(ភ្នំពេញ)៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈនេះ បានអនុញ្ញាតឲ្យលោក ឌីមីទ្រី ធ្វេតកូហ្វ (DMITRY Tsvitkov) ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី ប្រចំានៅកម្ពុជា ចូលជួបពិភាក្សាការងារ នៅវិមានរដ្ឋសភា។
នៅក្នុងជំនួបនេះ សម្តេចប្រធានបានវាយតម្លៃខ្ពស់ ចំពោះបេសកកម្មការទូត របស់ឯកអគ្គរដ្ឋទូតរុស្សី ដែលបានធ្វើឲ្យទំនាក់ទំនង រវាងប្រទេសទាំងពីរ កាន់តែពង្រឹង ពង្រីកឥតឈប់ឈរ។
ជាមួយគ្នានេះ ឯកអគ្គរដ្ឋទូតរុស្ស៊ីក្នុងនាមតំណាងឲ្យ ប្រធានសភាឌុយម៉ារុស្សី បានអញ្ជើញសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា ទៅចូលរួមកិច្ចប្រជុំលើកដំបូងរបស់ប្រធានសភា នៃតំបន់អាស៊ី និងអ៉ឺរ៉ុប នៅទីក្រុងមូស្កូ ប្រទេសរុស្ស៊ី។
បើតាមលោកឯកអគ្គរដ្ឋទូត កិច្ចប្រជុំនោះសំដៅដល់ការពង្រឹងកិច្ចសហប្រតិបត្តិការ ផ្នែកសេដ្ឋកិច្ចនិងសិទ្ធិមនុស្ស, ការកសាងសន្តិសុខស្មើភាពគ្នា ដែលមិនអាចបំបែកបាន និងសន្តិសុខក្នុងតំបន់
និងការប្រមូលផ្តុំរួមគ្នាប្រឆាំង និងភាវរកម្មជាដើម។
ជាការឆ្លើយតប សម្តេចប្រធានរដ្ឋសភាក៏បានយល់ព្រម នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ទៅចូលរួមក្នុងកិច្ចប្រជុំលើកដំបូង របស់ប្រធានសភា នៃតំបន់អាស៊ី និងអ៉ឺរ៉ុប ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩-២០ ខែមេសា ឆ្នាំ២០១៦ នាទីក្រុងមូស្កូ ប្រទេសរុស្ស៊ី ដោយភ្ជាប់ជាមួយដំណើរទស្សនកិច្ចជាផ្លូវការផងដែរ៕