(កំពង់ឆ្នាំង)៖ វគ្គហ្វឹកហ្វឺនបំប៉នជំនាញបញ្ជាការថ្នាក់សេនាធិការកាំភ្លើងធំជំនាន់ទី២ និងបំប៉នមេបញ្ជាការថ្នាក់កងអនុសេនាតូច-ធំ កាំភ្លើងធំ នៃកងទ័ពជើងគោក បានដំណើការរយៈពេល៩១ថ្ងៃ មានសិក្ខាកាមសរុបចំនួន ១៤០នាក់ គ្រូយោធាចារ្យចំនួន១៤នាក់ មកពីអង្គភាពចំណុះកងទ័ពជើងគោក និងសាម៉ីអង្គភាពបញ្ជាការដ្ឋានកាំភ្លើងធំ បានបញ្ចប់ដោយជោគជ័យ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០នេះ ដោយទទួលបាននិទ្ទេសពូកែចំនួន ៨៨នាក់ និទ្ទេសល្អបង្គួរចំនួន ៣០នាក់។
ពិធីបិទវគ្គនេះ បានធ្វើឡើងនៅទីបញ្ចាការស្រាល បញ្ជាការដ្ឋានកាំភ្លើងធំ កងទ័ពជើងគោក នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ក្រោមវត្តមា ន លោកឧត្តមសេនីយ៍ឯក ខឹមជា សាឃឿន មេបញ្ជាការរង និងជានាយសេនាធិការកងទ័ពជើងគោក អមដំណើរដោយ ឧត្តមសេនីយ៍ឯក អួន សារឿន មេបញ្ជាការរងកងទ័ពជើងគោក ឧត្តមសេនីយ៍ឯក ព្រហ្ម ផេង មេបញ្ចាការរងកងទ័ពជើងគោក មេបញ្ចាការកងពលតូចអន្តរាគមន៍លេខ១ និងនាយទាហានជាន់ខ្ពស់ ចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោកជាច្រើនរូប។
ក្នុងនាមបញ្ជាការដ្ឋានកាំភ្លើងធំ លោកឧត្តមសេនីយ៍ឯក ពៅ សុខា មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការ បញ្ជាការដ្ឋានកាំភ្លើងធំ បានលើកឡើងពីរចនាសម្ព័ន្ធចាត់តាំង ការដឹកនាំបញ្ជាភារកិច្ចចំពោះមុខក្នុងភូមិសាស្ត្រទទួលខុសត្រូវ ដែលក្នុងនោះបញ្ជាការដ្ឋានកាំភ្លើងធំ កងទ័ពជើងគោក សម្រេចបានការងារហ្វឹកហ្វឺនជាមូលដ្ឋានទាំងការបណ្តុះបណ្តាលធនធានមនុស្សក្នុងបញ្ជាការដ្ឋាន និងទាំងការចុះទៅបណ្តុះបណ្តាលតាមបណ្តាអង្គភាពឈរជើងការពារបូរណភាពទឹកដីតាមខ្សែបន្ទាត់ព្រំដែន។
លោកឧត្តមសេនីយ៍ឯក ក៏បានលើកឡើងពីការងារកសាងអង្គភាព ការងារបង្កបង្កើនផល ចិញ្ចឹមសត្វការបន្តការងារ អប់រំ នយោបាយចិត្តសាស្ត្រដល់កងទ័ពជាប្រចាំ និងភារកិច្ចចុះជួយសង្រ្គោះប្រជាពលរដ្ឋផងដែរ។
ថ្លែងក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញបញ្ចាការថ្នាក់សេនាធិការកាំភ្លើងធំជំនាន់ទី២ និងវគ្គបំប៉ន មេបញ្ជាការថ្នាក់កងអនុសេនាតូច- ធំ កាំភ្លើងធំ កងទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ខឹមជា សាឃឿន បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំយកអស់កម្លាំងកាយចិត្តរបស់មេបញ្ជាការ មេបញ្ជាការរង គ្រប់បណ្តាអង្គភាពចំណុះបញ្ជាការដ្ឋានកាំភ្លើងធំ កងទ័ពជើងគោក គ្រូយោធាចារ្យ និងសិក្ខាកាមទាំងអស់ដែលបានរួមសហការគ្នា ធ្វើឱ្យវគ្គបំប៉នហ្វឹកហ្វឺនទាំងពីរ បានដំណើរការរហូតដល់បញ្ចប់វគ្គទៅតាមការគ្រោងទុក និងទទួលលទ្ធផលជាវិជ្ជមាន។
ក្នុងនាមមេបញ្ជាការកងទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ខឹមជា សាឃឿន បានកោតសរសើរ និងវាយតម្តៃខ្ពស់ចំពោះលទ្ធផលនៃការហ្វឹកហ្វឺន គឺសំដៅពង្រឹងប្រៀបការពារជាតិ ដែលជាការងារស្នូលត្រូវធ្វើជាប់ជាប្រចាំ ដើម្បីឆ្លើយតបភារកិច្ចចំពោះមុខ ក៏ដូចជាតម្រូវការនៃ ការអភិវឌ្ឍសមត្ថភាពរបស់យោធិន ដែលជាផ្នែកដ៏សំខាន់ក្នុងការកែរទម្រង់កងយោធពលខេមរភូមិន្ទ ស្របតាមផែនការបានដាក់ចេញរបស់ក្រសួងការពារជាតិ អគ្គបញ្ជាការ បញ្ជាការដ្ឋានកងទ័ពជើងគោក ដើម្បីចូលរួមចំណែកអនុវត្តនូវយុទ្ធសាស្ត្រការពារជាតិ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងភារកិច្ចការពារអធិបតេយ្យភាព បូរណភាពទឹកដី ប្រកបដោយវិជ្ជាជីវ ធានាបានទាំងបរិមាណ និងគុណភាពនៃកិច្ចការពារជាតិ។
ឧត្តមសេនីយ៍ឯក ខឹមជា សាឃឿន បានគូសបញ្ជាក់ទៀតថា បញ្ជាការដ្ឋានកាំភ្លើងធំ ជាអង្គភាពជំនាញមួយដែលដើរតួជាសំខាន់ពិសេសជាសេនាធិការដឹកនាំបញ្ជា គ្រប់គ្រងកម្លាំងទ័ពជំនាញ គ្រឿងបំពាក់ សម្ភារះបច្ចេកទេស កាំភ្លើងធំ ហើយក៏ជាកម្លាំងស្នូលមួយដ៏មានសារៈសំខាន់របស់កងទ័ពជើងគោក ជាកម្លាំងគាំទ្រ អន្តរាគមន៍ និងទប់ទល់ក្នុងការវាយលុករបស់សត្រូវនៅលើសមូរភូមិ។
ទន្ទឹមនឹងតួនាទី ភារកិច្ចចាំបាច់នៃជំនាញកាំភ្លើងធំនេះ លោកឧត្តមសេនីយ៍ឯក បានស្នើរសុំឱ្យនាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់ត្រូវមានជំនាញមួយពិតប្រាកដក្នុងការដឹកនាំបញ្ជា ការគ្រប់គ្រង ការប្រើប្រាស់ ការថែរទាំគ្រឿងបំពាក់របស់កាំភ្លើងធំ ចេះធ្វើគម្រោងផែនការប្រតិបត្តិការកាំភ្លើងធំ និងចេះប្រើឧបករណ៏កាំភ្លើងទំនើប ក្នុងការគិតគូរពីទិន្ន័យ បាញ់ជាក់លាក់ បញ្ចាកែរ បាញ់លឿន រហ័ស ចេះធ្វើផែនការប្រើប្រាស់កាំភ្លើង និងមានប្រសិទ្ធភាព ដើម្បីសម្រេចធានាបាននូវការសម្រេចភារកិច្ចដែលថ្នាក់លើប្រគល់ជូន។
ឧត្តមសេនីយ៍ឯក ខឹមជា សាឃឿន បានផ្តាំផ្ញើរដល់សិក្ខាកាមទាំងអស់ពេលវិលទៅអង្គភាពខ្លួនវិញ ត្រូវយកចំណេះដឹងដែលទទួលបានពីការសិក្សារៀនសូត្រទៅប្រើប្រាស់ឱ្យចំគោលដៅ និងមានប្រសិទ្ធភាព ត្រូវស្មោះត្រង់ដាច់ខាត ជាតិ សាសនា ព្រះមហាក្សត្រ ឈរលើមនសិការស្នេហាជាតិ គោរពឱ្យបានម៉ឺងម៉ាត់រាល់តួនាទី និងភារកិច្ចរបស់កងទ័ព និងបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងបញ្ជាការដ្ឋានកងទ័ពជើងគោកបានដាក់ចុះ។
បន្ថែមពីនេះលោកឧត្តមសេនីយ៍ឯក ក៏បានក្រើនរំឮកដល់សិក្ខាកាម បន្តរួមគ្នាពង្រឹងប្រៀបការពារចូលរួមសហការ ការពារសុខសន្តិភាព និងការអភិវឌ្ឍន៍ បន្តកសាងអង្គភាពរឹងមាំលើគ្រប់វិស័យ បង្កើនសមត្ថភាព តាមរយៈការស្រាវជ្រាវឯកសារថ្មីៗ សម្រាប់រៀនសូត្រ និងបន្តជួយបង្រៀនដល់មិត្តរួមអង្គភាព បន្តរក្សាសាមគ្គីភាពឯកភាពផ្ទៃក្នុងល្អជានិច្ច ត្រូវយកចិត្តទុក្ខដាក់ថែរក្សាការពារគ្រប់គ្រង និងរក្សាទុក្ខដាក់អាវុធយុទ្ធភណ្ឌឱ្យបានត្រឹមត្រូវ និងសុវត្ថភាព៕