(ភ្នំពេញ)៖ សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រីង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានលើកឡើងថា ការទទួលបានតំណក់ប្រេងលើកដំបូងនេះ ជាការចាប់ផ្តើមបើកទំព័រប្រវត្តិសាស្ត្រថ្មី សំរាប់កម្ពុជា ក្នុងការអភិវឌ្ឍលើវិស័យឧស្សាហកម្មប្រេងកាត ដែលជាសក្តានុពលមួយ នាំឲ្យកម្ពុជាកាន់តែរីកចម្រើន និងជឿនលឿនជាបន្តទៀត។
លិខិតជូនពរផ្ញើជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០នេះ បានសរសេរយ៉ាងដូច្នេះថា «ខ្ញុំបាទតាងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក កម្មករ និងកងកម្លាំងនគរបាលទាំងអស់ ដែលកំពុងបម្រើការងារនៅក្នុងព្រះបរមរាជវាំង មានសេចក្តីរីករាយឥតឧបមា សូមចូលរួមអបអរសាទរសមិទ្ធផលបើកទំព័រប្រវត្តិសាស្ត្រថ្មី ដែលព្រះរាជាណាចក្រកម្ពុជា ទទួលបានតំណក់ប្រេងលើកដំបូង ស្របពេលថ្ងៃខួបអនុស្សាវីយ៍លើកទី២២ នៃការអនុវត្តដោយជោគជ័យនយោបាយឈ្នះឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលនាំមកនូវសន្តិភាពពេញបរិបូរណ៍ និងការឯកភាពជាតិដ៏ពេញលេញ»។
ការទទួលបានតំណក់ប្រេងលើកដំបូងនេះ ជាការចាប់ផ្តើមបើកទំព័រប្រវត្តិសាស្ត្រថ្មី សំរាប់កម្ពុជា ក្នុងការអភិវឌ្ឍលើវិស័យឧស្សាហកម្មប្រេងកាត ដែលជាសក្តានុពលមួយ នាំឲ្យកម្ពុជាកាន់តែរីកចម្រើន នឹងជឿនលឿនជាបន្តទៀត។ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃ ប៉ិនប្រសប់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សង្គមជាតិយើងទទួល បាននូវសេចក្តីសុខសន្តិភាព និងភាពរីកចម្រើនលូតលាស់លើគ្រប់វិស័យ។
ខ្ញុំបាទសូមគាំទ្រចំពោះប្រសាសន៍ដ៏ថ្លៃថ្លារបស់ សម្តេចតេជោ នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ អំពីចំណូលថវិកាដែលទទួលបានមកពីឧស្សាហកម្មប្រេងនេះ បានរួមចំណែកយ៉ាងសំខាន់បម្រើវិស័យអប់រំ និងវិស័យសុខាភិបាល»។
គូសបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសអំពីដំណឹងដ៏រីករាយ និងជាមោទនភាពសម្រាប់ប្រជាជនកម្ពុជា ពីការចាប់ផ្តើមទទួលដំណក់ប្រេងលើកដំបូង បន្ទាប់ពីរង់ចាំអស់រយៈពេលជាច្រើនឆ្នាំ។ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកថា ដំណក់ប្រេងជាលើកដំបូង ក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា គឺជាពរជ័យសម្រាប់ប្រជាជន និងប្រទេសជាតិ របស់កម្ពុជាទាំងមូល។
សមិទ្ធផលសន្តិភាព កើតចេញពីនយោបាយឈ្នះឈ្នះ បាននាំមកនូវសមិទ្ធផលថ្មី គឺដំណក់ប្រេងជាលើកដំបូង ក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជានេះ។ ចំណូលថវិកា បានពីការលក់ប្រេងរបស់កម្ពុជា នឹងយកទៅប្រើប្រាស់ក្នុងវិស័យអាទិភាព២ គឺវិស័យអប់រំ និងវិស័យសុខាភិបាល ដែលជាវិស័យសំខាន់សម្រាប់កម្ពុជា៕