(ភ្នំពេញ)៖ លោក សួន សេរីរដ្ឋា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានលើកឡើងថា តំណក់ប្រេងដំបូងរបស់កម្ពុជា គឺជាកាដូដ៏ពិសិដ្ឋមួយទៀត ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់ប្រជាពលរដ្ឋខ្មែរ ដែលបានទន្ទឹងរង់ចាំអស់ជាច្រើនឆ្នាំមកហើយ។
លោក សួន សេរីរដ្ឋា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ថ្ងៃទី២៩ ធ្នូ ២០២០ ជាខួប ២២ ឆ្នាំ នៃថ្ងៃបញ្ចប់សង្គ្រាមបង្ហូរឈាមរវាងខ្មែរនិងខ្មែរ ក្រោមការដឹកនាំដាក់ចេញនូវនយោបាយឈ្នះឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន ដែលលោកជាមគុទ្ទេសក៍សន្តិភាពនៃកម្ពុជា... នៅថ្ងៃទី ២៩ ធ្នូ ២០២០ នេះដែរ តំណក់ប្រេងដំបូងរបស់កម្ពុជា ក៏បានបូមចេញពីកំណប់បាតសមុទ្រដ៏សែនជ្រៅ បានសម្រេច ! តំណក់ប្រេងនេះ ជាកាដូដ៏ពិសិដ្ឋមួយទៀត ដែលសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានជូនដល់ប្រជាពលរដ្ឋខ្មែរ ដែលបានទន្ទឹងរងចាំអស់ជាច្រើនឆ្នាំមកហើយ...!»។
លោក សួន សេរីរដ្ឋា បានបន្ថែមថា ២៩ ធ្នូ ២០២០ ជាថ្ងៃខួប ២២ ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៉ីវិលរវាងខ្មែរនិងខ្មែរ ហើយផ្តល់សន្តិភាពពេញលេញលើផ្ទៃប្រទេសជូនប្រជាពលរដ្ឋខ្មែរ ក៏ជាថ្ងៃដែល សម្តេចតេជោ ហ៊ុន សែន បានប្រកាសបិទព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ដែលរាជរដ្ឋាភិបាលទប់ស្កាត់ និងគ្រប់គ្រងបាននូវការឆ្លង ខូវីត-១៩។ ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏មិនភ្លេចជូនកាដូថ្មីដល់ពលរដ្ឋខ្មែរទូទាំងប្រទេសដែរ នោះគឺតំណក់ប្រេងកាតរបស់កម្ពុជា ដែលសម្តេចបានខិតខំប្រឹងប្រែងរៀបចំវេចខ្ចប់អស់វេលាជាយូរឆ្នាំមកហើយ ដើម្បីយកមកជូនប្រជាពលរដ្ឋ ដែលរស់ក្រោមដំបូលសន្តិភាព។
បើតាមលោក សួន សេរីរដ្ឋា, ដូចសុភាសិតបុរាណពោលតគ្នាថា «ក្រោយពេលភ្លៀង មេឃស្រឡះ»។ ចំពោះសិល្បៈដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីគឺតែងផ្តល់នូវកាដូពិសេសៗជូនប្រជាពលរដ្ឋជានិច្ចគឺ «ក្រោយរំដោះអាយុជីវិតប្រជាពលរដ្ឋពីរបបខ្មែរក្រហម គឺផ្តល់ជូននូវសិទ្ធិរស់រៀនមានជីវិត» «ក្រោយសង្គ្រាម ផ្តល់ជូននូវការអភិវឌ្ឍន៍» និង «ក្រោយខូវីត-១៩ ផ្តល់ជូនតំណក់ប្រេងកាតពីបាតសមុទ្រ»។
លោកចាត់ទុកថា ទាំងអស់នេះមិនមានបរទេសណាផ្តល់ឲ្យប្រជាពលរដ្ឋខ្មែរទេ មានតែប្រមុខដឹកនាំរាជរដ្ឋាភិបាល គឺសម្តេច ហ៊ុន សែន មគុទ្ទេសក៍សន្តិភាពនៃកម្ពុជា តែម្នាក់គត់ ជាអ្នកផ្តល់ជូនប្រជាពលរដ្ឋខ្មែរ ជារៀងរហូតមក៕