(បន្ទាយមានជ័យ)៖ ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធការងារ ប្រចាំឆ្នាំ២០២០ និងទិសដៅបន្តរបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ លោក អ៊ុំ រាត្រី អភិបាលខេត្ត បានដាក់ចេញវិធានការណែនាំដល់មន្ទីរ ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធត្រូវខិតខំបង្ក្រាបរាល់បទល្មើសជីក គាស់ កកាយទីទួល ឬផ្នូរបុរាណដែលមានឱ្យបាន និងត្រូវផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីឱ្យពួកគាត់មានការចូលរួមសហការ និងថែរក្សាកេរ្តិ៍តំណែលដែលមានតាំងពីដូនតា បានបន្សល់ទុកកុំឱ្យមានការបាត់បង់។
បើតាមលោក យង់ តាំងកូយ ប្រធានមន្ទីរវប្បធម៌ បានថ្លែងថា ខេត្តបន្ទាយមានជ័យ សម្បូរទៅដោយសម្បត្តិបេតិកភណ្ឌវប្បធម៌ រូបី និងអរូបី ដែលជាកេរតំណែលបុព្វបុរសខ្មែរបានបន្សល់ទុក។ គុណតម្លៃដ៏វិសេសវិសាលនៃសម្បត្តិវប្បធម៌នេះ យើងទាំងអស់គ្នាមានកាតព្វកិច្ចថែរក្សា ការពារឱ្យបានគង់វង្សជានិរន្តរ៍ ដោយឈរលើគោលនយោបាយ «អភិរក្ស និងអភិវឌ្ឍន៍ វប្បធម៌ជាតិ»។
ក្នុងនោះប្រធានមន្ទីរវប្បធម៌រូបនេះ ក៏បានបញ្ជាក់ថា កន្លងទៅមន្ទីរមានផលលំបាកក្នុងការចុះកំណត់តំបន់ទួល ឬផ្នូរបុរាណ ពេលខ្លះប៉ះពាល់ដីពលរដ្ឋ ដែលបានអាស្រ័យផល ឬដីទិញលក់នៅតំបន់នោះ ដែលនេះជាផលលំបាកក្នុងការដោះស្រាយ ខ្លះមានការអាងមានខ្នងបង្អែកធំ មិនចូលរួមសហការដោយបានជីក កកាយដេីម្បីយកដីអាស្រ័យផល ជាប្រយោជន៍ផ្ទាល់ខ្លួនប៉ះដល់ទួល ឬផ្នូរបុរាណជាដេីម ហេីយក៏មានបងប្អូនពលរដ្ឋមួយចំនួនមានការចូលរួមសហការបានយ៉ាងផុសផុលល្អប្រសេីរ។
លោក យង់ តាំងកូយ បានបន្ថែមថា ក្នុងនោះដែរក្រុមការងារមន្ទីរវប្បធម៌ បានចុះកំណត់ព្រំដីតំបន់ការពារងារវប្បធម៌ និងទទួលបានប្លង់កម្មសិទ្ធិស្រប់ច្បាប់ផងដែរ។ ជាមួយការចុះល្បាតបង្រ្កាបការលួចជីកផ្នូរបុរាណកន្លងទៅ ខាងមន្ទីរបានសហការជាមួយអាជ្ញាធរ សមត្ថកិច្ច ចុះបង្ក្រាបជាប្រចាំ តែជនល្មេីសហាក់ដូចដឹងមុនដោយបាមរត់គេចខ្លួនបន្សល់ទុកតែយាន្តជំនិះ និងឧបករណ៍សម្រាប់ប្រព្រឹត្តបទល្មេីស។
ទន្ទឹមនឹងជាមួយនោះ ដេីម្បីឱ្យយុវជនជំនាក់ក្រោយបានយល់ដឹងកាន់តែច្បាស់ពីតម្លៃនៃសម្បតិ្តវប្បធម៌ជាត់ ដែលជាប្រភពចំណូល មិនចេះរីងស្ងួត ក្នុងការបង្កេីតការងារ ដេីម្បីទាញយកប្រាក់ចំណូល ប្រកបដោយប្រសិទ្ធុភាព ពីធនធានទាំងនោះ លោក អ៊ុំ រាត្រី ក៏បានផ្តល់អនុសាសន៍មួយចំនួនដូចខាងក្រោម៖
* ត្រូវចូលរួមថែមទៀត ក្នុងការថែរក្សា ការពារសម្បត្តិវប្បធម៌ជាតិកាន់តែស្រឡាញ់ និងឱ្យមានស្មារតីទទួលខុសត្រូវ។
* ចេះប្រេីប្រាស់សក្តានុពលវប្បធម៌ធ្វេីជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍសង្គម តាមរយៈការបង្កេីតសេវាកម្ម និងផលិតផលវប្បធម៌ សម្រាប់គោលដៅពាណិជ្ជកម្ម និងទេសចរណ៍។
* បន្តសហការទប់ស្កាត់បទល្មេីសបេតិកភណ្ឌ ជាមួយអាជ្ញាធរមូលដ្ឋានឱ្យកាន់តែប្រសេីរថែមទៀត។
* ចូលរួមយ៉ាងសកម្មក្នុងការសិក្សាស្រាវជ្រាវ និងចងក្រងរក្សាទុកឱ្យបានគង់វង្សនូវសម្បត្តិបេតិកភណ្ឌ វប្បធម៌រូបី និងអរូបីគ្រប់ប្រភេទ ដែលមានក្នុងមូលដ្ឋានដែនដីក្នុងខេត្ត។
* លេីកស្ទួយសីលធម៌សង្គមឱ្យទទួលបាននូវវឌ្ឍនៈ ភាពប្រកបដោយនិរន្តរភាព ដេីម្បីសុខដុមភាពសង្គម។
ដោយបច្ចុប្បន្ន មានជនខិលខូចមួយចំនួន កំពុងបំផ្លិតបំផ្លាញសម្បត្តិវប្បធម៌ ដែលមាននៅក្នុងតាមមូលដ្ឋាន កំពុងធ្វេីសកម្មភាពលួចជីក ផ្នូរបុរាណនៅទីតាំងមួយចំនួន បានធ្វេីឱ្យព្រលឹងដូនតា ព្រលឹងជាតិខ្លួនមានការឈឺចាប់ ខ្លោចផ្សាយ៉ាខ្លាំងក៏ដូចជាការតបស្នងសងគុណដល់បុព្វបុរសនោះ លោកអភិបាលខេត្តបានក៏ដាក់ចេញវិធានការចំនួន ៤រួមមានទី១៖ សូមឱ្យមន្ទីរវប្បធម៌ បន្តសហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវទប់ស្កាត់ឱ្យបាននៅរាល់ការលួចជីកបំផ្លិតបំផ្លាញស្ថានីយ៍បុរាណនៅគ្រប់ក្រុង-ស្រុក, ទី២៖ បន្តស្រាវជ្រាវរកជនដែលប្រព្រឹត្តបទល្មេីស ជនជួញដូរវត្ថុបុរាណ យកមកអនុវត្តាមនីតិវិធីច្បាប់, ទី៣៖ បន្តថែរក្សា ការពារអភិរក្ស អភិវឌ្ឍន៍ នៅទីតាំងបេតិកភណ្ឌដែលមាន និងទី៤៖ រាយការណ៍ជាប្រចាំរាល់បទល្មេីសកេីតឡេីង ជូនរដ្ឋបាលខេត្តដេីម្បីមានវិធានការអនុវត្តតាមនីតិវិធីច្បាប់៕