(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានឧត្ដមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានលើកឡើងថា តំណក់ប្រេងដំបូងរបស់កម្ពុជា ជាព្រឹត្ដិការណ៍ប្រវិត្ដសាស្ដ្រថ្មី ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និងឈ្លាសវៃ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
នេះបើតាមលិខិតគោរពជូន សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសដែលកម្ពុជា ទទួលបានតំណក់ប្រេងដំបូង នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ដែលគាប់ជួន ជាមួយថ្ងៃខួបកំណើតលើកទី២២ នៃការបញ្ចប់សង្គ្រាមនាំមកនូវការឯកភាពជាតិ ឯកភាពទឹកដី តាមរយៈនយោបាយ ឈ្នះ ឈ្នះ។
ក្នុងលិខិតដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០នេះ បានសរសេរយ៉ាងដូច្នេះថា «ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ យើងខ្ញុំសូមសំដែងនូវការ អបអរសាទរដ៏មហាឧត្តុង្គឧត្តម ជាមួយនឹងសេចក្តី រីករាយយ៉ាក្រៃលែង ក្នុងឱកាសដែលកម្ពុជា ទទួលបានតំណក់ប្រេងដំបូង នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ដែលគាប់ជួនជាមួយថ្ងៃ ខួបកំណើតលើកទី២២ នៃការបញ្ចប់ សង្គ្រាមនាំមកនូវការឯកភាពជាតិ ឯកភាពទឹកដី តាមរយៈនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។
ព្រឹត្តិការណ៍ថ្មី ជាប្រវត្តិសាស្ត្រនេះ ក៏ជាការឆ្លុះបញ្ចាំងយ៉ាងប្រត្យក្សបន្ថែមទៀត អំពីជោគជ័យនៃការបញ្ចប់សង្គ្រាមផ្ទៃក្នុងរបស់កម្ពុជា ដោយមិនមានការបង្ហូរឈាម និងលះបង់អាយុជីវិតប្រជាជនណាម្នាក់ នៃនយោបាយ ឈ្នះ ឈ្នះ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និងឈ្លាសវៃ ប្រកបដោយភាពប្រាកដនិយម, ចក្ខុវិស័យវែងឆ្ងាយ និងមនសិការស្រឡាញ់សន្តិភាព របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានប្រែក្លាយប្រទេសកម្ពុជា ឲ្យទៅជាប្រទេសមានសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ សេដ្ឋកិច្ចនិងសង្គម នឹងការអភិវឌ្ឍឥតឈប់ឈរ»។
គូសបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសអំពីដំណឹងដ៏រីករាយ និងជាមោទនភាពសម្រាប់ប្រជាជនកម្ពុជា ពីការចាប់ផ្តើមទទួលដំណក់ប្រេងលើកដំបូង បន្ទាប់ពីរង់ចាំអស់រយៈពេលជាច្រើនឆ្នាំ។
រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកថា ដំណក់ប្រេងជាលើកដំបូង ក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា គឺជាពរជ័យសម្រាប់ប្រជាជន និងប្រទេសជាតិ របស់កម្ពុជាទាំងមូល។
សមិទ្ធផលសន្តិភាព កើតចេញពីនយោបាយឈ្នះឈ្នះ បាននាំមកនូវសមិទ្ធផលថ្មី គឺដំណក់ប្រេងជាលើកដំបូង ក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជានេះ។ ចំណូលថវិកា បានពីការលក់ប្រេងរបស់កម្ពុជា នឹងយកទៅប្រើប្រាស់ក្នុងវិស័យអាទិភាព២ គឺវិស័យអប់រំ និងវិស័យសុខាភិបាល ដែលជាវិស័យសំខាន់សម្រាប់កម្ពុជា៕