(ភ្នំពេញ)៖ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីថ្លែងការណ៍៤ចំណុច បំភ្លឺចំពោះការផ្សព្វផ្សាយចោទប្រកាន់ថា មានបុគ្គលមួយចំនួនព្រួយបារម្ភចំពោះអំពើហិង្សា ឬការគំរាមកំហែងនយោបាយនៅកម្ពុជា។
ប្រតិកម្មរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើឡើង បន្ទាប់ពីនាពេលថ្មីៗកន្លងទៅនេះ ខ្លួនពិនិត្យឃើញថា មានបណ្ដាញសារព័ត៌មានមួយចំនួន ពិសេសវិទ្យុបរទេសផ្សាយ ជាភាសាខ្មែរ បានព្យាយាមធ្វើការផ្សព្វផ្សាយនូវបទសម្ភាសន៍ និងធ្វើអត្ថាធិប្បាយនូវព័ត៌មាន ផ្តល់ដោយបុគ្គលដែល តាំងខ្លួនជាសកម្មជន ជាគ្រួសារនៃសកម្មជននយោបាយមួយ ឬជាសកម្មជននៃអង្គការសង្គមស៊ីវិលមួយ ធ្វើការ ប្រកាសក្លែងៗអំពីការព្រួយបារម្ភចំពោះអំពើហិង្សា ឬការគំរាមកំហែងនយោបាយនៅកម្ពុជា ព្រមទាំងបង្ហាញអំពី ការមិនជឿទុកចិត្តចំពោះច្បាប់ ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ច និងរាជរដ្ឋាភិបាលក្នុងការចាត់វិធានការច្បាប់ និង វិធានការពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ដោយបានអំពាវនាវដល់សហគមន៍អន្តរជាតិ ជួយអន្តរាគមន៍គាំទ្រ ដល់ពួកគេទៀតផង។
អគ្គស្នងការដ្ឋាននគរបាលជាតិ បានចាត់ទុកថា ការផ្សព្វផ្សាយទាំងនោះ បានធ្វើការចោទប្រកាន់ដោយគ្មានភស្តុតាង និងហេតុផលច្បាស់លាស់ ផ្ទុយពីការពិត មានចរិតគុំកួន និងមានចេតនាទុច្ចរិត បំភាន់សាធារណៈមតិជាតិ-អន្តរជាតិ ឱ្យមានការយល់ច្រឡំ និងបាត់បង់ទំនុកចិត្តចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមានសមត្ថកិច្ចនិងរាជរដ្ឋាភិបាល ដើម្បីកេងយកផល ប្រយោជន៍ផ្នែកនយោបាយ។
ពាក់ព័ន្ធការផ្សព្វផ្សាយព័ត៌មានអកុសលខាងលើ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ សូមធ្វើការ បញ្ជាក់ជូនសាធារណមតិជាតិ-អន្តរជាតិជ្រាបថា៖
១៖ ជនគ្រប់រូបដែលរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា មានសិទ្ធិស្មើភាពគ្នាចំពោះមុខច្បាប់ ត្រូវបានការពារ ដោយច្បាប់ និងត្រូវគោរពច្បាប់ជាធរមាន ដោយគ្មានការបែងចែកឋានៈ ពណ៌សម្បុរ ជាតិសាសន៍ ឬសាសនានោះ ឡើយ។ ទោះជាយ៉ាងណាក្ដី បុគ្គលគ្រប់រូបត្រូវចេះប្រុងប្រយ័ត្ន និងសហការជាមួយសមត្ថកិច្ចចំពោះសុវត្ថិភាព ផ្ទាល់ខ្លួន ពីព្រោះថានៅលើសកលលោកនេះ ពុំមានប្រទេសណាមួយអះអាងថាប្រទេសរបស់ខ្លួនពុំមានបទល្មើស ឬអំពើហិង្សាកើតឡើងនោះឡើយ។ ចំណុចនេះបានបញ្ជាក់ឱ្យឃើញថា ការលើកឡើងរបស់បុគ្គលដែលតាំងខ្លួនជាសកម្មជន ជាគ្រួសារនៃ សកម្មជននយោបាយមួយ ឬជាសកម្មជននៃអង្គការសង្គមស៊ីវិលមួយ គឺផ្ទុយពីការពិតពីព្រោះ គ្មានបុគ្គលណាម្នាក់ មានសិទ្ធិ ឬអាទិភាពពិសេស មិនបំពេញកាតព្វកិច្ចជាពលរដ្ឋក្នុងការអនុវត្តច្បាប់នោះទេ បើទោះបីជាបុគ្គលនោះ មានឋានៈ តួនាទី ពិសេសយ៉ាងណាក៏ដោយ។ ក្នុងករណីមានបទល្មើស ឬអំពើហិង្សាកើតឡើង ជនរងគ្រោះ ចាំបាច់ត្រូវមានកាតព្វកិច្ចសហការជាមួយសមត្ថកិច្ចអនុវត្តច្បាប់ ដោយត្រូវដាក់ពាក្យបណ្ដឹង ផ្តល់ព័ត៌មានពាក់ព័ន្ធ ហេតុការណ៍ និងភស្តុតាងផ្សេងៗទៀត ដែលជាមូលដ្ឋានបម្រើឱ្យការងារស៊ើបអង្កេត។ ផ្ទុយទៅវិញ នាពេលកន្លង មក ក្រុមមនុស្សមួយចំនួនតូចនោះតែងតែប្រកាសថាខ្លួនជាជនរងគ្រោះ ប៉ុន្តែបានព្យាយាមគេចវេស មិនសហការ ជាមួយសមត្ថកិច្ច ហើយខំប្រឹងបំប៉ោងសំឡេងតាមរយៈបណ្ដាញព័ត៌មានក្រៅប្រទេស បកស្រាយតាមបែបអគតិ បង្វែរហេតុការណ៍នៃអំពើហិង្សា ទៅជាការគំរាមកំហែងផ្នែកនយោបាយ។
២៖ បច្ចុប្បន្នប្រទេសកម្ពុជាក្រាលគ្របដោយសុខសន្តិភាព គ្មានសង្គ្រាមប្រដាប់អាវុធ ឬអំពើភេរវកម្ម ប្រជា ពលរដ្ឋកម្ពុជាប្រមាណ១៦លាននាក់ កំពុងរស់នៅដោយគ្មានការព្រួយបារម្ភ និងប្រកបមុខរបរចិញ្ចឹមជីវិតដោយ ភាពកក់ក្តៅ ទាំងផ្លូវកាយ និងផ្លូវចិត្ត មានការជឿជាក់ចំពោះអាជ្ញាធរមានសមត្ថកិច្ចគ្រប់ថ្នាក់ និងចូលរួមសហការ គាំទ្រក្នុងការអនុវត្តច្បាប់ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលផ្ទុយពីការលើកឡើងរបស់បុគ្គលដែល តាំងខ្លួនជាសកម្មជន ជាគ្រួសារនៃសកម្មជននយោបាយមួយ ឬជាសកម្មជននៃអង្គការសង្គមស៊ីវិលមួយ ដែល បង្ហាញអំពីការភ័យខ្លាច ការគំរាមកំហែង ការបាត់បង់ជំនឿលើអាជ្ញាធរមានសមត្ថកិច្ច និងមិនទទួលស្គាល់ស្ថានភាព ពិតនៃសង្គមកម្ពុជានាពេលបច្ចុប្បន្នទៅវិញ។ ការលើកឡើងទាំងនោះបានបង្ហាញអំពីចរិតរើសអើង ចង្អៀតចង្អល់ មានទស្សនៈ ទុទិដ្ឋិនិយម និងអាចវាយតម្លៃបានថា ពួកគេជាជំពូកមនុស្សនៅក្រៅសង្គមកម្ពុជា។
៣៖ តាមរយៈការអនុវត្តគោលនយោបាយ-ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពបានធ្វើឱ្យសន្តិសុខ សណ្ដាប់ធ្នាប់ សាធារណៈនៅតាមសហគមន៍មានភាពល្អប្រសើរ។ សកម្មភាពបទល្មើសគ្រប់ប្រភេទប្រមាណជា ៩០ភាគរយ ដែល បានកើតឡើង រួមទាំងអំពើហិង្សា ត្រូវបានសមត្ថកិច្ចស្រាវជ្រាវស៊ើបអង្កេតនិងបង្ក្រាប់ ព្រមទាំងកសាងសំណុំរឿង បញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី ។ បរិយាកាសប្រកបដោយភាពវិជ្ជមាននេះ បានឆ្លុះបញ្ចាំងឱ្យឃើញ អំពីការវាយតម្លៃដោយងងឹតងងល់របស់បុគ្គលដែលតាំងខ្លួនជាសកម្មជន ជាគ្រួសារនៃសកម្មជននយោបាយមួយ ឬជាសកម្មជននៃអង្គការសង្គមស៊ីវិលមួយ ពីព្រោះគេមិនអាចលើកយកករណីរងគ្រោះដោយអំពើហិង្សារបស់បុគ្គល មួយចំនួនតូច ដែលគ្មានសញ្ញាណច្បាស់លាស់ ឬកំពុងស្ថិតក្នុងការស៊ើបអង្កេត មកប្រៀបធៀបនិងដោះដូរជាមួយ សេចក្ដីសុខរបស់មនុស្សរាប់សិបលាននាក់ ឬលុបបំបាត់នូវលទ្ធផលនៃប្រតិបត្តិការបង្ក្រាបបទល្មើសរបស់សមត្ថកិច្ច បានឡើយ។
៤៖ ក្នុងសុច្ឆន្ទៈឆ្លុះបញ្ចាំងអំពីសច្ចភាពក្នុងសង្គម ក៏ដូចជាដើម្បីលុបបំបាត់នូវការភ័ន្តច្រឡំពីសំណាក់ សាធារណមតិជាតិ-អន្តរជាតិ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងអនុវត្តច្បាប់ អាជ្ញាធរមានសមត្ថកិច្ច និង រាជរដ្ឋាភិបាល ក្នុងកិច្ចការពារថែរក្សាសេចក្ដីសុខជូនប្រជាពលរដ្ឋ យើងខ្ញុំសូមអំពាវនាវដូចខាងក្រោម៖
* សូមប្រជាពលរដ្ឋគ្រប់រូប ចូលរួមសហការជាមួយកម្លាំងអនុវត្តច្បាប់ អាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ក្នុងការអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ជាពិសេសសហការរាយការណ៍ជូនសមត្ថកិច្ចនូវ រាល់ហេតុការណ៍នានាដែលបានកើតឡើង និងបានជួបប្រទះដោយផ្ទាល់ ។
* រាល់ការផ្សព្វផ្សាយនូវព័ត៌មាន ឬហេតុការណ៍ណ៍នានាដែលពាក់ព័ន្ធដល់សន្តិសុខ សណ្ដាប់ធ្នាប់សង្គមស្នើ គ្រប់បណ្ដាញសារព័ត៌មាន រួមទាំងប្រព័ន្ធទំនាក់ទំនងសង្គម គោរពនូវក្រមសីលធម៌វិជ្ជាជីវៈ ដោយត្រូវជៀសវាងការ ធ្វើអត្ថាធិប្បាយខ្វះមូលដ្ឋានព័ត៌មានពិតប្រាកដ ធ្វើការសន្និដ្ឋានដោយអត្តនោម័តិ មានលក្ខណៈលម្អៀង ខ្វះតម្លាភាព បំពុលបរិយាកាស សន្តិសុខ បង្កឱ្យមានចលាចលក្នុងសង្គម ព្រមទាំងធ្វើឱ្យប៉ះពាល់ដល់ប្រយោជន៍ និងកិត្តិយស របស់នីតិបុគ្គល និងបុគ្គលសាធារណៈទៀតផង។ ទន្ទឹមគ្នានេះ មិនត្រូវលើកយកបញ្ហាទំនាស់ជាឯកជនក្នុងសង្គម អំពើល្មើស អំពើហិង្សា ឬហេតុការណ៍ណ៍គ្រោះថ្នាក់នានា ធ្វើការបកស្រាយបង្វែរទៅជារឿងនយោបាយ ធ្វើឱ្យ សាធារណមតិជាតិ អន្តរជាតិ មានការភ័ន្តច្រឡំ ចំពោះស្ថានការណ៍ពិតនៅកម្ពុជានោះទេ ។
ក្នុងនាមកងកម្លាំងអនុវត្តច្បាប់ អគ្គស្នងការដ្ឋាននគរបាលជាតិបានអះអាងថា ខ្លួនមានសេចក្ដីរីករាយទទួលយករាល់ការទិតៀន កែលម្អរក្នុងន័យ ស្ថាបនា ព្រមទាំងត្រៀមខ្លួនជានិច្ចដើម្បីទទួលយកកិច្ចសហការពីគ្រប់មជ្ឈដ្ឋាន ដើម្បីបុព្វហេតុសន្តិសុខជាតិ និងសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជា៕