(ព្រះវិហារ)៖ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានថ្លែងថា ជាង១ឆ្នាំកន្លះ នៃការចូលកាន់តំណែងជាអភិបាលខេត្តព្រះវិហារ លោកបានដឹង បានលឺ បានឃើញ បានស្គាល់ និងបានយល់ច្រើនពីមន្ត្រីណាដែលមានស្នាដៃនិងមន្ត្រីណាដែលមានបញ្ហា លោកថា «បើខ្ញុំវះកាត់ គឺវះកាត់មិនឲ្យខុសទេ»។
ថ្លែងក្នុងពិធីចែកអំណោយជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតចំនួន៥០គ្រួសារ នៅភូមិថ្កែង ឃុំរហ័ស ស្រុករវៀង ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០នេះ អភិបាលខេត្តព្រះវិហារ បានផ្តាំផ្ញើដល់មន្ត្រី សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវគោរពអនុវត្តអភិក្រមទាំង៥គឺឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាលនិងវះកាត់ឲ្យបានត្រឹមត្រូវ។ បើដំណាក់កាលព្យាបាលមិនជាទេ គឺខ្ញុំធ្វើការវះកាត់ហើយ នេះនិយាយគ្នាឲ្យច្បាស់នៅកន្លែងនេះ។
លោក ប្រាក់ សុវណ្ណ បានថ្លែងយ៉ាងដូច្នេះទៀតថា «ខ្ញុំមកកាន់តំណែងជាអភិបាលខេត្តព្រះវិហារ បានរយៈពេលជាងមួយឆ្នាំកន្លះហើយ ខ្ញុំបានដឹង បានលឺ បានឃើញ បានស្គាល់ និងបានយល់ ពីមន្ត្រីណាមានស្នាដៃ និងមន្ត្រីណាដែលមានបញ្ហា ដូច្នេះបើខ្ញុំធ្វើការវះកាត់ គឺវះកាត់មិនអោយខុសទេ»។
ជុំវិញការថ្លែងលើកឡើងរបស់លោកអភិបាលខេត្តព្រះវិហារបែបនេះ គេធ្វើការសន្និដ្ឋានថា លោកពិបាកទ្រាំនឹងឈរមើលនូវសកម្មភាពរបស់មន្ត្រីនិងសមត្ថកិច្ចមួយចំនួនមិនបាន និយាយរួមសកម្មភាពរបស់មន្ត្រី និងសមត្ថកិច្ចមួយចំនួននោះ គឺលោកទទួលយកអត់បានទេ ដូច្នេះបើមិនគោរពអនុវត្តន៍អភិក្រមទាំង៥ចំណុចនេះទេ លោកនឹងឈានដល់ការធ្វើការវះកាត់ហើយ។
ជាមួយគ្នានេះ អភិបាលខេត្តព្រះវិហារ បានណែនាំដល់សមត្ថកិច្ចត្រូវពង្រឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក ក៏ដូចជា ទប់ស្កាត់បទល្មើសនានាឲ្យមានប្រសិទ្ធិភាពដូចជាបទល្មើសជីករករ៉ែដោយខុសច្បាប់ បទល្មើសព្រៃឈើ បទល្មើសជួញដូរសត្វព្រៃ បទល្មើសគ្រឿងញៀន បទល្មើសល្បែងស៊ីសង ដើម្បីរួមគ្នាអនុវត្តន៍គោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពទាំង៩ចំណុចឲ្យមានប្រសិទ្ធភភាព។
លោកថែមទាំងសង្កត់ធ្ងន់ថា ចំណុចជីអោកដែលមានព្រំប្រទល់ជាប់ខេត្តកំពង់ធំ ដែលជារឿយៗឃើញកាសែតចុះផ្សាយអំពីការដឹកជញ្ជូនឈើដោយខុសច្បាប់តាមច្រកមួយនេះ តែមិនឮថាចាប់បាននៅច្រកមួយនេះសោះ ដូច្នេះសូមមើលចំណុចនេះផង តើដាក់កម្លាំងនៅចំណុចនេះមានប្រសិទ្ធិភាពកម្រិតណា?។
សូមបញ្ជាក់ថា ការដឹកជញ្ជូនឈើ តាមផ្លូវជាតិលេខ៦២ឆ្ពោះទៅខេត្តកំពង់ធំ ហាក់មានការកក្រើកឡើងវិញហើយ ដែលក្រុមឈ្មួញធ្វើសកម្មភាពទាំងថ្ងៃទាំងយប់ តាមរថយន្តសាំយ៉ុង តាមគោយន្តកន្ត្រៃយ៍ជាដើម ហើយក្រុមឈ្មួញទាំងនេះត្រូវ បានគេរាយការណ៍មកថា មានឈ្មោះចែផល្លា បញ្ញា សិត ធី ខ្មៅ សុខ និងឈ្មោះ ហ៊ីង ដែលសកម្មក្នុងការដឹកជញ្ជូនឈើតាមគោយន្តកន្ត្រៃ៍ចំនួន៣គ្រឿង។
គេបានដាក់ការសង្សយ័ថា បើសិនជំនាញរដ្ឋបាលព្រៃឈើតាមផ្នែក និងសង្កាត់នៅស្រុកឆែប ស្រុកជយ័សែននិងស្រុករវៀងមិនបើកភ្លើងខៀវទេ ក្រុមឈ្មួញក៏មិនហ៊ានដឹកដែរ? តាមព័ត៌មានខ្លះនិយាយថា គ្រាន់តែរថយន្តសាំយ៉ុងមួយគ្រឿង ចូលលើកឈើនៅស្រុកឆែប បើមិនបង់ប្រាក់១០០ដុល្លារ ឲ្យនាយផ្នែកឈ្មោះ សេង លាង ទេកុំសង្ឃឹមថា បានដឹកចេញឲ្យសោះ? ជុំវិញការចោទប្រកាន់នេះលោកនាយផ្នែកបានថ្លែងប្រាប់ថា មិនមានករណីនេះទេ ហើយការនិយាយចោទនេះគឺ លោកមិនអាចទទួលយកបានទេ៕