(ក្រចេះ)៖ ធនាគារ វឌ្ឍនៈ បានបើកសម្ពោធដាក់ឱ្យដំណើរកា សាខាខេត្តក្រចេះ ជាសាខាទី២៤ នាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ បន្ទាប់ពីបានបើកសម្ពោធដាក់ឱ្យដំណើរកាសាខាទី២៣ គឺសាខាខេត្តកំពង់ឆ្នាំង នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០។
ធនាគារ វឌ្ឍនៈសាខាខេត្តក្រចេះ មានទីតាំងស្ថិតនៅអគារលេខ ១២១ វិថីព្រះសីហនុ ក្រុងក្រចេះ ខេត្តក្រចេះ (ហួសបេនឡានខេត្តក្រចេះ ខាងស្តាំដៃប្រហែល ៧០ម៉ែត្រ)។ ធនាគារ វឌ្ឍនៈ សាខាខេត្តក្រចេះ មានអគារខ្ពស់ប្រណីត រចនាបទទំនើបទាន់សម័យ ដោយមានសាលផ្តល់សេវាកម្ម ប្រកបដោយផាកសុកភាព និងទីធ្លាចំណតធំទូលាយ ងាយស្រួល សម្រាប់អតិថិជនមកធ្វើប្រតិបត្តិការ។
ធនាគារ វឌ្ឍនៈ សាខាខេត្តក្រចេះ បានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការផ្តល់សេវាកម្មធនាគារដ៏ល្អឯក និងមានស្តង់ដារ ជំនាញវិជ្ជាជីវៈខ្ពស់ ទៅលើគ្រប់ប្រភេទសេវាហិរញ្ញវត្ថុ រួមមាន សេវាកម្មប្រាក់បញ្ញើ ការផ្តល់ឥណទាន សេវាធនាគារចល័ត សេវាធនាគារ តាមអ៉ីនធឺណិត សេវាកម្មផ្ទេរប្រាក់ សេវាកម្មហិរញ្ញប្បទានពាណិជ្ជកម្ម សេវាកម្មប័ណ្ណ (វីសា ម៉ាស្ទ័រកាត និងយូញៀផេត)។ លើសពីនេះទៀត សាខាថ្មីនេះ ក៏មានផ្តល់សេវាកម្មបង់ពន្ធអាករគ្រប់ប្រភេទ កាន់តែមានភាពងាយស្រួល និងឆាប់រហ័សផងដែរ។
នៅក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការ អ្នកឧកញ៉ា ឈុន លាង បណ្ណាធិការ ធនាគារ វឌ្ឍនៈ បានថ្លែងថា «ការបើកសម្ពោធដាក់ឱ្យដំណើរការ សាខាខេត្តក្រចេះនាថ្ងៃនេះ គឺជាព្រឹត្តិការណ៍ ប្រវត្តិសាស្ត្រដ៏សំខាន់មួយទៀត របស់ធនាគារ វឌ្ឍនៈ។ ធនាគារ វឌ្ឍនៈ សាខាខេត្តក្រចេះ នឹងផ្តល់សេវាកម្មហិរញ្ញវត្ថុ ជាច្រើនជូនអ្នកជំនួញ និងប្រជាជនទូទៅ នៅក្នុងខេត្តក្រចេះ និងចូលរួមចំណែកដល់កំណើន សេដ្ឋកិច្ចរបស់ខេត្តផងដែរ»។
អ្នកឧកញ៉ា បានបន្តទៀតថា «សាខាខេត្តក្រចេះ នឹងផ្តល់នូវសេវាធនាគារ ពាណិជ្ជគ្រប់ប្រភេទជូនអតិថិជន។ ហេតុនេះសូមបងប្អូនទាំងអស់ ទាំងពាណិជ្ជករ ទាំងប្រជាជនទូទៅ ក្នុងខេត្តក្រចេះ អញ្ជើញមកពិភាក្សាអំពីសេវាធនាគារជាមួយ ធនាគារ វឌ្ឍនៈ ដើម្បីពង្រីកអាវជីកម្ម និងសាកល្បងប្រើប្រាស់សេវាធនាគាចល័ត ធនាគារ វឌ្ឍនៈ ដែលនឹងផ្តល់ជូននូវបទពិសោធន៍សេវាធនាគារដ៏មានសុវត្ថិភាព និងងាយស្រួល»។
អ្នកឧកញ៉ា បានបញ្ជាក់ថែមទៀតថា ដើម្បីអបអរសាទរ ការបើកសម្ពោធដាក់ឱ្យដំណើរ សាខាខេត្តក្រចេះ ធនាគារ វឌ្ឍនៈ នឹងផ្តល់ជូនអតិថិជន នូវកម្មវិធីពិសេស គឺការផ្តល់ជូនប័ណ្ណឥណពន្ធវីសា ដោយឥតគិតថ្លៃ ជូនដល់អតិថិជនទាំងអស់ ដែលបើកគណនីសន្សំ និងគណនីចរន្តជាមួយ ធនាគារ វឌ្ឍនៈ សាខាខេត្តក្រចេះ។
សូមបញ្ជាក់ថា ធនាគារ វឌ្ឍនៈ គឺជាធនាគារ ដែលមានភាគទុនិកក្នុងសុ្រកសុទ្ធ បង្កើតឡើងនៅក្នុងឆ្នាំ២០០២។ ធនាគារ មានទីស្នាក់ការកណ្តាល នៅជាន់ទី២ នៃវិមានវឌ្ឍនៈ កាពីតាល នៅរាជធានីភ្នំពេញ។ ដោយផ្តើមចេញពីស្នាក់ការតូចមួយ នៅអគារលេខ ៨៩ មហាវិធីព្រះនរោត្តម រាជធានីភ្នំពេញ ដោយមានបុគ្គលិកត្រឹមតែ ១២ នាក់ ធនាគារ វឌ្ឍនៈ បាននិងកំពុងអភិវឌ្ឍខ្លួនធំឡើង ជាបន្តបន្ទាប់ រហូតដល់បច្ចុប្បន្នមានបុគ្គលិក សរុបជាង ៦០០នាក់ និងមានសាខាសរុបចំនួន ២៤ទីតាំង ក្នុងនោះនៅរាជធានីភ្នំពេញ មាន ១២ទីតាំង និងតាមបណ្តាខេត្តចំនួន ១២ មាន ១២ទីតាំង ព្រមទាំងទីតាំងជាច្រើនកន្លែងផ្សេងទៀត នៅគ្រប់ខេត្តទាំងអស់ ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបាននិងកំពុងសាងសង់ ហើយគ្រោងនឹងដាក់ឱ្យដំណើរការ ជាបន្តបន្ទាប់នៅទូទាំងប្រទេស ត្រឹមឆ្នាំ២០២៣ ខាងមុខនេះ។
ធនាគារ វឌ្ឍនៈ ទទួលបាននូវទំនុកចិត្ត និងការជឿទុកចិត្តពីអតិថិជន ប្រកបដោយវឌ្ឍនភាពជាបន្តបន្ទាប់ និងទទួលបាននូវកិត្តិសព្ទល្អ ក្នុងការផ្តល់សេវាអតិថិជនល្អឥតខ្ចោះ និងមានអភិបាលកិច្ចសាជីវកម្មល្អ តាមរយៈការទទួលស្គាល់ពីសំណាក់ស្ថាប័នជាតិ និងអន្តរជាតិ ក្នុងរយៈពេលនៃប្រតិបត្តិការរបស់ខ្លួន ជាច្រើនឆ្នាំកន្លងមក៕