(បាត់ដំបង)៖ សាកលវិទ្យាល័យជាតិបាត់ដំបង ជាគ្រឹះស្ថានឧត្ដមសិក្សារដ្ឋតែមួយគត់ ដែលមានកិត្យានុភាព ឧត្តមភាព ការជឿទុកចិត្ត និងមានសក្ដានុពលខ្ពស់លើសគេក្នុងខេត្តបាត់ដំបង និងតំបន់ភូមិភាគពាយ័ព្យនៃប្រទេសកម្ពុជា ហើយមានផ្ទៃដីជាង១១ហិកតា ស្ថិតនៅតំបន់ទីប្រជុំជន មានអគារសិក្សាសំបូរបែប បន្ទប់សិក្សាបំពាក់ដោយម៉ាស៊ីនត្រជាក់ បណ្ណាល័យធំទូលាយ មន្ទីរពិសោធន៍វិទ្យាសាស្រ្ត ទីលានពិសោធន៍កសិកម្ម អាងហែលទឹកកម្រិតស្តង់ដាអន្តរជាតិ បរិស្ថានស្អាតល្អ កម្មវិធីសិក្សាកម្រិតអន្តរជាតិ និងមានគ្រូបង្រៀនដែលមានសមត្ថភាពនិងសញ្ញាបត្រខ្ពស់ ធានាដល់ការបណ្ដុះបណ្ដាលប្រកបដោយគុណភាព។
និស្សិតដែលបញ្ចប់ការសិក្សានៅទីនេះ ពិតជាមានសមត្ថភាពជំនាញអាជីពខ្ពស់ និងទទួលបានអាត្រាការងារធ្វើរហូតដល់៩០ភាគរយ។
សាកលវិទ្យាល័យជាតិបាត់ដំបង មានដៃគូអភិវឌ្ឍជាច្រើន ជាពិសេសធនាគារពិភពលោក ដែលបានផ្ដល់ថវិកាសម្រាប់ការអភិវឌ្ឍក្នុង១ឆ្នាំ ប្រមាណជា១លានដុល្លារសហរដ្ឋអាមេរិក និងបានជ្រើសរើសយកសាកលវិទ្យាល័យជាតិបាត់ដំបង ធ្វើជាសាកលវិទ្យាល័យគំរូមួយក្នុងក្របខណ្ឌទូទាំងប្រទេស។
សាកលវិទ្យាល័យជាតិបាត់ដំបង សូមអញ្ជើញប្អូនៗសិស្សានុសិស្សដែលទើបប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មកចូលរួមទស្សនា និងទទួលយកការប្រឹក្សាយោបល់ ដើម្បីសម្រេចជ្រើសរើសជំនាញ និងចុះឈ្មោះចូលរៀនថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត លើជំនាញឯកទេសទាំង៣០ នៅតាមបណ្តាមហាវិទ្យាល័យ វិទ្យាស្ថាន និងសាលាក្រោយបរិញ្ញាបត្រ។ សាកលវិទ្យាល័យជាតិបាត់ដំបងមានទីតាំងស្ថិតនៅ តាមបណ្តោយផ្លូវជាតិលេខ៥ ខាងកើតលោកតាដំបងក្រញូង ក្រុងបាត់ដំបង ខេត្តបាត់ដំបង៕