(ប៉ៃលិន)៖ លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានទទូចឲ្យប្រជាពលរដ្ឋ និងមន្រ្តីរាជការទាំងអស់ កុំមានអារម្មណ៍មួយភិតភ័យ ឬខ្លាចក្រែងរអែងចិត្តអ្វីនោះឡើយ ពោលគឺខិតខំប្រឹងប្រែងធ្វើការ តាមតួនាទីភារកិច្ចរបស់ខ្លួនឱ្យបានល្អប្រសើរ ទាន់ពេលវេលា និងសូមបើកចិត្តទូលាយ កុំរើសអើង ឬប្រកាន់បក្ខពួក។
ការលើកឡើងបែបនេះរបស់លោកស្រីបណ្ឌិត បាន ស្រីមុំ បានធ្វើឡើងនាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ នៅក្នុងឱកាសដែលលោកស្រី បានចុះជួបសំណេះសំណាលជាមួយមន្ត្រីរាជការ នៅគ្រប់ការិយាល័យទាំងអស់ ស្ថិតនៅក្នុងសាលប្រជុំសាលាខេត្តប៉ៃលិន។
ថ្លែងក្នុងពេលផ្តើមកម្មវិធី លោកស្រី បាន ស្រីមុំ បានចាត់ឱ្យឱ្យប្រធានការិយាល័យទាំងអស់ឡើងធ្វើជារបាយការណ៍ វឌ្ឍនភាពការងារ ដែលបានអនុវត្តន៍កាលពីកន្លងមក ដើម្បីមានភាពជាក់ច្បាស់ទាំងអស់គ្នា។
លោកស្រីអភិបាលខេត្ត បានថ្លែងយ៉ាងដូច្នេះថា៖ «នៅក្នុងអាណត្តិដែលលោកស្រីចូលមកកាន់តំណែងជាអភិបាលខេត្តថ្មីនេះ សូមឱ្យប្រជាពលរដ្ឋ និងមន្រ្តីរាជការទាំងអស់ កុំមានអារម្មណ៍មួយភិតភ័យ ឬខ្លាចក្រែងរអែងចិត្តអ្វីនោះឡើយ ពោលគឺខិតខំប្រឹងប្រែងធ្វើការតាមតួនាទីភារកិច្ចរបស់ខ្លួនឱ្យបានល្អប្រសើរ និងទាន់ពេលវេលា។
ម្យ៉ាងវិញទៀត សូមឱ្យមានស្នាមញញឹម និងបើកចិត្តទូលាយ កុំរើសអើង ឬប្រកាន់បក្សពួក ធ្វើយ៉ាងណា ត្រូវគោរពពេលវេលា គឺម៉ោងធ្វើការឱ្យបានទៀងទាត់។ លើសពីនេះ ត្រូវបន្តខិតខំប្រឹងប្រែងបំពេញភារកិច្ច ការងាររៀងៗខ្លួនប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ ដោយគោរពទៅតាមលិខិតបទដ្ឋានគតិយុត្តិនានា របស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ។
ជាមួយគ្នានេះដែរ លោកស្រី បាន ស្រីមុំ ក៏បានជំរុញ និងលើកទឹកចិត្តដល់មន្រ្តីរាជការនៅក្រោមឱវាទទាំងអស់ ឱ្យចេះស្រឡាញ់ និងសាមគ្គីផ្ទៃក្នុងរវាងគ្នា និងគ្នា ត្រូវចេះជួយគ្នាទៅវិញទៅមក ដោយមិនប្រចាំគ្នានោះឡើយ។
ចំណែកមន្រ្តីរាជការដែលចូលរួមប្រជុំក្រោមអធិបតីលោកស្រី បាន ស្រីមុំ ដែលទើបនឹងឡើងកាន់តំណែងថ្មីៗ បានយកចិត្តទុកដាក់ស្តាប់នូវប្រសាសន៍របស់លោកស្រីដោយយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងយកខ្លឹមសារទៅអនុវត្តឱ្យបានល្អប្រសើរ ដើម្បីបន្តអភិវឌ្ឍខេត្តប៉ៃលិន ឱ្យមានការរីកច្រើនជឿនលឿនទៅមុខ ហើយមន្រ្តីម្នាក់ៗនៅតាមមន្ទីរនីមួយៗ ខិតខំបង្ហើយការងាររបស់ខ្លួន ដែលនៅសេសសល់ ឱ្យបានរួចរាល់ និងទាន់ពេលវេលា៕