(ព្រៃវែង)៖ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង និងលោក ថោង វរលក្ខណ៍ អ្នកតំណាងរាស្ត្រមណ្ឌលព្រៃវែង រួមនឹងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពាមរក៍ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០នេះ បានចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រី បន្តចែកជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន ២០០គ្រួសារ នៅភូមិពាមកោះ ឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង។
ថ្លែងនៅក្នុងឱកាសនោះដែរ លោក ជា សុមេធី បានពាំនាំនូវសេចក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលជានិច្ចកាលសម្ដេចតែងតែគិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ គ្រប់កាលៈទេសៈ ដោយមិនប្រកាន់ពូជសាសន៍ពណ៌សម្បុរ និងនិន្នាការនយោបាយអ្វីឡើយ ដោយតែងតែគិតគូរជានិច្ចចំពោះប្រជាពលរដ្ឋដែលជួបការលំបាក ជាពិសេសគ្រួសារក្រីក្រមានជីវភាពបំបាក់ក្នុងបរិបទនៃជំងឺកូវីដ-១៩នេះ។
លោកអភិបាលក៏បានជំរុញដល់ប្រជាពលរដ្ឋត្រូវខិតខំចិញ្ចឹមសត្វ ដាំបន្លែនៅតាមផ្ទះ ឱ្យបានច្រើនដែលជាផ្នែកមួយជួយកាត់បន្ថយ នៅប្រាក់ចំណូលនៅក្នុងក្រុមគ្រួសាររបស់ខ្លួនបានមួយកម្រិតផងដែ។
លោក ជា សុមេធី ក៏សំណូមពរដល់ប្រជាពលរដ្ឋត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោក ឱ្យបានល្អដើម្បីបញ្ចៀស និងបង្ការគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវទីសាធារណៈរាល់ពេលធ្វើដំណើរ ហើយសូមអាជ្ញាធរ ភូមិ ឃុំ ស្រុក ទាំងអស់ត្រូវបន្តអនុវត្តចុះផ្សព្វផ្សាយអប់រំណែនាំដល់ប្រជាពលរដ្ឋអនុវត្តតាមវិធានការពារជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានជាប់ជានិច្ចដើម្បីបង្ការទប់ស្កាត់ក្នុងការរីករាយដាលនៅក្នុងសហគមន៍។
អំណោយរបស់សម្ដេចក្រឡាហោម ស ខេង ដែលត្រូវយកមកចែកជូនដល់ប្រជាពលរដ្ឋទាំង ២០០គ្រួសារ រួមមានក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម, ក្រម៉ា ១, សាប៊ូ១ដុំ, និងថវិកាមួយចំនួនផងដែរ៕