(ភ្នំពេញ)៖ ជាប្រវត្តិសាស្រ្តថ្មីមួយទៀតសម្រាប់ទំនាក់ទំនងដ៏រឹងមាំរបស់កម្ពុជា និងឥណ្ឌា ខណៈរដ្ឋាភិបាលឥណ្ឌាបានបញ្ជូននាវាកងទ័ពជើងទឹកឥណ្ឌាមួយគ្រឿង បញ្ជូនសម្ភារជំនួយប្រមាណ ១៥តោន សរុបចំនួន ៣,០០០ ឈុត មកប្រគល់ជូនរដ្ឋាភិបាលកម្ពុជា ដើម្បីប្រើប្រាស់ក្នុងការជួយសង្គ្រោះប្រជាជនដែលរងផលប៉ះពាល់ដោយទឹកជំនន់ កាលពីពេលកន្លងទៅ។
សម្ភារទាំងនោះ រួមមាន កន្ទេលសំយោគចំនួន ៣,០០០ ភួយចំនួន ៣,០០០ សម្ភារៈសម្រាប់កងកម្លាំងជួយសង្គ្រោះបុរស ១,៥០០ ឈុត (ក្នុងមួយឈុតមាន ១៥ ប្រភេទ) និងសម្ភារសម្រាប់កងកម្លាំងស្ដ្រី ១,៥០០ ឈុតផងដែរ។ សរុបសម្ភារទាំងអស់មានតម្លៃប្រមាណ ១១ ម៉ឺនដុល្លារអាមេរិក។
ស្ថានទូតឥណ្ឌាប្រចាំកម្ពុជាបានបញ្ជាក់ប្រាប់ Fresh News នាល្ងាចថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០នេះថា នាវាកងទ័ពជើងទឹកឥណ្ឌាឈ្មោះ INS Kiltan ខាងលើនេះ បានមកដល់កំពង់ផែអន្តរជាតិក្រុងព្រះសីហនុ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ដែលត្រូវបានទទួលការស្វាគមន៍ដោយអង្គទូតមកពីស្ថានទូតឥណ្ឌា រួមទាំងថ្នាក់ដឹកនាំកងទ័ពជើងទឹកកម្ពុជា ដែលមានលោកឧត្តមនាវីត្រី អ៉ីន សុខេមរ៉ា នាយសេនាធិការរង តំណាងមូលដ្ឋានសមុទ្រកងទ័ពជើងទឹករាម និងនាយទាហានចំនួន ១៥ នាក់ទៀតផ្សេងទៀត។ មន្រ្តីមកពីអន្តោប្រវេសន៍ និងមន្ត្រីកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ក៏មានវត្តមានក្នុងពិធីស្វាគមន៍នាវានេះផងដែរ។
ដោយឡែក ពិធីប្រគល់សម្ភារជំនួយខាងលើនេះត្រូវធ្វើឡើងនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០នេះ នៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ក្រោមវត្តមានលោក B. Subba Rao លេខាទីពីរនៃស្ថានទូតឥណ្ឌា តំណាងឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា លោស្រី ទេវ្យានី ខូប្រាហ្គាដេ និងតំណាងឱ្យរដ្ឋាភិបាលឥណ្ឌា និងលោក ហង្ស សាមឿន អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោក B. Subba Rao បានលើកឡើងអំពីការគាំទ្រឥតងាករេរបស់ឥណ្ឌាចំពោះប្រទេសកម្ពុជា មិនថាក្នុងកាលៈទេសៈបែបណានោះទេ។ លោកថា ជំនួយក្នុងទម្រង់ជាសម្ភារៈសម្រាប់ការជួយពេលមានទឹកជំនន់នេះ គឺជាការបង្ហាញពីចំណងមិត្តភាពជារៀងរហូតរវាងប្រទេសទាំងពីរ។
លោកបានបន្ថែមថា ក្រៅពីសម្ភារជំនួយសម្រាប់ប្រើប្រាស់ក្នុងគ្រោះទឹកជំនន់ពីរដ្ឋាភិបាលឥណ្ឌានេះ ស្ថានទូតឥណ្ឌាប្រចាំរាជធានីភ្នំពេញក៏បានសហការជាមួយសហគមន៍ឥណ្ឌា និងសហគមន៍ធុរជនឥណ្ឌានៅកម្ពុជា បរិច្ចាគសម្ភារៈ ស្បៀង និងថ្នាំសង្កូវដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅខេត្តកំពង់ឆ្នាំង និងខេត្តបាត់ដំបង កាលពីខែវិច្ឆិកា ឆ្នាំ២០២០។
លោក B. Subba Rao បានបន្តទៀតថា ថ្វីដ្បិតជំនួយទាំងនេះមិនអាចកាត់បន្ថយបានទាំងស្រុង ចំពោះការបាត់បង់ដោយសារការរងគ្រោះទឹកជំនន់របស់កម្ពុជាក៏ពិតមែន តែជាកាយវិការ និងជាសារបង្ហាញប្រាប់ប្រជាជនកម្ពុជាថា រដ្ឋាភិបាល និងប្រជាជនឥណ្ឌារមែងឈរនៅក្នុងស្មារតីសាមគ្គីភាពជាមួយប្រទេស ប្រៀបដូចជាបងប្អូនដែលមានទំនាក់ទំនងជិតស្និទ្ធលើផ្នែកវប្បធម៌ ប្រពៃណី។
ក្នុងពិធីប្រគល់-ទទួលយកសម្ភារជំនួយនេះដែរ លោក សាមឿន បានរំលឹកពីចំណងមិត្តភាពដ៏រឹងមាំរវាងប្រទេសទាំងពីរ និងបានថ្លែងអំណរគុណដល់រដ្ឋាភិបាលឥណ្ឌា ដែលបានបង្ហាញកាយវិការសប្បុរស ដើម្បីជួយដល់ប្រជាជនរងគ្រោះដោយទឹកជំនន់នៅកម្ពុជា។
ស្ថានទូតឥណ្ឌាប្រចាំកម្ពុជាបានបញ្ជាក់ថា ដំណើរទស្សនកិច្ចចូលចតរបស់នាវា INS Kiltan ដែលដឹកនាំសម្ភារជំនួយមកប្រគល់ជូនកម្ពុជានាពេលនេះ គឺជាផ្នែកមួយនៃដំណើរទស្សនកិច្ចសុច្ឆន្ទៈរបស់កងទ័ពជើងទឹកឥណ្ឌា មកកាន់តំបន់អាស៊ីអាគ្នេយ៍ ក្រោមបេសកកម្មពិសេសមួយដែលមានឈ្មោះថា សាគរទី៣ ឬសាហ្គារ-ស្រ៉ី (SAGAR-III) ដែលជាផ្នែកមួយនៃជំនួយមនុស្សធម៌ និងជំនួយគ្រោះមហន្តរាយរបស់ប្រទេសឥណ្ឌាដល់ប្រទេសបរទេសជាមិត្ត។
បេសកកម្មសាគរទី៣ កំពុងត្រូវបានអនុវត្តស្របតាមចក្ខុវិស័យរបស់នាយករដ្ឋមន្រ្តីឥណ្ឌា លោក នរិន្ទ្រា ម៉ូឌី (NarendraModi) ដោយផ្តោតទៅលើសន្តិសុខ និងការលូតលាស់សម្រាប់ទាំងអស់គ្នានៅក្នុងតំបន់ (Security and Growth for Allin the Region) ហៅកាត់តាមភាសាហិណ្ឌីថា SAGAR ដែលមានន័យថា សាគរ ឬ សមុទ្រ។ វាបានបង្ហាញពីសារៈសំខាន់របស់ឥណ្ឌាភ្ជាប់មកប្រទេសកម្ពុជា និងប្រទេសជិតខាងសមុទ្រដទៃទៀត។
សូមជម្រាបថា នាវា INS Kiltan នឹងចាកចេញពីកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ ខាងមុខ៕