(ភ្នំពេញ)៖ ខ្ញុំបាទសាស្ត្រាចារ្យ ស៊ា ហួង ប្រធានសមាគមគ្រូពេទ្យកម្ពុជា រួមទាំងសមាជិក សមាជិកាទាំងអស់ មានសេចក្តីសោមនស្សរីករាយក្រៃលែង សូមអបអរសាទរ និងសូមជូនពរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះសមិទ្ធផលជាប្រវត្តិសាស្ត្រនៃការទទួលបានតំណក់ប្រេងដំបូង ដែលជាពរជ័យសម្រាប់ប្រជាជាតិនិងប្រជាជនកម្ពុជា ។
ព្រឹត្តិការណ៍នេះ ជាសក្ខីភាពថ្មីមួយទៀតបញ្ជាក់ពីភាពជោគជ័យនៃនយោបាយ ឈ្នះឈ្នះ ដែល សម្តេចតេជោ បានខិតខំអស់ពីកំលាំងកាយចិត្តក្នុងការបំពេញភារកិច្ចជាបិតាស្ថាបនិក ជាអគ្គមគ្គុទេសក៏ និងជាប្រតិបត្តិករ។ ក្រោមម្លប់ដ៏ត្រជាក់ត្រជុំនៃ «សន្តិភាព» ផលដែលកើតចេញពីតំណក់ប្រេងទាំងនោះ នឹងត្រូវបានប្រើប្រាស់ជាអាទិភាព ប្រកបដោយប្រសិទ្ធិភាព និងស័ក្តិសិទ្ធភាពក្នុងការអភិវឌ្ឍន៍វិស័យអប់រំ និងសុខាភិបាល ដែលបានបង្ហាញកាន់តែច្បាស់នូវចក្ខុវិស័យវែងឆ្ងាយ និងច្បាស់លាស់របស់ សម្តេចតេជោ ក្នុងការសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០។
យើងខ្ញុំទាំងអស់គ្នា ពិតជាមានមោទនភាពជាទីបំផុត និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមជួយប្រសិទ្ធពរជ័យបវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូន សម្តេចតេជោ នាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារជាទីស្រលាញ់ សូមបានសមប្រកបនូវសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ដើម្បីបន្តដឹកនាំ និងអភិវឌ្ឍមាតុភូមិកម្ពុជា ក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តមបម្រើជាតិ និងប្រជាជន ឲ្យកាន់តែរីកចម្រើនឈានឆ្ពោះទៅរកភាព សំបូរសប្បាយ ជានិច្ចនិរន្តរ៍៕