(ភ្នំពេញ)៖ អ្នកជំនាញផ្នែកសេដ្ឋកិច្ច បានបង្ហាញនូវទស្សនៈរបស់ខ្លួន ជុំវិញព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ នៃការទទួលបាននូវ តំណក់ប្រេងជាលើកដំបូងរបស់កម្ពុជា ដែលទើបត្រូវបានប្រកាសឡើង ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំថ្ងៃខួបលើកទី២២ឆ្នាំ នៃនយោបាយឈ្នះឈ្នះ។
អ្នកជំនាញផ្នែកសេដ្ឋកិច្ចទាំងពីររូបនេះរួមមាន៖ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា និងលោកបណ្ឌិត ឆេង គីមឡុង ដែលជានាយកនៃមជ្ឈមណ្ឌលនវានុវត្តន៍ ផ្នែកអភិបាលកិច្ច និងប្រជាធិបតេយ្យរបស់វិទ្យាស្ថានចក្ខុវិស័យអាស៊ី ដែលពួកគាត់សុទ្ធតែបង្ហាញនូវមោទនភាព និងអបអរសាទរលើសមិទ្ធផលដែលកម្ពុជា ទទួលបានតំណក់ប្រេងលើកដំបូងនេះ។
លោកបណ្ឌិត ឆេង គីមឡុង បានប្រាប់មកបណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០នេះថា ក្រោយប្រែក្លាយខ្លួន ជាប្រទេសផលិតប្រេងនេះ កម្ពុជានឹងទទួលបានចំណូលផ្នែកសេដ្ឋកិច្ចជាតិបន្ថែមទៀត ពីការបូមប្រេងនេះ ព្រោះថាប្រេងគឺប្រភពដ៏សំខាន់មួយ ជួយដល់កំណើនថវិកាជាតិ។
ទោះបីជាយ៉ាងនេះក្ដី លោកបណ្ឌិត ឆេង គីមឡុង ក៏បានបញ្ជាក់ថា កម្ពុជាមិនទាន់អាចទទួលបានផលចំណេញ ក្នុងទ្រង់ទ្រាយធំឡើយ នៅក្នុងការផលិតប្រេង បានដោយខ្លួនឯងនេះ ព្រោះថានេះជាជំហ៊ានដំបូង ដែលត្រូវការពេលវេលាបន្ថែមទៀត ហើយថាកម្ពុជានឹងមិនមានបញ្ហាប្រឈម លើការបូបប្រេងនោះទេ។
លោកបណ្ឌិត ឆេង គីមឡុង បានថ្លែងយ៉ាងដូច្នេះថា «ការបូមប្រេងនេះ ទោះបីកម្ពុជាផ្តល់សិទ្ធិ និងអជ្ញាបណ្ណឲ្យក្រុមហ៊ុនឯកជនក៏ពិតមែន ក៏ប៉ុន្តែរដ្ឋទទួលបាននូវផលចំណូល តាមរយៈការទាញយកនូវពន្ធមួយចំនួន ក៏ដូចជាសួយសារអាករ។ ទំហំនៃចំណូលដែលបានពីការបូមប្រេង ក្នុងឈូងសមុទ្រខ្មែរ ដែលយើងទទួលបានទោះ ក្នុងកម្រិតតូចយ៉ាងក៏ដោយក្នុងពេលបច្ចុប្បន្ននេះ ព្រោះនេះជាជំហ៊ានដំបូង ប៉ុន្តែវានឹងអាចឈានដល់ការរុករក នូវប្រភពចំណូលបន្ថែមទៀត ពីប្រភពប្រេង និងឧស្ម័នក្នុងឈូងសមុទ្រខ្មែរ ដោយសារយើងពុំទាន់បានទាញយកឲ្យអស់លទ្ធភាពនៅឡើយទេ»។
ជាមួយគ្នានេះ លោកបណ្ឌិត ឆេង គីមឡុង បង្ហាញនូវជំនឿចិត្តថា នៅពេលកម្ពុជាក្លាយ ជាប្រទេសផលិតប្រេងនោះ តម្លៃប្រេងសាំង និងឧស្ម័ននៅប្រទេសកម្ពុជា នឹងមានការធ្លាក់ចុះប្រសិនបើផ្នែកណាមួយនៃប្រេងនេះ ត្រូវបានចម្រាញ់នៅក្នុងប្រទេសកម្ពុជា និងកាត់បន្ថយបានការនាំចូលប្រេង និងឧស្ម័នពីបរទេស។
ដោយឡែកសម្រាប់លោកបណ្ឌិត គី សេរីវឌ្ឍន៍ វិញបានបញ្ជាក់ថា ចំណូលពីការលក់ប្រេងនេះ គឺជាចំណូលធនធានមួយ ដែលយើងឃើញថា ប្រទេសភាគច្រើននៅតំបន់អារ៉ាប់ គឺមានចំណូលខ្ពស់ ដែលគេទទួលបានពីការបូមប្រេង។
លោកបន្តថា ការដែលកម្ពុជាក្លាយជាប្រទេសផលិតប្រេង បានដោយខ្លួនឯងនេះ ជាប្រវិត្ដសាស្ដ្រថ្មី កើតចេញពីការខិតខំប្រឹងប្រែង បែកញើសហូរញើស របស់រាជរដ្ឋាភិបាល ជាពិសេសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្រោមគោលនយោបាយឈ្នះ-ឈ្នះ។
ជាមួយគ្នានោះ មន្ដ្រីជាន់ខ្ពស់រាជបណ្ឌិត្យសភាកម្ពុជារូបនេះ ក៏សូមឲ្យជនរួមជាតិ ចូលរួមអបអរសារទរ ជាមួយនឹងការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លៀសវៃ របស់សម្ដេចតេជោ ហ៊ុន សែន។
លោកថ្លែងយ៉ាងដូច្នេះថា «ប្រវិត្ដសាស្ដ្រថ្មីនេះ គឺកើតចេះអំពីការខិតខំប្រឹងប្រែង បែកញើសហូរញើសរបស់រាជរដ្ឋាភិបាល ជាពិសេសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានខិតខំប្រឹងប្រែង ក្រោមគោលនយោបាយឈ្នះឈ្នះ។ ខ្ញុំសូមឲ្យជនរួមជាតិ ចូលរួមអបអរសារទរ ជាមួយនឹងការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល»។
គូសបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសអំពីដំណឹងដ៏រីករាយ និងជាមោទនភាពសម្រាប់ប្រជាជនកម្ពុជា ពីការចាប់ផ្តើមទទួលដំណក់ប្រេងលើកដំបូង បន្ទាប់ពីរង់ចាំអស់រយៈពេលជាច្រើនឆ្នាំ។
រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកថា ដំណក់ប្រេងជាលើកដំបូង ក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា គឺជាពរជ័យសម្រាប់ប្រជាជន និងប្រទេសជាតិ របស់កម្ពុជាទាំងមូល។ សមិទ្ធផលសន្តិភាព កើតចេញពីនយោបាយឈ្នះឈ្នះ បាននាំមកនូវសមិទ្ធផលថ្មី គឺដំណក់ប្រេងជាលើកដំបូង ក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជានេះ។
ចំណូលថវិកាបានពីការលក់ប្រេងរបស់កម្ពុជា នឹងយកទៅប្រើប្រាស់ក្នុងវិស័យអាទិភាព២ គឺវិស័យអប់រំ និងវិស័យសុខាភិបាល ដែលជាវិស័យសំខាន់សម្រាប់កម្ពុជា៕