(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០នេះ បានផ្ញើសារលិខិតថ្លែងអំណរព្រះរាជគុណប្រកបដោយបីតិសោមនស្សរីករាយ ជាអនេកប្បការ ថ្វាយព្រះករុណាថ្លៃវិសេស ដែលព្រះអង្គទ្រង់ស្ដេចសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាននូវការ កោតសរសើរ និងប្រទានព្រះពរលើកទឹកចិត្តដល់ទូលព្រះបង្គំជាខ្ញុំ នាឱកាសរំឭកខួបអនុស្សាវរីយ៍លើកទី ២២ នៃការអនុវត្តដោយជោគជ័យ នយោបាយឈ្នះ ឈ្នះ គាប់ជួននឹងការបើកទំព័រប្រវត្តិសាស្ត្រថ្មីដែលព្រះរាជាណាចក្រកម្ពុជាទទួលបានតំណក់ប្រេងលើកដំបូង។
នៅក្នុងសារលិខិតដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន, សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «ស្ថិតក្នុងវរោកាសប្រកបដោយមោទនភាពជាតិដ៏ខ្ពង់ខ្ពស់ជាអតិបរមានេះ ទូលព្រះបង្គំជាខ្ញុំ សូមព្រះបរម រាជានុញ្ញាតសារជាថ្មី ដើម្បីបញ្ជាក់នូវសក្ខីកម្មជាវិជ្ជមានពាក់ព័ន្ធនឹងមហាជោគជ័យជាប្រវត្តិសាស្ត្រធំធេងជាច្រើនឥតគណនាដោយព្រះតេជានុភាព ពិសេសចាប់តាំងពីព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ទ្រង់ស្ដេចឡើងគ្រងព្រះបរមសិរីរាជសម្បត្តិជាអង្គព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ថ្មីៗនេះទៀត ជោគលាភប្រត្យក្សបំផុតនោះ គឺការទទួលបានដំណក់ប្រេងលើកដំបូង ជាការចាប់ផ្តើមបើកទំព័រប្រវត្តិសាស្ត្រថ្មីក្នុងការអភិវឌ្ឍន៍លើវិស័យឧស្សាហកម្មប្រេងកាតដែលជាសក្តានុពលសេដ្ឋកិច្ច នៃព្រះរាជាណាចក្រកម្ពុជាកាន់តែរីកចម្រើននិងជឿនលឿនជាបន្តបន្ទាប់ទៀត»។
ជាថ្មីម្តងទៀត ទូលព្រះបង្គំជាខ្ញុំនិងភរិយា សូមលំឱនកាយក្រាបថ្វាយព្រះសព្ទសាធុការពរមហាប្រសើរ សូមព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ទ្រង់ស្ដេចព្រះប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ។ សូមព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈ ទ្រង់ស្ដេចប្រោសព្រះរាជមេត្តាទទួលនូវអភិវន្ទនកិច្ច និងកតញ្ញូតាធម៌ដ៏ខ្ពង់ខ្ពស់ បំផុតអំពីទូលព្រះបង្គំជាខ្ញុំ។
សូមបញ្ជាក់ថា ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០នេះ បានផ្ញើព្រះរាជសារជូន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តែងព្រះទ័យរីករាយ និងអបអរចំពោះ សមិទ្ធផលជាប្រវត្តិសាស្រ្ត «តំណក់ប្រេងលើកដំបូង» របស់កម្ពុជា ដែលកម្ពុជាទទួលបានចំថ្ងៃខួប២២ឆ្នាំ នៃការអនុវត្តដោយជោគជ័យនូវនយោបាយឈ្នះឈ្នះ។
ក្នុងព្រះរាជសារដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន, ព្រះមហាក្សត្រ ទ្រង់មានព្រះបន្ទូលថា៖ «ខ្ញុំមានសេចក្ដីសោមនស្សរីករាយ សូមចូលរួមអបអរសាទរសមិទ្ធផលបើកទំព័រប្រវត្តិសាស្ត្រថ្មី ដែលព្រះរាជាណាចក្រកម្ពុជា ទទួលបានតំណក់ប្រេងលើកដំបូង ស្របពេលថ្ងៃខួបអនុស្សាវរីយ៍លើកទី២២ នៃការអនុវត្តដោយជោគជ័យនយោបាយឈ្នះ ឈ្នះ របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបាននាំមកនូវសន្តិភាព ពេញបរិបូរណ៍ និងឯកភាពជាតិដ៏ពេញលេញ»។
ព្រះមហាក្សត្រជីវិតតម្កល់លើត្បូង ទ្រង់បានចាត់ទុកថា ការទទួលបានតំណក់ប្រេងលើកដំបូងនេះ ជាការចាប់ផ្តើមបើកទំព័រប្រវត្តិសាស្ត្រថ្មី សម្រាប់ព្រះរាជាណាចក្រកម្ពុជា ក្នុងការអភិវឌ្ឍលើវិស័យឧស្សាហកម្មប្រេងកាត ដែលជាសក្តានុពលមួយ នាំឱ្យព្រះរាជាណាចក្រកម្ពុជាកាន់តែរីកចម្រើន និងជឿនលឿនជាបន្តទៀត។
ព្រះអង្គបានកោតសរសើរដ៏កក់ក្តៅចំពោះ សម្ដេចតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសជាតិ ប្រកបដោយគុណបំណាច់ដ៏ថ្លៃថ្លា វីរភាពដ៏ឧត្តុង្គឧត្តម និងជាអគ្គមគ្គុទេសក៏ដ៏ឆ្នើម ដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិត ធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍជាតិ រីកចម្រើនលើគ្រប់វិស័យ៕