(ស្វាយរៀង)៖ លោក នួន លីហួន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង បានកោតសរសើរ និងលើកទឹកចិត្តដល់មន្ត្រីរាជការមន្ត្រីជាប់កិច្ចសន្យាទាំងអស់ដែលបានខិតខំបម្រើការងារបានយ៉ាងសកម្ម ក្នុងឆ្នាំ២០២០កន្លងមកនេះ នឹងត្រូវខិតខំប្រឹងប្រែងអនុវត្តន៍ការងារជំនាញឱ្យបានកាន់តែល្អរីកចម្រើនបន្ថែមទៀត។
ការជំរុញបែបនេះរបស់ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង បានធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ ឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១បន្ត នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ដែលមានការចូលរួមពី លោកអនុប្រធានមន្ទីរ និងលោកប្រធានការិយាល័យទាំង៩។
ជាមួយគ្នានេះដែរ លោក នួន លីហួន បានបន្ថែមថា ផ្ដើមចេញពីលទ្ធផលសម្រេចបានខាងលើថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង ត្រូវមានការសាមគ្គីផ្ទៃក្នុង និងសហការគ្នាយ៉ាងសកម្ម ដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ផ្លូវថ្នល់ ស្ពាន លូ និងស្តារឡើងវិញនូវប្រព័ន្ធដឹកជញ្ជូនផ្លូវទឹក កំពង់ផែឱ្យក្លាយជាបណ្តាញគមនាគមន៍ដឹកជញ្ជូន ដែលងាយស្រួលមានសុវត្ថិភាព និងសមត្ថភាព អាចដឹកជញ្ជូនបានឆាប់រហ័ស ដោយតម្លៃទាប ដែលតភ្ជាប់ពីទីប្រជុំជនទៅជនបទ និងផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល និងគណនេយ្យភាពគួរជាទីមោទនៈ។
ប្រធានមន្ទីរក៏បានផ្ដាំផ្ញើដល់មន្ត្រីរាជការ មន្រ្តីជាប់កិច្ចសន្យាទាំងអស់ឱ្យបន្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល រក្សាអនាម័យលាងដៃឱ្យបានញឹកញាប់ ត្រូវពាក់ម៉ាស និងរក្សារគម្លាតពីគ្នា ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ព្រមទាំងគោរពច្បាប់ចរាចរណ៍ផ្លូវគោក ឱ្យបានខ្ជាប់ខ្ជួន ដើម្បីផ្ដល់ភាពជាគំរូដល់ប្រជាពលរដ្ឋជាដើម៕