(កំពង់ស្ពឺ)៖ កាកបាទក្រហមកម្ពុជា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ បានប្រគល់ផ្ទះថ្មថ្មី ចំនួន២ខ្នង ជូនប្រជារាស្ត្រ ២គ្រួសារ និងអណ្តូងទឹកស្អាតចំនួន២ សម្រាប់ប្រជារាស្ត្រ ៧២គ្រួសារ រស់នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលជាព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមរបស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា តាមរយៈ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
ផ្ទះទាំង២ខ្នងនេះ ប្រើពេលសាងសង់រយៈពេល២ខែ ដែលផ្ទះនីមួយៗចំណាយថវិកា ៥,៥០០ដុល្លារ (ប្រាំពាន់ប្រាំរយដុល្លារអាមេរិក) មានទំហំ ៦ម៉ែត្រ x ៧ម៉ែត្រ ក្រាលការ៉ូ ដំបូលប្រក់ហ្វីប្រូ មានបន្ទប់ទឹកមួយក្នុងផ្ទះ និងរៀបឥដ្ឋចាក់ខឿនជុំវិញផ្ទះមួយម៉ែត្រ។
ផ្ទះទី១ បានប្រគល់ជូនលោកតា មាស ឌឹម អាយុ៧១ឆ្នាំ ជនជាតិខ្មែរភាគតិចសួយ និងលោកយាយ ពែក ណុប រស់នៅភូមិថ្មីឃុំតាសាល។ ផ្ទះទី២ បានប្រគល់ជូនលោកយាយ សេង ណែម អាយុ៧៣ឆ្នាំ ចិញ្ចឹមចៅកំព្រា៣នាក់ រស់នៅភូមិព្រៃធំ ឃុំរស្មីសាមគ្គី។ ដោយឡែក អណ្តូងទឹកស្អាតចំនួន២ សម្រាប់ប្រជារាស្ត្រ៧២គ្រួសារនោះ ស្ថិតនៅភូមិព្រៃធំ ឃុំរស្មីសាមគ្គី។
ក្នុងឱកាសនោះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំនូវព្រះរាជបណ្តាំ និងប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក និងអាណិតស្រឡាញ់ដ៏ជ្រាលជ្រៅពីសំណាក់ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះប្រជារាស្ត្រទាំងអស់។
ទន្ទឹមនឹងនេះ លោកស្រីបានពាំនាំព្រះរាជបណ្តាំ និងប្រសាសន៍ផ្ដាំផ្ញើជូនប្រជារាស្ត្រទាំងអស់ ត្រូវយកចិត្តទុកដាក់គិតគូរថែទាំសុខភាពឱ្យបានល្អ មានអនាម័យស្អាតក្នុងការរស់នៅ និងផឹកទឹកឆ្អិនដាំពុះជានិច្ចដើម្បីជៀសផុតពីជំងឺផ្សេងៗ ជាពិសេសត្រូវអនុវត្តតាមវិធានការនានារបស់ក្រសួងសុខាភិបាល «រស់នៅធម្មតាតាមបែបគន្លងថ្មី» ដើម្បីចៀសផុតពីជំងឺកូវីដ-១៩ និងសូមថែទាំផ្ទះថ្មីនេះឱ្យបានល្អ ជាទ្រព្យសម្បត្តិតរៀងទៅក្រោមម្លប់នៃសុខសន្តិភាព។
ដើម្បីជួយសម្រាលដល់ជីវភាពរស់នៅកាកបាទក្រហមកម្ពុជា បានផ្តល់ជូនអំណោយសម្រាប់សង្កត់ផ្ទះនីមួយៗរួមមាន៖ អង្ករ១០០គីឡូក្រាម, មី៥កេស, ត្រីខ៥០កំប៉ុង, ឃីត១ (សារុង ក្រមា, មុង, ភួយ, អាវយឺត), ស្បែកជើង, សម្លៀកបំពាក់, ភេសជ្ជៈទឹកឃ្មុំ១ឡូ, ទឹកត្រី១២ដប, ទឹកស៊ីអ៊ីវ១២ដប, ប្រេងឆា២ដប, អំបិល៥គីឡូ, ស្ករស៥គីឡូ, កន្ទេល៣, កាបូប៣, ឈុតគ្រឿងចានឆ្នាំង និងថវិកា១លានរៀល។
ដោយឡែក លោកយាយលោកតាចាស់ៗ ដែលរស់នៅជិតខាងចំនួន១៥គ្រួសារ ក្នុងម្នាក់ៗទទួលបាន អង្ករ មី ត្រីខ សារុង ក្រមា មុង ភួយ អាវយឺត និងថវិកាមួយចំនួនផងដែរ៕