(ភ្នំពេញ)៖ លទ្ធផលនៃការត្រួតពិនិត្យ អ្នកបើកបរក្រោមឥទ្ធិពល នៃគ្រឿងស្រវឹង នៅយប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦បានឲ្យដឹងថា មានអ្នកបើកបរស្រវឹងចំនួន៨នាក់ ត្រូវបានកម្លាំងនគរបាលចរាចរណ៍ ធ្វើការឃាត់ខ្លួន បន្ទាប់ពីត្រួតពិនិត្យឃើញថា ពួកគេបើកក្នុងស្ថានភាពស្រវឹងធ្ងន់ធរ មិនអាចពិន័យ ឬអប់រំបាន។
របាយការណ៍លទ្ធផលដដែល បានបញ្ជាក់ទៀតថា នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦ យានយន្តដែលត្រូវបានធ្វើការ ត្រួតពិនិត្យមានចំនួន១,២២៨គ្រឿង (ម៉ូតូចំនួន៧៦៤គ្រឿង និងរថយន្ត៤៦៤គ្រឿង) យានយន្តដែលបានចេញ ប័ណ្ណពិន័យបទល្មើសចំនួន៤០៩គ្រឿង (ម៉ូតូ២៨៣គ្រឿ និងរថយន្ត២២៦គ្រឿង) អប់រំអ្នកបើកបរដែល មានអត្រាជាតិស្រវឹងក្រោម ០.២៥ ចំនួន៤១នាក់ (ម៉ូតូចំនួន២៦នាក់ និងរថយន្តចំនួន១៥នាក់) ពិន័យអ្នកបើកបរដែលមាន អត្រាជាតិស្រវឹងចាប់ពី០.២៥ ដល់០.៣៩ មីលីក្រាមចំនួន៧នាក់ (ម៉ូតូចំនួន៣នាក់ និងរថយន្តចំនួន៤នាក់)
ជាមួយគ្នានេះ កម្លាំងសមត្ថកិច្ចបានឃាត់ អ្នកបើកបរស្រវឹងចំនួន៨នាក់ ក្នុងនោះអ្នកបើកម៉ូតូចំនួន៦នាក់ អត្រាជាតិអាល់កុលពី០.៥៧ ដល់១.២២ MgL/ខ្យល់ និងអ្នកបើកបររថយន្ត២នាក់ អត្រាជាតិអាល់កុល ០.៥៥ ដល់ ០.៦៦ MgL/ខ្យល់។
សូមបញ្ជាក់ថា លទ្ធផលត្រួតពិនិត្យរយៈពេល២០លើក បានឃាត់អ្នកបើកបរយានយន្តចំនួន១៧០នាក់ អ្នកបើកបររថយន្តចំនួន៤៣នាក់ (ស្រីម្នាក់) និងអ្នកបើកបរម៉ូតូចំនួន១២៧នាក់៕