំពីសំណាក់ ពួកគាត់ទើបខ្ញុំបានរៀបចំកម្មវិធីមួយ គឺការដើរលក់ស្ករគ្រាប់ ដើម្បីយកថវិកាដែលចំណេញ ជួយសម្រួលជីវភាពរស់នៅ របស់ពួកគាត់បានមួយរយៈពេលខ្លី។ ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ពេលបានធ្វើ សកម្មភាពនេះ ក្នុងការប្រមូលថវិកាជួយសិល្បៈចាស់ៗ ដែលបាត់បង់សមត្ថភាព»។
លោក អ៉ឹម ជីវ៉ា បានបញ្ជាក់បន្ថែមថា តាមពិតថវិកា ដែលលក់ស្ករគ្រាប់ត្រូវបានច្រើនព្រោះធ្លាប់គិតថា នឹងនាំគ្នាដើរលក់រហូតទាល់តែ បានប្រាក់១ពាន់ដុល្លារឯណោះ ទើបយកទៅចែកជូនដល់ពួកគាត់។ ប៉ុន្តែនៅពេលដែលប្រកាស ធ្វើសកម្មភាពមួយនេះបែរជាមាន បុគ្គលមួយចំនួន ដែលមិនត្រឹមតែពុំបានចូលរួម ផ្តល់កំលាំងចិត្តទេ ថែមទាំងរិះគន់បំបាក់ទឹកចិត្តលោកទៅវិញ។ ដូច្នេះទើបថវិកា ដែលបានមកគឺមិនស្របតាមអ្វី ដែលលោកធ្លាប់គិត។
«ពេលដែលខ្ញុំចាប់ផ្តើមបង្ហាញសកម្មភាពនេះឡើង មានមនុស្សខ្លះបានធ្វើការរិះគន់ បំបាក់ទឹកចិត្តខ្ញុំរួចទៅហើយ។ ម្យ៉ាងអ្នកទាំងនោះ ចូលចិត្តធ្វើអ្វី ដើម្បីប្រកួតប្រជែង តែធាតុពិតរបស់គេ គឺគ្មានគំនិតចូលរួម សកម្មភាពសង្គមបែបនេះទេពោលគឺចាំតែរិះគន់កាច់បំបាក់ ទឹកចិត្ត គេប៉ុណ្ណោះ ។ ត្រង់ចំណុចនេះហើយ ដែលធ្វើឲ្យខ្ញុំអស់កំលាំងចិត្ត។ ចំណែកថវិកាដែលខ្ញុំ បានមកពីការលក់ស្កគ្រាប់ គិតត្រឹមតែរយៈពេល២ឬ៣ថ្ងៃ ខ្ញុំអាចលក់បានជាង៤០០ដុល្លារ..»។ នេះជាសម្តីបន្ថែមរបស់លោក អ៉ឹម ជីវ៉ា៕