(កំពង់ស្ពឺ)៖ លោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០នេះ បានដឹកនាំគណៈប្រតិភូ ជួបសំណេះសំណាលសួរសុខទុក្ខ និងនាំអំណោយប្រគល់ជូនដល់នាយនាវី នាយនាវីរង និងពលនាវិក នៅបញ្ជាការដ្ឋានការពារកោះឆ្នេរ ស្ថិតនៅក្នុងឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ថ្លែងនៅក្នុងឱកាសនោះផងដែរ លោក វ៉ី សំណាង បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមេបញ្ជាការ មេបញ្ជាការរង នាយនាវី នាយនាវីរង និងពលនាវិក នៃបញ្ហាការដ្ឋានការពារកោះឆ្នេរទាំងអស់ ដែលកន្លងមកបានខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការបំពេញភារកិច្ច ការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការចូលរួមថែរក្សាសន្តិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ សម្រេចបានលទ្ធផល និងស្នាដៃល្អប្រសើរ ជូនជាតិមាតុភូមិ។
លោកអភិបាល បានបន្តថា រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិត និងសក្តានុពល ធ្វើឱ្យប្រទេសជាតិ មានសន្តិភាព សន្តិសុខ ស្ថេរភាពសង្គម និងការអភិវឌ្ឍន៍ជាតិរីកចម្រើនលើគ្រប់វិស័យ ដោយជានិច្ចកាលសម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែរួមសុខទុក្ខជាមួយកងទ័ព គិតគូរអំពីជីវភាពរស់នៅ និងបានឧបត្ថម្ភដោះស្រាយនូវរាល់ការខ្វះខាតរបស់បងប្អូនកងកម្លាំងគ្រប់លំដាប់ថ្នាក់។
សម្ភារ និងអំណោយដែលនាំយកមកចែកជូនដល់ដល់នាយនាវី នាយនាវីរង និងពលនាវិក នៅបញ្ជាការដ្ឋានការពារកោះឆ្នេរ រួមមាន៖ អង្ករ ៥តោន, មី ១០០កេស, ត្រីខ ៥កេស, ទឹកត្រី ២០យួរ, ទឹកស៊ីអ៊ីវ ២០យួរ, អាវពោងសុវត្ថិភាពចំនួន ១០០អាវ និងភួយ ចំនួន១០០៕