(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានប្រកាសពីជោគជ័យរបស់កម្ពុជា ដែលទទួលបានដំណក់ប្រេងលើកដំបូងរបស់ខ្លួន ស្របពេលចំថ្ងៃខួបលើកទី២២ នៃនយោបាយឈ្នះឈ្នះ របស់សម្តេច។
ចាប់ពីថ្ងៃនេះតទៅកម្ពុជា បានក្លាយជាប្រទេសផលិតប្រេងមួយ ក្នុងចំណោមប្រទេសមួយចំនួន លើពិភពលោក ដែលនេះ កូនខ្មែរសម័យតេជោ គួរមានមោទនភាព។
ជុំវិញមហាជោគជ័យនេះ សិស្សនិស្សិតកម្ពុជាជាច្រើនរូប បានបង្ហាញការអបអរសារទរ និងសម្តែងការគាំទ្រ ចំពោះការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលនាំប្រទេសជាតិ ទទួលសមិទ្ធិផលថ្មីជាប្រវត្តិសាស្ត្រ។
កញ្ញា ឆោម ពៅនិកា និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានថ្លែងឲ្យដឹងថា «ក្នុងនាមខ្ញុំជានិស្សិត និងជាពលរដ្ឋកម្ពុជា ខ្ញុំមានក្ដីសាទរមែនទែន ដែលកម្ពុជាអាចផលិតប្រេងដោយខ្លួនឯង ព្រោះនេះជាក្ដីស្រម័យរបស់រាជរដ្ឋាភិបាល ជាយូរណាស់មកហើយ ប៉ុន្ដែមិនអាចសម្រេចបានជោគជ័យជាច្រើនឆ្នាំមកហើយ តែពេលនេះអាចសម្រេចបានដូចក្ដីបំណង»។
កញ្ញាបានបន្ថែមថា នេះជាមហាជោគជ័យមួយ របស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលសម្រេចបាន ក្នុងឆ្នាំ២០២០ ទោះបីឆ្នាំនេះកម្ពុជាទទួលរងឥទ្ធិពលពីជំងឺកូវីដ១៩ ពីក្រៅប្រទេស និងឆ្លងដល់ក្នុងសហគមន៍ក្ដី ទាំងនេះបញ្ជាក់ថា ការទទួលបានតំណក់ប្រេង ក្នុងបរិបទនៃជំងឺកូវីដ១៩ ដែលសេដ្ឋកិច្ចពិភពលោក កំពុងរងការគំរាមកំហែង ប៉ុន្ដែកម្ពុជាអាចទទួលបានដំណក់ប្រេងនេះ ជាការតស៊ូអត់ធ្មត់ និងប្រឹងប្រែងមែនទែន របស់រាជរដ្ឋាភិបាលកម្ពុជា។
កញ្ញាលើកឡើងទៀតថា ជាក់ស្ដែងតាមប្រសាសន៍របស់សម្ដេចនាយករដ្ឋមន្រ្ដីនៃកម្ពុជា បញ្ជាក់ថាប្រយោជន៍នៃដំណក់ប្រេង ដែលទទួលបានជាថវិកា និងធនធានផ្សេងៗទៀតនោះ នឹងជួយសំខាន់លើវិស័យអប់រំ និងសុខាភិបាល ស្របជាមួយស្ថាននាពេលបច្ចុប្បន្ននេះផងដែរ។
កញ្ញា ហេង នីទី និស្សិតនៃសាកលវិទ្យាល័យកម្ពុជា (UC) បានឲ្យដឹងថា «សម្រាប់ខ្ញុំយល់ថា កម្ពុជាជាប្រទេសតូចមួយ និងជាប្រទេសកំពុងអភិវឌ្ឍន៍ ប៉ុន្ដែមានមហិច្ឆតាខ្ពស់អាចឈានទៅ សម្រេចជោគជ័យផលិតប្រេងដោយខ្លួនឯងបាន ជាពិសេសក្នុងអំឡុងពេលនៃ បរិបទនៃជំងឺកូវីដ១៩ ខ្ញុំពិតជាមានមោទនភាពខ្លាំងណាស់ សម្រាប់មហាជោគជ័យមួយនេះ»។
កញ្ញាបានបន្ដថា រឹតតែពិសេសជាងនេះទៀតនោះ ប្រមុខរាជរដ្ឋាភិបាលបានយកផលចំណេញ ពីការបូមប្រេងនេះទៅជួយ ដល់វិស័យអប់រំ និងវិស័យសុខាភិបាលនៅកម្ពុជា ដែលទាំងនេះរិតតែបង្ហាញពី ការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា លើវិស័យទាំង២នេះឲ្យកាន់តែអភិវឌ្ឍន៍បន្ថែមទៀត។
លោក មឿន ចម្រុងឬទ្ធិសិទ្ធិ និស្សិតសាកលវិទ្យាល័យភ្នំពេញអន្ដរជាតិ (PPIU) បានថ្លែងឲ្យដឹងថា «ជោគជ័យដ៏ធំធេងនៃការទទួលបាន តំណក់ប្រេងលើកដំបូងរបស់កម្ពុជា ជាដំណឹងដ៏រីករាយសម្រាប់ប្រជាជនកម្ពុជា ហើយខ្ញុំសូមសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចនូវសមិទ្ធិផលថ្មីនេះ»។
លោកបន្ថែមថា នេះជារឿងល្អមែនទែន ហើយនេះជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀត និងការឈានទៅរកដំណាក់កាលមួយ ក្នុងការបូមយកប្រេង ដែលជាសម្បត្តិធនធានធម្មជាតិ នេះមិនមែនជារឿងចៃដន្យទេ ប្រសិនបើគ្មានការខិតខំប្រឹងប្រែង គ្មានការកៀរគរនូវវិនិយោគិន គ្មានការចូលរួមពីភាគីពាក់ព័ន្ធ។
កញ្ញា សឿន និត្តា និស្សិតសាកលវិទ្យាល័យកម្ពុជា (UC) បានថ្លែងឲ្យដឹងថា «នេះជាកាដូសម្រាប់ឆ្នាំថ្មី ដែលរាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងយ៉ាងស្វិតស្វាញ សម្រាប់ប្រទេសកម្ពុជា។ សម្រាប់ខ្ញុំយល់ឃើញថា ការខិតខំប្រឹងប្រែងនេះ គឺអស្ចារ្យមែនទែន ដោយសារតែរាជរដ្ឋាភិបាលកម្ពុជា បានឆ្លងកាត់នូឧបសគ្គជាច្រើន និងចំណាយពេលវេលាដ៏យូរ រួមទាំងការចរចាដ៏ស្វិតស្វាញ ស្វះស្វែងរកអ្នកវិនិយោគិនមកវិនិយោគ លើវិស័យប្រេងនៅកម្ពុជានេះ»។
កញ្ញាបន្ថែមថា ការផលិតប្រេងនៅកម្ពុជានេះនឹងក្លាយជាកម្លាំចលករ ជួយដល់ចំណូលថវិកាជាតិ ព្រមទាំងពិពាធកម្មឃឿនសេដ្ឋកិច្ច ក្នុងវិស័យឧស្សហកម្មលើវិស័យប្រេងនេះផងដែរ។ ម្យ៉ាងទៀតវាអាចជួយដល់សេដ្ឋកិច្ចកម្ពុជា ក្នុងបរិបទនៃជំងឺកូវីដ១៩នេះ ហើយការផលិតប្រេងនេះ នឹងជួយដល់សេដ្ឋកិច្ចរបស់កម្ពុជាក្នុងឆ្នាំថ្មី។
សូមជម្រាបថា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ត្រូវចំថ្ងៃខួបលើកទី២២ នៃនយោបាយឈ្នះឈ្នះ សម្តេចបានប្រកាសពីមហាជោគជ័យនៃលទ្ធផល ដែលកម្ពុជាទទួលបាន គឺក្លាយជាប្រទេសផលិតប្រេង។
រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកថា ដំណក់ប្រេងជាលើកដំបូង ក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា គឺជាពរជ័យសម្រាប់ប្រជាជន និងប្រទេសជាតិ របស់កម្ពុជាទាំងមូល។ សមិទ្ធផលសន្តិភាព កើតចេញពីនយោបាយឈ្នះឈ្នះ បាននាំមកនូវសមិទ្ធផលថ្មី គឺដំណក់ប្រេងជាលើកដំបូង ក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជានេះ។
ចំណូលថវិកាបានពីការលក់ប្រេងរបស់កម្ពុជា នឹងយកទៅប្រើប្រាស់ក្នុងវិស័យអាទិភាព២ គឺវិស័យអប់រំ និងវិស័យសុខាភិបាល ដែលជាវិស័យសំខាន់សម្រាប់កម្ពុជា៕