(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦នេះ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើ បាននឹងកំពុងទទួលជួបពិភាក្សាស្តីពីបទអន្តរាគមន៍បង្ក្រាបបទល្មើសព្រៃឈើ នៅក្នុងតំបន់ការពារធម្មជាតិ និងព្រៃការពារ ជាមួយ លោក លោកស្រី តំណាងអង្គការអភិរក្សអន្តរជាតិចំនួន៦អង្គការ។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើដែលមាន៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាប្រធាន ឧត្តមសេនីយ៍ឯក ហ៊ូ សាគុណ អនុប្រធានព្រមទាំងសមាជិក៨រូបទៀត រួមមានរដ្ឋលេខាធិការក្រសួងបរិស្ថាន អគ្គនាយករដ្ឋបាលព្រៃឈើ និងអភិបាលខេត្តចំនួន៦ គឺខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តក្រចេះ ខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង និងខេត្តរតនគីរី។
ក្រោយបង្កើតគណ:កម្មការថ្នាក់ជាតិមួយនេះ នាយឧត្តមសេនីយ៍ សៅ សុខា បានបើកប្រតិបត្តិជាបន្តបន្ទាប់ ចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសព្រៃឈើជាច្រើនកន្លែង នៅតាមបណ្តាខេត្តជាប់ព្រំដែនប្រទេសវៀតណាម និងធ្វើការទប់ស្កាត់ជាបន្ទាន់មិនឲ្យមានការនាំចេញនោះឡើយ។